កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូលបានចេញបទបញ្ជារដ្ឋបាលតម្រូវឱ្យពលករ និងអ្នកធ្វើការជាតិបរទេសទាំងអស់នៅក្នុងទីក្រុងសេអ៊ូល ធ្វើតេស្តកូវីដ -១៩ ជាវិធានការប្រហាក់ប្រហែលទៅនឹងវិធានការរដ្ឋបាលដាក់ចេញដោយខេត្តឃ្យ៉ុងគីកាលពីសប្តាហ៍មុនផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times & Yonhap News។
រដ្ឋបាលសាលាក្រុងសេអ៊ូលបានចេញសេចក្តីប្រកាសនេះនៅថ្ងៃអង្គារ ថារាល់ពលករ និងអ្នកធ្វើការជាតិបរទេស រួមទាំងថៅកែផងនឹងត្រូវទៅធ្វើតេស្តកូវីដ-១៩ ចាប់ផ្តើមអនុវត្តពីថ្ងៃពុធស្អែកនេះទៅរហូតដល់ថ្ងៃទី៣១ ខែមីនា ខាងមុខ។ វិធានការនេះដាក់ចេញដោយលេខាធិការដ្ឋានរដ្ឋាភិបាលសម្រាប់ប្រឆាំងនឹងជំងឺរាតត្បាត ស្របពេលដែលកូរ៉េខាងត្បូងបន្តរកឃើញករណីវិជ្ជមានជាចង្កោម និងសហគមន៍ឆ្លងចេញពីបណ្តាក្រុមហ៊ុនមួយចំនួនដែលមានពលករបរទេសបម្រើការ ទូទាំងប្រទេសរួមទាំងខេត្តឃ្យ៉ុងគីផងដែរ។
តាមរយៈសេចក្តីប្រកាសបានបញ្ជាក់ផងដែរថា រាល់ការពិនិត្យធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ គឺមិនគិតថ្លៃនោះទេ ហើយរដ្ឋបាលសាលាក្រុងសេអ៊ូលគ្រោងនឹងបង្កើនចំនួនមន្ត្រីសុខាភិបាលប្រចាំការនៅតាមទីតាំងតេស្តនីមួយៗ ដើម្បីអាចត្រៀមទទួលការធ្វើតេស្តយ៉ាងហោចណាស់ដល់ ៣៦០០ សំណាកក្នុងមួយថ្ងៃ។ ក្នុងនោះដែរ ថៅកែ ឬម្ចាស់ក្រុមហ៊ុនដែលមានពលករ ឬអ្នកធ្វើការជាជនបរទេសនឹងរងការផាកពិន័យ ប្រសិនបើបុគ្គលខ្លួនឯង ឬបុគ្គលិករបស់ខ្លួនជាអ្នកត្រូវទៅធ្វើតេស្តមិនអនុវត្តទៅតាមបទបញ្ជារដ្ឋបាលនេះ។

យ៉ាងណាមិញ សម្រាប់បទបញ្ជារដ្ឋបាលនេះនៅមានព័ត៌មានមួយចំនួនដែលមានទាន់គ្រប់គ្រាន់ពាក់ព័ន្ធនឹងចំនួនមនុស្សដែលត្រូវទៅធ្វើតេស្ត ឬទំហំនៃការផាកពិន័យជាដើម។ ក្នុងនោះដែរ នៅរសៀលនេះ សារព័ត៌មាន Korea Times ក៏បានរាយការណ៍ផងដែរថាមានពលករបរទេសមួយចំនួននៅក្នុងទីក្រុងសេអ៊ូល បានទទួលសារជូនដំណឹងពីអជ្ញាធរ ដែលនៅក្នុងខ្លឹមសារនៃសារនោះបានជូនដំណឹងថារាល់ពលករបរទេស “គួរ” ទៅធ្វើតេស្តកូវីដ-១៩ទៅវិញ ដែលនាំឱ្យការភ័ន្តច្រលំថាតើបទបញ្ជារដ្ឋបាលនេះគ្រាន់ជាការអំពាវនាវ ឬជាបទបញ្ជាដាច់ខាត។ ក្នុងនោះដែរ ប្រភពសារព័ត៌មានកូរ៉េបញ្ជាក់ផងដែរ ត្រឹមរសៀលថ្ងៃអង្គារនេះ មិនទាន់អាចទាក់ទងសុំព័ត៌មានបន្ថែមពីសាលាក្រុងសេអ៊ូលបាននៅឡើយនោះទេ។
សម្រាប់ព័ត៌មានបន្ថែម យើងនឹងធ្វើការរាយការណ៍បន្ថែមទៀតនៅពេលដែលមានការជូនដំណឹង និងចុះផ្សាយថ្មីជាបន្តបន្ទាប់ពីសំណាក់សារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូង។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃអង្គារនេះ អជ្ញាធរសេអ៊ូលក៏បានជូនដំណឹងថានឹងធ្វើការពិនិត្យឱ្យបានដិតដល់ចំពោះទីតាំងចំនួន ៣០ ប្រភេទ មានដូចជាសួនច្បារ ហាងលក់ទំនិញ និងផ្សារទំនើបធំៗ ចាប់ពីថ្ងៃពុធ រហូតដល់ចុងខែមីនា ដោយនឹងពិនិត្យថាទីតាំងទាំងអស់នោះបានគោរពអនុវត្តទៅតាមវិធានការអនាម័យ និងគម្លាតសង្គមដែលអជ្ញាធរបានកំណត់ឬអត់ផងដែរ។
ប្រែសម្រួលពី៖ សារព័ត៌មាន Korea Times