ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជាមនុស្សវ័យចំណាស់ដំបូងគេ ទទួលវ៉ាក់សាំងកូវីដ AstraZeneca នៅថ្ងៃទី២៣ មីនាខាងមុខ ដោយសារហេតុផល ២ ធំៗនេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េ​ខាងត្បូង លោក មូន ជេអ៊ីន នឹងជាមនុស្សម្នាក់ ក្នុងចំណោមក្រុមមនុស្សវ័យចំណាស់ដំបូងគេបង្អស់ ដែលត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ របស់កុ្រមហ៊ុន AstraZencea ជាវ៉ាក់សាំងពីអង់គ្លេស និងស៊ុយអែត នេះបើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទម្សិលមិញនេះ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

តាមរយៈការប្រកាសនេះ វ៉ាក់សាំងកូវីដរបស់ AstraZeneca ដែលនឹងត្រូវចាប់ផ្តើមចាក់ជូនមនុស្សវ័យ៦៥ឆ្នាំឡើង (ក្រុមមនុស្សវ័យចំណាស់) ក្នុងប្រទេសកូរ៉េចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ខាងមុខនោះ នឹងមានលោកប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន និងភរិយារបស់លោក ព្រមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូងមួយចំនួនទៀត នឹងត្រូវទទួលវ៉ាក់សាំងនេះមុនគេតែម្តង។


ការប្រកាសទទួលវ៉ាក់សាំងមុនគេពីសំណាក់ប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់នេះ គឺដើម្បីអាចឱ្យថ្នាក់ដឹកនាំកូរ៉េខាងត្បូងត្រៀមខ្លួនបានរួចរាល់ដើម្បីអញ្ជើញចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស (G-7) ដែលគ្រោងនឹងប្រារព្ធឡើងក្នុងប្រទេសអង់គ្លេសក្នុងអំឡុងខែមិថុនាខាងមុខ។ ការផ្តល់អាទិភាពពិសេសនេះ ដោយសារតែលក្ខខណ្ឌពិធីការការទូតដែលប្រធានាធិបតីត្រូវអញ្ជើញចូលរួមកម្មវិធីអន្តរជាតិនៅក្រៅប្រទេស ដែលការចាក់វ៉ាក់សាំងជាតម្រូវការចាំបាច់។

ការអញ្ជើញចូលរួមផ្ទាល់នេះហើយផ្តល់នូវសារៈសំខាន់ផ្នែកនយោបាយ និងនិមិត្តរូបនៃការចាប់ផ្តើមងើបឡើងវិញពីស្ថានការណ៍នៃជំងឺកូវីដ-១៩ ចំពោះដំណើរការពិភពលោក។ ហើយបើតាមការលើកឡើងរបស់អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ថាការទទួលយកវ៉ាក់សាំង AstraZeneca មុនគេពីសំណាក់ថ្នាក់ដឹកនាំកំពូលរហូតដល់ប្រធានាធិបតីបែបនេះ ក៏ជាការចេញមុខធានាអះអាងទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដរបស់ AstraZeneca ឆ្លើយតបទៅនឹងមតិសាធារណជនដែលមានការបារម្ភលើសុវត្ថិភាពវ៉ាក់សាំងនេះជាបន្តបន្ទាប់ និងជាពិសេសក្រោយពីប្រទេសជាច្រើនបាននាំគ្នាផ្អាកដំណើរការប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះដោយមានបញ្ហាផ្សេងៗកើតឡើងនោះ។

សូមបញ្ជាក់ថា អជ្ញាធរកូរ៉េខាងត្បូងទើបនឹងផ្តល់ភ្លើងខៀវអនុញ្ញាតឱ្យចាក់វ៉ាក់សាំង AstraZeneca ជូនមនុស្សវ័យចំណាស់កាលពីពេលថ្មីៗនេះ ក្រោយពីត្រូវបានឆ្លងកាត់ការពិនិត្យតាមដានដោយអ្នកជំនាញសុខាភិបាលកូរ៉េខាងត្បូងជាបន្តបន្ទាប់កន្លងមកដោយបារម្ភលើបញ្ហាកង្វះទិន្នន័យបញ្ជាក់ពីសុវត្ថិភាពវ៉ាក់សាំងសម្រាប់ក្រុមមនុស្សវ័យចំណាស់។

លោកប្រធានាធិបតី មូន អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដនៅថ្ងៃដំបូងបង្អស់កាលពីថ្ងៃទី ២៦ កុម្ភៈ ២០២១កន្លងទៅ

ប្រែសម្រួលពី៖ សារព័ត៌មាន Korea Times

Leave a Reply

Your email address will not be published. Required fields are marked *