អង្គការ OECD៖ ឆ្នាំ២០២០ កូរ៉េខាងត្បូងមានសេដ្ឋកិច្ចធំជាងគេទី១០ លើពិភពលោក ធំជាងរុស្ស៊ី និងអូស្រ្តាលីទៅទៀត ទោះប៉ះពាល់ខ្លាំងពីកូវីដក៏ដោយ

កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថាជាប់លំដាប់ទី១០ ជាសេដ្ឋកិច្ចដែលធំជាងគេលើពិភពលោកក្នុងអំឡុងឆ្នាំ២០២០ ទោះបីជាឆ្នាំនៃបរិការណ៍វិបត្តិសាកលកូវីដក៏ដោយ នេះបើតាមទិន្នន័យដែលចេញផ្សាយដោយអង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅព្រឹកថ្ងៃចន្ទនេះ។

តាមទិន្នន័យដែលចេញដោយអង្គការអន្តរជាតិ OECD នេះ បានបង្ហាញទំហំផលិតផលក្នុងស្រុកសរុប (Nominal GDP) សម្រាប់ឆ្នាំ២០២០ របស់ប្រទេសកូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថាមានទំហំសរុបចំនួន ១.៦២ទ្រីលានដុល្លារអាម៉េរិក (1,620,000,000,000 $) ស្ថិតនៅលេរៀងទី១០ ដែលទំហំផលិតផលក្នុងស្រុកសរុបនេះ ធំជាងបើប្រៀបធៀបទៅនឹងផលិតផលក្នុងស្រុកសរុបរបស់សហព័ន្ធរុស្ស៊ី ដែលមានត្រឹម ១.៤០ ទ្រីលានដុល្លារអាម៉េរិក របស់ប្រេស៊ីលដែលមានត្រឹម ១.៣៩ ទ្រីលានដុល្លារអាម៉េរិក និងអូស្រ្តាលីដែលមានត្រឹម ១.៣៣ ទ្រីលានដុល្លារអាម៉េរិកប៉ុណ្ណោះ។

តាមរយៈទិន្នន័យនេះ សេដ្ឋកិច្ចកូរ៉េខាងត្បូងកើនលំដាប់បានមួយលេខ បើប្រៀបធៀបទៅនឹងទំហំផលិតផលក្នុងស្រុកសរុប (Nominal GDP) កាលពីឆ្នាំ២០១៩ ដែលកាលនោះកូរ៉េខាងត្បូងស្ថិតក្នុងលំដាប់លេខរៀងទី១២ លើពិភពលោក ខណៈដែលដូចទៅនឹងលទ្ធផលកាលពីឆ្នាំ២០១៨ ដែលកាលនោះកូរ៉េខាងត្បូងស្ថិតក្នុងលំដាប់លេខរៀងទី១០ដូចគ្នាដែរ។

សូមបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (Nominal GDP) នេះជាសូចនាករសេដ្ឋកិច្ចដែលរាប់បញ្ចូលនូវរាល់តម្លៃផលិតផលទំនិញ និងសេវាកម្មទាំងអស់ដែលបានផលិតក្នុងប្រទេសមួយ ឬសេដ្ឋកិច្ចមួយតួយ៉ាងដូចជាប្រទេសកូរ៉េខាងត្បូងនេះ ក្នុងរយៈពេលកំណត់ណាមួយ ដែលទូទៅគេច្រើនកំណត់យករយៈពេលមួយឆ្នាំ ដែលគេនិយាយឱ្យស្រួលស្តាប់គឺទំហំសេដ្ឋកិច្ចទាំងមូលក្នុងរយៈពេលមួយឆ្នាំរបស់ប្រទេសមួយ។

តាមការបញ្ជាក់របស់អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ការព្យាករណ៍ទំហំសេដ្ឋកិច្ចនេះ គឺធ្វើឡើងដោយផ្អែកលើអត្រាព្យាករណ៍កំណើនសេដ្ឋកិច្ចដែលបង្កើតឡើងដោយអង្គការនេះផ្ទាល់ រួមនឹងអត្រាប្តូរប្រាក់អន្តរជាតិ និងអញ្ញាតសេដ្ឋកិច្ចដទៃទៀតដូចជាអត្រាអតិផរណាជាដើម។

លទ្ធផលនៃការកើនឡើងទំហំសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បើទោះបីជារងការវាយប្រហារធ្ងន់ធ្ងរពីស្ថានការណ៍កូវីដពេញមួយឆ្នាំ២០២០នេះក៏ដោយ បង្ហាញថាសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងហាក់ឆ្លើយតបបានប្រសើរជាងទៅនឹងផលប៉ះពាល់នៃកូវីដ-១៩ បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសធំៗដទៃទៀត។

តាមទិន្នន័យក្នុងស្រុកកូរ៉េផ្ទាល់ គេឃើញថាសេដ្ឋកិច្ចកូរ៉េក្នុងឆ្នាំ២០២០កន្លងមក ថយចុះត្រឹមតែប្រមាណ ១% ប៉ុណ្ណោះប្រៀបទៅនឹងឆ្នាំ២០១៩ ដែលតួលេខថយចុះនេះទាបមែនទែន ដែលមានតែប្រទេសចិន និងតួកគីប៉ុណ្ណោះក្នុងចំណោមប្រទេសអភិវឌ្ឍន៍ ដែលមានតួលេខប្រសើរជាងនេះ។ តួលេខនេះ គឺប្រសើរជាងស្ថានភាពសេដ្ឋកិច្ចរបស់រុស្ស៊ីដែលថយចុះដល់ ៣.៦%, របស់ប្រេស៊ីលដែលធ្លាក់ចុះដល់ ៤.៤%, របស់អូស្រា្តលីដែលធ្លាក់ចុះដល់ ២.៥%, របស់កាណាដាដែលធ្លាក់ចុះដល់ ៥.៤%, របសសហរដ្ឋអាម៉េរិកដែលធ្លាក់ចុះដល់៣.៥%, របស់ប្រទេសជប៉ុនដែលធ្លាក់ចុះដល់ ៤.៨% និងរបស់ប្រទេសអាល្លឺម៉ង់ដែលធ្លាក់ចុះដល់៥.៣% ឯណោះ។

សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នពិភពលោកទាំងមូលបន្តរងការវាយប្រហារដោយសារជំងឺកូវីដនេះ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែច្រវ៉ាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មនៅទូទាំងសាកលលោក។

តួលេខនៃកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអភិវឌ្ឍ ដែលប្រទេសសឹងតែទាំងអស់បានធ្លាក់ចុះសេដ្ឋកិច្ច។ ប្រភព៖ របាយការណ៍ OECD “Strengthening the recovery: The need for speed” ចេញផ្សាយខែមីនា ឆ្នាំ២០២១

 

ទីស្នាក់ការអង្គការ OECD នៅក្នុងទីក្រុងប៉ារីស

 

Leave a Reply

Your email address will not be published. Required fields are marked *