ស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលពហុវប្បធម៌អានសាន រកបានស​ប្បុរសជនកូរ៉េចិត្តធម៌ ជួយសម្រាលបន្ទុកព្យាបាលពលករខ្មែរយើងឈឺធ្ងន់ ដល់ ៦លានវ៉ុន

កូរ៉េខាងត្បូង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្ថានទូតកម្ពុជា បានជូនលិខិតថ្លែងអំណរគុណ រួមនឹងវត្ថុអនុស្សាវរីយ៍ដល់សប្បុរជនកូរ៉េមួយរូបដែលមានចិត្តធម៌ជួយសម្រាលបន្ទុកដល់ពលករខ្មែរយើង ដែលត្រូវព្យាបាលជំងឺធ្ងន់ធ្ងរនៅកូរ៉េ​ជាមួយនឹងថ្លៃព្យាបាលយ៉ាងច្រើននោះ។

បើតាមការបញ្ជាក់របស់ក្រុមការងារស្ថានទូតកម្ពុជានៅកូរ៉េនៅរសៀលនេះ កន្លងមកដោយសារមើលឃើញពីទុក្ខលំបាកខ្លាំងរបស់ពលករខ្មែរយើងម្នាក់ឈ្មោះ សរ វណ្ណី មានទីកន្លែងកំណើតខេត្តត្បូងឃ្មុំ ដែលមានជំងឺខូចក្រលៀន ហើយត្រូវចំណាយថវិកាច្រើនដើម្បីព្យាបាលជំងឺ និងដោយសាមីខ្លួនមិនមានលទ្ធភាពគ្រប់គ្រាន់ ដូចនេះហើយកន្លងមករហូត ក្រុមអនុព័ន្ធការងារតំណាងឱ្យឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានសហការជាមួយនឹងមជ្ឈមណ្ឌលពហុវប្បធម៌អានសាន ដើម្បីស្វះស្វែងជួយរកថវិកា ព្យាបាលជំងឺ និងផ្គត់ផ្គង់ជីវភាពរបស់ពលករខ្មែរយើងរូបនេះ។

តាមរយៈការស្វះស្វែងជួយរបស់ស្ថានទូត សហការជាមួយមជ្ឈមណ្ឌលពហុវប្បធម៌អានសាននេះហើយ នៅថ្ងៃនេះ សប្បុរសជនកូរ៉េឈ្មោះ យ៉ុង ជីន សឺនីម មកពីតំបន់ ថេចន់ បានឧបត្ថម្ភពលករ សរ វណ្ណី នូវទឹកប្រាក់ចំនួន ៦លានវ៉ុន (ប្រមាណជិត ៦ពាន់ដុល្លា) ដើម្បីជួយសម្រាលការលំបាករបស់ពលករខាងលើ។

បន្ទាប់ពីពិភាក្សាជាមួយក្រុមការងាររួចហើយ សប្បុរសជនខាងលើនឹងផ្ដល់អង្ករ ១០០គីឡូ ក្នុង១ខែ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដល់ពលករជួបទុក្ខលំបាក ហើយនឹងខិតខំព្យាយាមជួយបន្តទៀត ដោយសប្បុរសជនកូរ៉េបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារកន្លងមក។

ឆ្លើយតបទៅនឹងកាយវិការសប្បុរសធម៌នេះ ក្រុមអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា បានផ្ដល់វត្ថុអនុស្សាវរីយ៍ដល់សប្បុរសជនកូរ៉េ និងលិខិតសរសើរដល់លោកប្រធាន និងលោកអគ្គលេខាមជ្ឈមណ្ឌលពហុវប្បធម៌អានសាន ដែលតែងតែខិតខំជួយពលករកម្ពុជាអស់ពីកម្លាំងកាយចិត្តកន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *