កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសអនុញ្ញាតជាផ្លូវការឱ្យផ្តល់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca សម្រាប់ចាក់ជូនប្រជាជនមានអាយុពី៦៥ឆ្នាំឡើងទៅហើយ ជាវិធានការថ្មីដើម្បីអាចបង្កើនប្រសិទ្ធភាពនៃការផ្តល់វ៉ាក់សាំងកូវីដសម្រាប់ប្រជាជនខ្លួន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) កាលពីខែមុននេះ មុនពេលចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន បានប្រកាសដកសមាសភាពវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះ មិនឱ្យចាក់ជូនមនុស្សដែលមានវ័យចំណាស់នោះទេ ដោយសារតែមានបញ្ហាកង្វះខាតលើទិន្នន័យធ្វើតេស្តបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងនេះសម្រាបមនុស្សចាស់។
យ៉ាងណាមិញ ក្រោមការអនុញ្ញាតដែលផ្តល់ដោយអជ្ញាធរជំនាញនៅថ្ងៃព្រហស្បត្តិ៍នេះ មានន័យថាអជ្ញាធរកូរ៉េនឹងអាចប្រើប្រាស់វ៉ាក់សាំង AstraZeneca របស់អង់គ្លេសសម្រាប់មនុស្សពេញវ័យគ្រប់ក្រុមអាយុ រួមទាំងមនុស្សវ័យចំណាស់ផងដែរ។ ការអនុញ្ញាតនេះ គឺធ្វើឡើងក្រោយពីក្រុមអ្នកវាយតម្លៃជំនាញមួយក្រុមរបស់ក្រសួងសុខាភិបាលបានប្រកាសនូវការរកឃើញរបស់ខ្លួនកន្លងមកថ្មីៗនេះថា វ៉ាក់សាំង AstraZeneca គួរអាចផ្តល់ជូនក្រុមមនុស្សវ័យចំណាស់ ដោយអនុវត្តទៅតាមប្រទេសនៅក្នុងតំបន់អឺរ៉ុបដែល គេបានអនុញ្ញាតផ្តល់វ៉ាក់សាំងនេះជូនដល់មនុស្សចាស់ដូចគ្នា។
ការវាយតម្លៃពីក្រុមអ្នកជំនាញនេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យផ្តល់ឱ្យពីការធ្វើតេស្តក្នុងប្រទេសអង់គ្លេស និងស្កុតឡែន ដែលបានបង្ហាញពីប្រសិទ្ធភាពវ៉ាក់សាំងនេះក្នុងការទប់ស្កាត់ និងបន្ថយកម្រិតធ្ងន់ធ្ងរនៃស្ថានភាពជំងឺកូវីដ ជាពិសេសក្នុងចំណោមក្រុមមនុស្សចាស់។ អជ្ញាធរសុខាភិបាលអង់គ្លេសបានប្រកាសថា វ៉ាក់សាំង AstraZeneca នេះមានប្រសិទ្ធភាពលើសពី៨០% ក្នុងការទប់ស្កាត់ករណីឈឺធ្ងន់ធ្ងរដោយសារតែការឆ្លងជំងឺកូវីដ ក្នុងចំណោមអ្នកទទួលវ៉ាក់សាំងអាយុពី ៨០ឆ្នាំឡើងទៅ ក្រោយពីបានទទួលវ៉ាក់សាំងនេះដូសទីមួយលើកដំបូង។
សូមបញ្ជាក់ថា ទិន្នន័យដែលរកឃើញថ្មី ថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពចំពោះមនុស្សចាស់វិញនេះ គឺមានលក្ខណៈផ្ទុយទៅនឹងការលើកឡើងកន្លងមកតាំងពីដើមខែកុម្ភៈ ពោលគឺមុនពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនលើកដំបូង ដែលថាវ៉ាកសាំង AstraZeneca នេះអាចមិនមានប្រសិទ្ធភាពសម្រាប់ក្រុមមនុស្សចាស់ ដែលកាលនោះបាននាំឱ្យមានការជជែកវែកញែកអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ហើយក្រោយមកត្រូវបានអជ្ញាធរកូរ៉េប្រកាសមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់មនុស្សវ័យចំណាស់សិន ទំរាំមានទិន្នន័យថ្មី ដើម្បីអាចឱ្យក្រុមអ្នកជំនាញកូរ៉េខាងត្បូងវាយតម្លៃបានជាថ្មី។
ចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈមកដល់ត្រឹមថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនចំនួន ៤៤៦,៩៤១នាក់ហើយ ដែលក្នុងនោះភាគច្រើនគឺវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនេះឯង។ បើតាមផែនការបញ្ជាទិញ រដ្ឋាភិបាលកូរ៉េបញ្ជាទិញវ៉ាកសាំង AstraZeneca សម្រាប់មនុស្សចំនួន ១០លាននាក់ ដែលក្នុងនោះបានដឹកមកដល់ជើងដំបូងកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ចំនួនសម្រាប់មនុស្ស ៧៨៥,០០០នាក់សិន ហើយសម្រាប់ការដឹកមកដល់ជើងទី២ គ្រោងសម្រាប់មនុស្ស ៣.៥លាននាក់ អាចនឹងមកដល់ក្នុងចុងខែឧសភា ឬដើមខែមិថុនាខាងមុខ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ដែលអាចចែកជូនបានដល់មនុស្ស ៧៩លាននាក់ឯណោះ ដែលជាវ៉ាក់សាំងពីក្រុមហ៊ុនធំៗដល់ទៅ៥ គឺក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna ក្រុមហ៊ុន Jonhson & Jonhson និងក្រុមហ៊ុន Novavax របស់អាម៉េរិក និងពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស។ ក្នុងនោះដែរ កូរ៉េខាងត្បូងក៏នឹងទទួលវ៉ាក់សាំងពីកម្មវិធីចែកចាយវ៉ាក់សាំង កូវ៉ាក់ របស់អង្គការសុខភាពពិភពលោកផងដែរ។