កូរ៉េខាងត្បូងគ្រោងស្នើកែច្បាប់ សម្រួលពលករបរទេសវីសា H-2 អាចធ្វើការក្នុងវិស័យថ្មី ដូចជាពិសេសឡូជីស្ទិក និងដឹកជញ្ជូន ដោយសារវិបត្តខ្វះកម្លាំងពលកម្ម

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំកែសម្រួលច្បាប់ជនអន្តោប្រវេសន៍របស់ខ្លួន ដើម្បីអាចសម្រួលឱ្យពលករបរទេសអាចទទួលបាន​ឱកាសការងារក្នុងឧស្សាហកម្មថ្មីមួយចំនួន ក្រោយពីថ្មីៗនេះមានការលើកឡើងជាបន្តបន្ទាប់ពីកង្វះខាតកម្លាំងពលកម្មតាមវិស័យមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានប្រកាសរៀបចំនូវវិសោធនកម្ម (ការកែប្រែ) ច្បាប់គ្រប់គ្រងលើពលករបរទេសរបស់ខ្លួនដើម្បីអាចសម្រួលអនុញ្ញាតឱ្យពលករបរទេសអាចធ្វើការក្នុង​វិស័យផ្សេងៗមួយចំនួនទៀត ដោយការកែសម្រួលថ្មីនេះអនុញ្ញាតជូនពលករបរទេសដែលស្នាក់នៅក្នុងប្រទេសកូរ៉េ កាន់វីសារប្រភេទ (H-2) ដែលជាប្រភេទវីសារដំណើរទស្សនកិច្ចការងារបណ្តោះអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រោមច្បាប់ចាស់កន្លងមកមុនការកែប្រែ ពលករបរទេសកាន់វីសារ H-2 អាចធ្វើការបានតែក្នុងប្រភេទការងារចំនួន ៣៩ មុខដែលបានកំណត់ក្នុងច្បាប់ប៉ុណ្ណោះ រួមមានវិស័យផលិតកម្ម ដែលមានបុគ្គលិកតិចជាង ៣០០នាក់ វិស័យកសិដ្ឋាន និងនេសាទជាដើម។ ដូចនេះ ប្រសិនបើការស្នើកែសម្រួលច្បាប់ថ្មីនេះត្រូវបានទទួលអនុម័តដោយរដ្ឋាភិបាល អ្នកកាន់វីសារប្រភេទ H-2 នេះអាចជ្រើសរើសបានការងារក្នុងវិស័យឡូជីស្ទិក វិស័យលក់បោះដុំផ្លែឈើ បន្លែ និងវិស័យដទៃទៀតមួយចំនួនថ្មីបន្ថែមផងដែរ។

ការរៀបចំកែសម្រួលនេះ ធ្វើឡើងក្រោយពីគណៈកម្មការរដ្ឋាភិបាលទទួលបន្ទុកការងារកម្លាំងពលករបរទេស បានបញ្ជាក់ថាមានតម្រូវការច្រើន និងកង្វះខាតលើកម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗមួយចំនួន នេះបើតាមការបញ្ជាក់បន្ថែមដោយក្រសួងយុត្តិធម៌។

ជាក់ស្តែងវិស័យដឹកជញ្ជូនទំនិញ ឥវ៉ាន់ ជាវិស័យមួយដែលបានស្នើសុំរដ្ឋាភិបាលឱ្យបណ្តាក្រុមហ៊ុន និយោជកក្នុងវិស័យនេះអាចស្នើសុំពលករបរទេសចូលបំពេញការងារ ដើម្បីបំពេញចន្លោះប្រហោងនៃកង្វះខាតកម្លាំងពលកម្មក្នុងវិស័យមួយនេះ ដែលកំពុងរីកចម្រើនខ្លាំងជាពិសេសក្នុងអំឡុងពេលបញ្ហាកូវីដនេះផង និងជាពិសេសក្នុងខណៈដែលថ្មីៗនេះមានករណីស្លាប់បាត់បង់ជីវិតរបស់អ្នកធ្វើការក្នុងវិស័យនេះដោយសារតែធ្វើការលើសកំណត់ជាបន្តបន្ទាប់ផងដែរ។

ក្រសួងយុត្តិធម៌បានបញ្ជាក់សំណើកែប្រែច្បាប់ថ្មីនេះគ្រោងនឹងត្រូវដាក់ជូនរដ្ឋាភិបាលពិនិត្យមុនថ្ងៃទី ២៦ ខែមេសាខាងមុខ ដោយត្រូវរង់ចាំរយៈពេល ៤០ថ្ងៃ ក្រោយពេលប្រកាសពីការស្នើផ្លាសប្តូរច្បាប់។

សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងបន្តជូនព័ត៌មាននាពេលក្រោយ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *