ថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងរកឃើញកូវីដថ្មីជិត ៥០០ករណី ជាតួលេខខ្ពស់ជាងគេក្នុង៣សប្តាហ៍ចុងក្រោយ ខណៈមិនទាន់មានសញ្ញាថមថយទាល់តែសោះ

កូរ៉េខាងត្បូង៖ នៅត្រឹមព្រឹកថ្ងៃសៅរ៍នេះ ចំនួនករណីកូវីដ-១៩រកឃើញថ្មីមានដល់ជិត៥០០ករណីទៀតហើយ ជាតួលេខដែលហាក់មិនថមថយចុះទាល់តែសោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលការឆ្លងជាសហគមន៍នៅបន្តកើនឡើងមានជាប្រចាំ ចេញពីទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់ផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

នៅថ្ងៃសៅរ៍នេះ ករណីឆ្លងកូវីដរកឃើញថ្មីមាន ៤៩០ករណី ដែលក្នុងនោះ ៤៧៤ករណីជាករណីឆ្លងក្នុងស្រុក ខណៈដែល១៦ករណីជាករណីនាំចូលពីខាងក្រៅ។ គិតត្រឹមថ្ងៃសៅរ៍នេះ មានករណីឆ្លងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងដល់ទៅ ៩៥,១៧៦ករណីហើយ ដែលក្នុងនោះមានករណីបាត់បង់ជីវិតដល់ទៅ ១៦៦៧ផងដែរ។

សូមបញ្ជាក់ថា តួលេខឆ្លងថ្មីថ្ងៃនេះដល់ ៤៩០ករណី ជាតួលេខខ្ពស់បំផុតចុងក្រោយគេបើគិតចាប់តាំងពីថ្ងៃទី ១៩ កុម្ភៈកន្លងមកដែលកាលនោះមានដល់ ៥៦១ករណី តែយ៉ាងណាមិញក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានករណីឆ្លងថ្មីប្រហាក់ប្រហែល៣០០ ទៅ៤០០ជាងករណីជារៀងរាល់ថ្ងៃផងដែរ។

តួលេខឆ្លងថ្មីនេះ មាន១៣៨ករណីក្នុងទីក្រុងសេអ៊ូល ១៦០ករណីក្នុងខេត្តឃ្យ៉ុងគីដូ និង២៦ករណីថ្មីក្នុងក្រុងអ៊ីនឆន់

ជាមួយនឹងការវិវត្តន៍ថ្មីនេះ គេសង្កេតឃើញថាហាក់មានការកើនឡើងករណីកូវីដថ្មី នៅតំបន់ផ្សេងៗទូទាំងប្រទេសក្រៅពីទីក្រុងសេអ៊ូល ដែលជាករណីឆ្លងសហគមន៍តាមទីតាំងសាធារណៈ កន្លែងសូណា និងហាត់ប្រាណជាដើម។ ជាក់ស្តែងកាលពីថ្ងៃសុក្រម្សិលមិញ មានករណីឆ្លងថ្មីជាង ៩០នាក់រកឃើញចេញពីហាងត្រាំទឹកក្តៅ និងទឹកត្រជាក់មួយកន្លែងនៅទីក្រុងជីនជូ ដែលនាំឱ្យអជ្ញាធរមូលដ្ឋានដាក់បទបញ្ជាឱ្យបិទអាជីវកម្មបណ្តោះអាសន្ន ព្រមទាំងតម្រូវឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលមកធ្វើតេស្ត ហើយក្រោយមកទៀតក៏បានដាក់ចេញបទបញ្ជាដូចគ្នានេះសម្រាប់ហាងត្រាំទឹកក្តៅនេះដល់ ៩៨ ទីតាំងផ្សេងទៀតក្នុងទីក្រុងជីនជូទាំងមូល ត្រូវអនុវត្តផងដែរ។

សូមបញ្ជាក់ផងដែរថា តាមការប្រកាសរបស់រដ្ឋាភិបាល កូរ៉េខាងត្បូងនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្ននេះ រយៈពេល២សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី២៨ ខែមីនាវិញ ដែលក្នុងនោះទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់បន្តស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត ២ ខណៈតំបន់ដទៃទៀតទូទាំងប្រទេសស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១.៥ដដែល។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

សេចក្តីប្រកាសរដ្ឋបាល បិទអាជីវកម្មកន្លែងត្រាំទឹកក្តៅបណ្តោះអាសន្ននៅជីនជូ ដោយសារមានករណីឆ្លងដល់ ៩០នាក់

 

Leave a Reply

Your email address will not be published. Required fields are marked *