កូរ៉េខាងត្បូងនឹងសម្រួលច្បាប់ថ្មី តម្រូវថៅកែកូរ៉េ រៀបកន្លែងស្នាក់នៅជូនពលករបរទេស​បានត្រឹម ៨នាក់ ច្រើនបំផុត ដើម្បីពង្រឹងស្ថានភាពរស់នៅពលករបរទេស

កូរ៉េខាងត្បូង៖ ក្រសួងការងារ និងពលករកូរ៉េខាងត្បូងចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះថា នឹងកាត់បន្ថយចំនួនពលករបរទេសដែលស្នាក់នៅក្នុងផ្ទះរួមគ្នាពីចំនួន ១៥ មកឱ្យនៅត្រឹមតែ ៨នាក់វិញច្រើនបំផុត ដើម្បីជាវិធានការពង្រឹងស្ថានភាពរស់នៅរបស់ពលករបរទេស នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ក្រសួងការងារ និងពលករកូរ៉េដែលជាក្រសួងជំនាញបានបញ្ជាក់ថាខ្លួនកំពុងរៀបចំកែប្រែបទបញ្ជាថ្មីនេះ ដាក់បញ្ចូលទៅក្នុងច្បាប់ស្តង់ដារការងាររបស់កូរ៉េខាងត្បូង ដើម្បីជួយពង្រឹង និងកែលម្អស្ថានភាពរស់នៅរបស់ពលករបរទេសក្នុងប្រទេសកូរ៉េខាងត្បូង។ តាមការបញ្ជាក់ច្បាស់ ការកែប្រែថ្មីនេះធានាឱ្យការរស់នៅរបស់ពលករបរទេស មានភាពប្រសើរជាងមុន ដោយកាត់បន្ថយការរស់នៅបញ្រ្ញៀតគ្នាខ្លាំងក្នុងផ្ទះ ឬបន្ទប់ស្នាក់នៅរបស់ខ្លួន ធ្វើយ៉ាងណាឱ្យពលករបរទេសអាចទទួលបានការស្នាក់នៅប្រកបដោយស្តង់ដារមួយ ដែលអាចទទួលយកបានក្នុងសង្គមកូរ៉េ។

ការកែសម្រួលនេះ ធ្វើឡើងក្នុងបរិបទបច្ចុប្បន្ននេះដែលរដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវបានរិះគន់ជាបន្តបន្ទាន់លើភាពខ្វះខាតរបស់ខ្លួន ក្នុងការសម្រួល និងផ្តល់ការការពារសម្រាប់ពលករបរទេសរាប់ម៉ឺនដែលកំពុងបំពេញការងារក្នុងប្រទេសខ្លួន ជាក់ស្តែងក្នុងករណីដែលមានពលករខ្មែរយើងបានបាត់បង់ជីវិត ក្នុងស្ថានភាពរស់នៅដោយមិនអាចទទួលយកបាន សម្រាប់ការរស់នៅ និងធ្វើការក្នុងសង្គមកូរ៉េ កាលពីខែធ្នូឆ្នាំទៅនេះ។

វិធានការកែតម្រូវថ្មីនេះ សម្រួលបន្ថែមលើការកែតម្រូវច្បាប់ចាស់កាលពីឆ្នាំ២០១៩ ដែលកាលនោះកំណត់ចំនួនស្នាក់នៅក្នុងបន្ទប់ ឬអាគាររួមគ្នាមកនៅត្រឹម១៥នាក់។ ក្នុងនោះដែរ ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េក៏បានកំពុងកែសម្រួលលើច្បាប់ថ្មីដែរ ដែលហាមឃាត់មិនឱ្យថៅកែ ឬនិយោជកកូរ៉េរៀបចំកន្លែងស្នាក់នៅឱ្យពលករខ្លួនក្រោមរូបភាពមិនសមរម្យ និងមិនអាចទទួលយកបានដូចជាក្នុងទីតាំងងាយរងគ្រោះដោយបាក់ដី ឬទីតាំងមានជាតិពុលខ្លាំង ឬទីតាំងដែលមានសម្លេងរំខានខ្លាំងផងដែរ។

កាលពីដើមខែនេះ ក្រសួងក៏បានលើកឡើងថានិងធ្វើវិសោធនកម្មកែប្រែច្បាប់នៃប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) ដើម្បីអាចអនុញ្ញាតឱ្យពលករបរទេសអាចស្នើសុំផ្លាស់ប្តូរទីតាំងការងារបាន ប្រសិនបើថៅកែ ឬនិយោជកផ្តល់នូវទីតាំងស្នាក់នៅមានលក្ខណៈមិនសមរម្យ មិនគ្រប់គ្រាន់ទៅតាមស្តង់ដារកំណត់ក្នុងច្បាប់ជាដើម ហើយក្នុងករណីដែលថៅកែ ឬនិយោជកកូរ៉េត្រូវបានរកឃើញថាពិតជាផ្តល់កន្លែងស្នាក់នៅមិនស្របតាមច្បាប់កំណត់ដូចការប្តឹងមែននោះ នឹងប្រឈមការហាមឃាត់មិនឱ្យជួលពលករបរទេសបន្តនៅពេលក្រោយៗផងដែរ។

ស្ថានភាពទីតាំងកន្លែងស្នាក់នៅមួយកន្លែង ក្នុងផ្ទះសម្រាប់ដាំបន្លែក្នុងខេត្តឃ្យ៉ុងគី ដែលស្រ្តីកម្ពុជាយើងបានរកឃើញបាត់បង់ជីវិតកាលពីខែធ្នូ ២០២០កន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *