១២ខែជាប់គ្នាហើយ អត្រាបាត់បង់ការងារនៅកូរ៉េខាងត្បូង បន្តកើនមិនឈប់ឈរ ដោយសារវិបត្តិកូវីដ ជាស្ថានការណ៍អាក្រក់បំផុត តាំងពីឆ្នាំ ១៩៩៩មក

កូរ៉េខាងត្បូង៖ ទិន្នន័យបង្ហាញនៅថ្ងៃពុធនេះបានឱ្យឃើញថា អត្រាបាត់បង់ការងារបន្តកើនឡើងរយៈពេល ១២ខែជាប់គ្នាហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយសារតែផលប៉ះពាល់ពីបញ្ហាកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ទិន្នន័យរបស់ស្ថាប័នស្ថិតិកូរ៉េ បង្ហាញថាចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកូរ៉េមានត្រឹម ២៦.៣ លាននាក់ ដោយក្នុងនោះថយចុះដល់ទៅ ៤៧៣,០០០ ប្រៀបទៅនឹងចំនួនការងារក្នុងខែកុម្ភៈ កាលពីឆ្នាំ២០២០។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ប្រទេសកូរ៉េខាងត្បូងមានអត្រាបាត់បង់ការងារកើនឡើងច្រើនជាប់គ្នារយៈពេល១២ខែហើយ ជាការធ្លាក់ចុះជាប់ៗគ្នាយូរបំផុតក្នុងប្រវត្តិសាស្រ្តកូរ៉េ ចាប់តាំងពីខែមេសា ឆ្នាំ១៩៩៩មក ដែលកាលនោះអត្រាបាត់បង់ការងារបន្តដល់រយៈពេល១៦ខែ​ឯណោះ។

ទិន្នន័យដដែលបង្ហាញថាចំនួននៃការបាត់បង់ការងារនេះសម្រាប់ខែកុម្ភៈ ២០២១ មានភាពប្រសើរជាងខែមករា ២០២១ កន្លងទៅដែលកាលនោះចំនួនបាត់បង់ការងារកើនដល់ ៩៨២,០០០ កន្លែងឯណោះ ជាចំនួនបាត់បង់ការងារខ្ពស់ជាងគេក្នុងរយៈពេល ២២ ឆ្នាំចុងក្រោយផងដែរ។

អត្រាអ្នកបាត់បង់ការងារ និងអ្នកគ្មានការងារធ្វើប្រៀបធៀបទៅនឹង ខែកុម្ភៈ ឆ្នាំ២០២០ មុនពេលវិបត្តិកូវីដ

បើទោះបីជាថ្មីៗនេះ រដ្ឋាភិបាលកូរ៉េបានបន្តដាក់ចេញវិធានការគម្លាតសង្គមបន្ធូរបន្ថយជាងមុន និងអនុញ្ញាតឱ្យអាជីវកម្មច្រើនប្រភេទអាចបើកដំណើរការវិញក៏ដោយ តែបញ្ហានៅតែមិនទាន់ដោះស្រាយបានទាំងស្រុងនោះទេ ដោយសារទីផ្សារការងារ និងវិស័យសេវាកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងហាក់បន្តមានភាពស្ងប់ស្ងាត់ មិនទាន់ងើបឡើងវិញដូចប្រក្រតីមុនពេលមានកូវីដនោះទេ។

យ៉ាងណាមិញ ជាមួយនឹងការបន្តគ្រប់គ្រងស្ថានការណ៍កូវីដនៅក្នុងកម្រិតរង្វង់ប្រហែល ៤០០ ទៅ៥០០ ស្របពេលដែលវ៉ាក់សាំងកូវីដកំពុងបន្តផ្តល់ជូនជាបណ្តើរៗនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញសុទិដ្ឋិនិយមថា អត្រាបាត់បង់ការងារអាចនឹងថយចុះជាងមុនក្នុងខែមីនានេះ ហើយទីផ្សារការងារនឹងអាចមានភាពប្រសើរផងដែរ។

គិតត្រឹមខែមុននេះ ចំនួនអ្នកមិនមានការងារធ្វើសរុប កើនដល់១.៣៥លាននាក់ ហើយអត្រាបាត់បង់ការងារភាគច្រើនគឺក្នុងចំណោមក្រុមអាយុវ័យក្មេង ចន្លោះពី១៥ ទៅ២៩ឆ្នាំ។ ក្នុងនោះដែរ វិស័យដែលរងការប៉ះពាល់ខ្លាំងជាងគេគឺវិស័យសេវាកម្ម ខណៈវិស័យផលិតកម្មដែលជាវិស័យឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកូរ៉េ ក៏ប្រឈមនូវវិបត្តិនេះផងដែរ តែសម្រាប់ការងារក្នុងវិស័យសាធារណៈ និងវិស័យសុខុមាលភាពសង្គមដូចជាវិស័យធានារ៉ាប់រងជាដើមនោះ ហាក់មានការកើនឡើងទៅវិញ។

ក្នុងនោះបើប្រៀបធៀបរវាងអ្នកដែលធ្វើការងារលក្ខណៈបណ្តោះអាសន្ន និងអ្នកធ្វើការងារលក្ខណៈអចិន្ត្រៃយ៍ គេឃើញថា អ្នកដែលប៉ះពាល់ខ្លាំងក្នុងអំឡុងពេលនៃស្ថានការណ៍កូវីដនេះគឺ អ្នកដែលធ្វើការងារលក្ខណៈបណ្តោះអាសន្ន ដែលគិតមកដល់ពេលនេះ ប្រៀបធៀបទៅនឹងខែកុម្ភៈឆ្នាំមុន គឺបាត់បង់ការងារដល់ទៅ ៣១៧,០០០ កន្លែង រី​ឯអ្នកធ្វើការងារលក្ខណៈអចិន្ត្រៃយ៍ សម្រាប់រយៈពេលដូចគ្នាកើនឡើងវិញដល់ទៅ ៨២,០០០ កន្លែងឯណោះ។

ប្រជាជនកូរ៉េពិនិត្យមើលការប្រកាសជ្រើសរើសការងារ នៅមជ្ឈមណ្ឌលស្វែងរកការងារមួយកន្លែងនៅសេអ៊ូល

Leave a Reply

Your email address will not be published. Required fields are marked *