កូរ៉េខាងត្បូង៖ គិតមកដល់ថ្ងៃនេះ ពលករបរទេសនៅក្នុងខេត្តឃ្យ៉ុងគីដូជាច្រើន រួមទាំងពលករខ្មែរយើងផងបាននាំគ្នាចេញទៅធ្វើតេស្តកូវីដ-១៩ តាមការដាក់ចេញបទបញ្ជាពីសំណាក់អជ្ញាធរខេត្តឃ្យ៉ុងគីដូហើយ ខណៈដែលបទបញ្ជានេះតម្រូវឱ្យពលករបរទេសទាំងអស់ត្រូវទៅធ្វើតេស្តកូវីដ-១៩ ឱ្យបានទាំងអស់គ្នាជាកំហិត មុនថ្ងៃទី ២២ ខែមីនា ២០២១នេះ។
តាមការផ្សព្វផ្សាយក្នុងសារព័ត៌មាន Korea Times និងសារព័ត៌មានដទៃទៀតជាច្រើនរបស់កូរ៉េ បទបញ្ជារដ្ឋបាលនេះត្រូវបានដាក់ចេញដោយរដ្ឋបាលខេត្តឃ្យ៉ុងគី ដែលតម្រូវឱ្យពលករបរទេសទាំងអស់ក្នុងខេត្តនេះ ចំនួនដល់ជាង ៨៥,០០០នាក់ ត្រូវទៅធ្វើតេស្តជំងឺកូវីដ-១៩ ឱ្យបានមុនថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១នេះ ដែលរាល់ការធ្វើតេស្តទាំងអស់មិនគិតថ្លៃនោះទេ។ បទបញ្ជានេះត្រូវបានជូនដំណឹងផ្ទាល់ទៅកាន់គ្រប់និយោជកកូរ៉េជាង ២៥,០០០ ទីតាំង ដែលមានពលករបរទេសធ្វើការជាមួយ។
បើតាមការបញ្ជាក់របស់អភិបាលខេត្តឃ្យ៉ុងគី វិធានការនេះដាក់ចេញដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ដោយស្ងាត់ស្ងៀមរវាងសហគមន៍ពលករបរទេស ដែលងាយនឹងឆ្លងទៅគ្នាបន្តបន្ទាប់នោះ។ អជ្ញាធរក៏បានបញ្ជាក់ដែរថា ក្រៅពីពលករបរទេសស្របច្បាប់ទាំងអស់ជាង ៨៥,០០០នាក់ ជនបរទេសដែលរស់នៅកូរ៉េក្នុងខេត្តឃ្យ៉ុងគីនេះ ដោយខុសច្បាប់ក៏អាចចេញទៅធ្វើតេស្តកូវីដបានដោយមិនគិតថ្លៃផងដែរ ហើយអជ្ញាធរនឹងមិនធ្វើការចាប់ឃាត់ទុក ករណីដែលអ្នកខុសច្បាប់ចូលខ្លួនមកធ្វើតេស្តនោះទេ។
ក្នុងនោះដែរ អជ្ញាធរបញ្ជាក់ថារាល់ពលករបរទេសទាំងអស់ដែលបានធ្វើតេស្តរួចរាល់ក្រោយថ្ងៃទី ១៥ ខែកុម្ភៈកន្លងមក គឺមិនចាំបាច់អនុវត្តទៅតាមវិធានការបទបញ្ជាថ្មីនេះទៀតនោះទេ។ ក្នុងករណីដែលពលករបរទេសរូបណា ល្មើសមិនអនុវត្តទៅតាមបទបញ្ជាកំណត់ នឹងរងការផាកពិន័យធ្ងន់ធ្ងររហូតដល់ ២លានវ៉ុន (ប្រមាណ ១,៧៧០ ដុល្លារ) ឬអាចដល់៣លានវ៉ុនផង ហើយអាចនឹងត្រូវអជ្ញាធរចាប់មកធ្វើតេស្ត ដោយឱ្យបង់ថ្លៃពេញលេញ រួមនឹងចំណាយផ្សេងៗទៀតដែលអជ្ញាធរត្រូវចំណាយក្នុងការស៊ើបអង្កេត នាំខ្លួនអ្នកល្មើសទាំងនោះទៀតផង។
ដូចនេះ សូមបងប្អូនពលករខ្មែរយើងនៅក្នុងខេត្តឃ្យ៉ុងគីដូទាំងអស់ចូលរួមអនុវត្តតាមវិធានការនេះឱ្យបានទាំងអស់គ្នា ដោយសាកសួរទៅកាន់និយោជក ឬថៅកែរបស់ខ្លួនអំពីការទៅធ្វើតេស្តនេះ ដោយសារសាលាក្រុងបានធ្វើការជូនដំណឹងផ្ទាល់ទៅកាន់គ្រប់ទីកន្លែងការងារ ថៅកែកូរ៉េទាំងអស់ដែលមានពលករបរទេសធ្វើការជាមួយ។




ជាមួយគ្នានោះដែរ សូមបងប្អូនអញ្ជើញជួយចែករំលែកប្រាប់ និងសាកសួរតៗគ្នាទៅកាន់មិត្តភក្តិដែលស្គាល់កំពុងធ្វើការក្នុងខេត្តឃ្យ៉ុងគីដូ ឱ្យរួសរាន់ផងទៅធ្វើតេស្តតាមការជូនដំណឹងដោយមិនគិតថ្លៃ ដើម្បីចៀសវាងពីការរងពិន័យ ក៏ដូចជាដើម្បីការពារខ្លួនឯងពីជំងឺកូវីដផងដែរ។