កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវតុលាការផ្តល់សំណងខូចខាង និងជំងឺចិត្តដល់ទៅ ២.៥ប៊ីលានវ៉ុន (ជាង ២.២លានដុល្លារ) ក្រោយពីតុលាការរកឃើញថាបានដាក់ទោសបុរសរូបនេះជាប់គុកអស់ជាង ២០ឆ្នាំ ទាំងដែលបុរសរូបនេះត្រូវរកឃើញថាគ្មានកំហុសទាល់តែសោះនោះក្រោយពីបានអនុវត្តទោសរួចរាល់ហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Allkpop របស់កូរ៉េ។
បើតាមសេចក្តីសម្រេចតុលាការស៊ូវ៉ុនចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ បានឱ្យដឹងថាតុលាការស៊ូវ៉ុននឹងបង់ប្រាក់សំណងខូចខាត និងសំណងជំងឺចិត្តចំនួន ២.៥១៧ ប៊ីលានវ៉ុន ជូនដល់លោក Yoon ដែលត្រូវបានចោទប្រកាន់ខុសក្នុងករណីឃាតកម្មដ៏ឃោរឃៅមួយកាលពីក្នុងឆ្នាំ១៩៨៩ ដែលកាលនោះតាមសេចក្តីសម្រេចរបស់តុលាការ សម្រេចឱ្យបុរសរូបនេះជាប់ទោសឃុំឃាំងមួយជីវិត ហើយដែលក្រោយពីបានអនុវត្តទោសចំនួន ២០ឆ្នាំរួចមក ដល់ឆ្នាំ២០០៩ ទើបតុលាការសម្រេចដោះលែងបុរសរូបនេះ តាមរយៈការសម្រាលទោសកំហុស។
ក្នុងករណីនេះ មានភាពចម្លែកខ្លាំង ដោយសារតែបុរសរូបនេះ ក្រោយពីបានអនុវត្តទោសដែលមិនត្រឹមត្រូវនេះអស់រយៈពេលជាង២០ឆ្នាំរួចមក ទើបនៅចុងឆ្នាំ២០២០កន្លងទៅនេះ បែរជាគេរកឃើញឃាតករពិតប្រាកដក្នុងករណីឃាតកម្មដែលគេចាប់បុរសនេះដាក់ទោសតាំងពីដំបូងមក។ ក្រោយពីបានដឹងថា អជ្ញាធរប៉ូលីសរកឃើញមុខសញ្ញាពិតប្រាកដឃើញហើយ ទើបបុរសដែលត្រូវបានតុលាការអនុវត្តទោសខុសនេះ សម្រេចដាក់ពាក្យបណ្តឹងមកតុលាការ ទាមទារសំណងជំងឺចិត្ត ពាក់ព័ន្ធនឹងការអនុវត្តទោសកំហុសលើរូបខ្លួនដែលជាជនស្លូតត្រង់អស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ។

តាមរយៈសេចក្តីសម្រេចតុលាការលើកឡើងថា “ជនដើមចោទត្រូវបានឃុំខ្លួនដោយអយុត្តិធម៌អស់រយៈពេល ៧,៣២៦ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ កក្កដា ១៩៨៩ ដល់ថ្ងៃទី១៤ សីហា ឆ្នាំ២០០៩។ ការទាមទាររបស់ករណីនេះត្រូវបានធ្វើឡើងក្រោមច្បាប់សំណងព្រហ្មទណ្ឌ និងសំណងលើការខូចខាតកិត្តិយស (ច្បាប់សំណងព្រហ្មទណ្ឌ)។ ដូចនេះ លោក Yoon នឹងទទួលបានសំណងចំនួន ២,៥ ពាន់លានវ៉ុនសម្រាប់ការជាប់ពន្ធនាគារដោយអយុត្តិធម៌រយៈពេល ២០ ឆ្នាំ។”
បើតាមច្បាប់សំណងព្រហ្មទណ្ឌរបស់កូរ៉េ បានចែងថាសំណងខូចខាតគឺត្រូវកំណត់ក្នុងកម្រិតអប្បបរមា អាស្រ័យទៅតាមប្រាក់ខែឈ្នួលអប្បបរមាដែលបានកំណត់ក្នុងច្បាប់ការងារនៅក្នុងឆ្នាំដែលអង្គហេតុនៃការដាក់ពាក្យទាមទារនេះកើតឡើង ហើយសំណងខូចខាតក្នុងកម្រិតអតិបរមា គឺត្រូវកំណត់ដោយអាស្រ័យទៅនឹងប្រាក់ខែឈ្នួលអតិបរមា ដែលបានកំណត់ក្នុងច្បាប់ការងារ នៅក្នុងឆ្នាំដែលអង្គហេតុនៃការដាក់ពាក្យទាមទារនេះកើតឡើង គុណនឹង៥ដង។
សម្រាប់ករណីនេះ តុលាការបានសម្រេចកាត់សេចក្តីឱ្យលោក Yoon ដែលជាដើមចោទទទួលបានសំណងកម្រិតអតិបរមា ដោយផ្អែកទៅលើរយៈពេលដ៏យូរដែលគាត់ត្រូវបានបាត់បង់សេរីភាពនៅក្នុងគុក រួមនឹងសំណងខូចខាតផ្លូវចិត្ត និងខាតបង់កិត្តិយសជាដើម។ ក្នុងនោះដែរ តុលាការបានសម្រេចលុបចោលប្រវត្តិឧក្រិដ្ឋភាពរបស់ លោក Yoon ផងដែរ។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះជាករណីដ៏ភ្ញាក់ផ្អើលខ្លាំងកាលពីឆ្នាំ១៩៨៨ ដែលស្រ្តីម្នាក់ត្រូវបានឃាតកររំលោភ និងសម្លាប់បំបិទមាត់ខណៈដែលកំពុងដេកនៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងខេត្តឃ្យ៉ុងគីដូ។ ក្រោយការស៊ើបអង្កេតក្នុងករណីឃាតកម្មនេះ លោក Yoon ត្រូវបានឃាត់ខ្លួនជាជនសង្ស័យ និងត្រូវបានបង្ខំឱ្យសារភាពដោយការធ្វើទារុណកម្មពីប៉ូលីស និងក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំងមួយជីវិត តែក្រោយពីបានអនុវត្តទោស ២០ឆ្នាំរួចមក ក្នុងឆ្នាំ២០០៩ លោក Yoon ត្រូវបានតុលាការសម្រេចដោះលែង តាមរយៈការបន្ធូរបន្ថយទោសកំហុស។
ក្រោយមក ក្នុងខែធ្នូ ឆ្នាំ២០២០នេះ ស្រាប់តែជនល្មើសពិតប្រាកដ ឈ្មោះថា លី ឈុនជេ (Lee Chun Jae) បានចេញមុខសារភាពថាជាឃាតករពិតប្រាកដ ទើបនាំឱ្យមានការភ្ញាក់ផ្អើល និងមានការសើរ៉ីករណីនេះឡើងវិញដូច្នេះ។
