ប្រុងប្រយ័ត្នផង! ឧតុនិយមកូរ៉េប្រកាសថានឹងមានព្យុះធូលីធំមួយពីចិន បោកបក់គ្របដណ្តប់កូរ៉េខាងត្បូងថ្ងៃអង្គារនេះ អាចបន្តដល់ថ្ងៃពុធស្អែកទើបផុត

កូរ៉េខាងត្បូង៖ ព្យុះធូលីដ៏ខ្លាំងមួយមកពីភាគខាងជើងប្រទេសចិន ត្រូវបានព្យាករណ៍ថានឹងបោកបក់មកលើប្រទេសកូរ៉េខាងត្បូង ចាប់ពីព្រឹកថ្ងៃអង្គារនេះ ហើយអាចបន្តរហូតដល់ព្រឹកថ្ងៃពុធ ឬយូរជាងនេះ បើតាមការរាយការណ៍របស់ស្ថាប័នឧតុនិយមរបស់កូរ៉េខាងត្បូង ហើយចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានបញ្ជាក់ថាកូរ៉េខាងត្បូងទាំងមូលនឹងត្រូវស្ថិតក្នុងការបោកបក់មកដល់នៃព្យុះធូលីលឿងកម្រិតដ៏ខ្លាំងមួយ ដែលបោកបក់មានប្រភពមកពីភាគខាងជើងប្រទេសចិន គឺមកពីវាលខ្សាច់ហ្គូប៊ី នៃភាគកណ្តាលប្រទេសម៉ុងហ្គូលី ដែលព្យុះនេះនឹងធ្វើដំណើរបោកបក់មកភាគខាងត្បូងតាមឥទ្ធិពលខ្យល់នាំមកដល់ប្រទេសកូរ៉េខាងត្បូងទាំងមូលនៅព្រឹកថ្ងៃអង្គារនេះ។

ព្យុះធូលីដ៏ខ្លាំងនេះត្រូវបានអជ្ញាធរថានឹងចាប់ផ្តើមចុះខ្សោយឥទ្ធិពលវិញនៅថ្ងៃពុធ ប៉ុន្តែអាចនឹងបន្តប៉ះពាល់បោកបក់មកបន្តលើប្រទេសកូរ៉េខាងត្បូងក្រោយថ្ងៃពុធតទៀត អាស្រ័យទៅតាមលំហូរនៃសម្ពាធបរិយាកាសនៅលើឧបទ្វីបកូរ៉េ។ អជ្ញាធរបញ្ជាក់ថា ព្យុះធូលីនេះបានបក់បោកមកលើបណ្តាកោះមួយចំនួនក្នុងភាគខាងលិចប្រទេសកូរ៉េខាងត្បូង និងនៅក្នុងសមុទ្រលឿងដែលនៅក្បែរប្រទេសចិន នៅព្រលឹមព្រឹកថ្ងៃអង្គារនេះទៅហើយ ហើយព្យុះនេះនឹងបន្តមកលើប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃអង្គារនេះបន្តទៀត។

សូមបញ្ជាក់ថា កាលពីម្សិលមិញនៅក្នុងប្រទេសចិន ទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនទៀតរបស់ប្រទេស​ចិនបានត្រូវគ្របដណ្តប់ដោយព្យុះធូលីនេះរួចហើយ ដែលអជ្ញាធរឧតុនិយមរបស់ចិនហៅព្យុះនេះថាជាព្យុះធូលីធំបំផុតក្នុងជាងមួយទស្សវត្សចុងក្រោយនេះ ដោយសារតែឥទ្ធិពលខ្យល់ដ៏ខ្លាំងបក់នាំខ្សាច់ និងធូលីមកពីវាលខ្សាច់ហ្គូប៊ី។

តាមការបញ្ជាក់របស់ឧតុនិយមកូរ៉េ ព្យុះធូលីនេះបានបោកបក់នាំយកមកនូវសមាសធាតុភាគល្អិតធូលីដែលតូចជាង ១០មីក្រូម៉ែត្រ គេហៅថាធាតុល្អិត PM10 ដែលធាតុល្អិតនេះកើនដល់ទៅ ១៤៥ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនៅលើកោះ  Baengnyeong Island ក្នុងសមុទ្រលឿង ហើយបានបោកបក់នាំយកមកនូវសមាសធាតុភាគល្អិតធូលីដល់ទៅ ១២៥ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបមកលើទីក្រុងសុកឆូ (Sokcho) របស់កូរ៉េ គិតត្រឹមម៉ោង ៥ព្រឹកនេះ។ តាមកម្រិតនៃការប្រកាសអាសន្ន ប្រសិនបើកម្រិតនៃធាតុ PM10 នៅត្រឹមចន្លោះពី 31 ដល់ 80 នោះជាកម្រិតធម្មតាទូទៅ តែបើកើនពី 81 ដល់ 150 នោះជាកម្រិតមិនល្អ ហើយបើកើនលើសពី 151 ជាកម្រិតអាក្រក់ខ្លាំង ហើយជាទូទៅប្រសិនបើកម្រិតជាតិ PM10 នេះកើនឡើងលើសពី 150 មីក្រូក្រាម លើសពី២ម៉ោងឡើងទៅ អជ្ញាធរនឹងចេញបម្រាមពីកម្រិតធូលីក្នុងបរិយាកាសភ្លាម។

សម្រាប់ករណីនេះ ក្រសួងបរិស្ថានបានជូនដំណឹងបម្រាមពីកម្រិតធូលី ឱ្យប្រុងប្រយ័ត្នទុកជាមុនសម្រាប់ទីក្រុងសេអ៊ូល​ និងតំបន់ផ្សេងទៀតទូទាំងប្រទេស ដែលកម្រិតធាតុល្អិត PM10 នឹងអាចកើនលើសដល់ ១៥០មីក្រូក្រាម ជាកម្រិតអាក្រក់។

សូមបញ្ជាក់ថា ភាគល្អិតធូលីនេះនឹងអាចប៉ះពាល់ដល់ប្រព័ន្ធធាតុស៊ាំរាងកាយរបស់មនុស្សនៅពេលដែលស្រូបចូល ហើយអជ្ញាធរណែនាំឱ្យប្រជាជនពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវពេលចេញក្រៅ និងណែនាំប្រសិនបើអាច មិនគួរចេញទៅក្រៅក្នុងអំឡុងពេលនេះនោះទេ ជាពិសេសចំពោះកុមារ។

រូបតំណាងនៃពេលដែលព្យុះធូលីបោកបក់មកលើប្រទេសកូរ៉េកន្លងមក
រូបតំណាងនៃពេលដែលព្យុះធូលីបោកបក់មកលើប្រទេសកូរ៉េកន្លងមក

Leave a Reply

Your email address will not be published. Required fields are marked *