ករណីកូវីដសហគមន៍ថ្មី ផ្ទុះចេញពីកន្លែងងូតទឹកមួយកន្លែង នៅទីក្រុងជីនជូ លើសពី ១៣០ ករណីហើយ ខណៈអជ្ញាធរផ្អាកអាជីវកម្មនេះទូទាំងក្រុងសិន

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបន្តរកឃើញករណីឆ្លងជាសហគមន៍ថ្មីមួយ ផ្ទុះចេញពីទីតាំងងូតទឹករួមគ្នាមួយកន្លែងនៅក្នុងទីក្រុងជីនជូ ខេត្តឃ្យ៉ុងសាន ដែលគិតត្រឹមថ្ងៃសៅរ៍នេះគេរកឃើញករណីឆ្លងដែលពាក់ព័ន្ធកើនដល់ជាង ១៣០ ករណីហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសៅរ៍នេះ។

តាមរយៈការជូនដំណឹងរបស់អជ្ញាធរមូលដ្ឋាន ចាប់តាំងពីរសៀលថ្ងៃព្រហស្បត្តិ៍មក ទីតាំងងូតទឹករួមគ្នានេះរកឃើញករណីឆ្លងតគ្នាជាបន្តបន្ទាប់ ដែលកើនលើសពី១៣០ករណីហើយត្រឹមរសៀលថ្ងៃសៅរ៍នេះ។ ករណីឆ្លងជាសហគមន៍នេះកើតចេញ ក្រោយពីនៅថ្ងៃពុធសប្តាហ៍នេះ អជ្ញាធររកឃើញថាមានបុគ្គលមា្នក់ដែលវិជ្ជមានកូវីដ-១៩ បានទៅទីតាំងនោះ ដែលនាំឱ្យមានការពិនិត្យតៗគ្នា រកឃើញករណីឆ្លងជាបន្តបន្ទាប់។

ឆ្លើយតបនឹងករណី អជ្ញាធរមូលដ្ឋានដាក់បទបញ្ជាឱ្យបិទទីតាំងអាជីវកម្មនេះបណ្តោះអាសន្ន ព្រមទាំងតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលមកធ្វើតេស្ត ហើយក្រោយមកទៀតនៅថ្ងៃសៅរ៍នេះ ក៏បានដាក់ចេញបទបញ្ជាដូចគ្នានេះសម្រាប់ហាងត្រាំទឹកក្តៅដទៃទៀតដល់ ៩៨ ក្នុងទីក្រុងជីនជូទាំងមូល ត្រូវអនុវត្តផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ករណីឆ្លងកូវីដរកឃើញថ្មីមាន ៤៩០ករណី ដែលក្នុងនោះ ៤៧៤ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែល១៦ករណីជាករណីនាំចូលពីខាងក្រៅ។ គិតត្រឹមថ្ងៃសៅរ៍នេះ មានករណីឆ្លងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងដល់ទៅ ៩៥,១៧៦ករណីហើយ ដែលក្នុងនោះមានករណីបាត់បង់ជីវិតដល់ទៅ ១៦៦៧ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *