កូរ៉េខាងត្បូង៖ វ៉ាកសាំងកូវីដ AstraZeneca ជើងទីពីរ សម្រាប់មនុស្សប្រមាណជាង ៣.៥ លាននាក់ នឹងត្រូវដឹកជញ្ជូនមកដល់កូរ៉េខាងត្បូងក្នុងអំឡុងខែឧសភាខាងមុខនេះ បើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃពុធម្សិលមិញ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
វ៉ាក់សាំងកូវីដជើងទី២ ចំនួន ៧លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុនវេជ្ជសាស្រ្ត AstraZeneca និងសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងស៊ុយអែតនឹងអាចប្រើប្រាស់ផ្តល់ជូនមនុស្សបាន៣.៥លាននាក់នេះ ជាផ្នែកនៃការបញ្ជាទិញវ៉ាក់សាំងនេះ របស់កូរ៉េខាងត្បូងសម្រាប់មនុស្សដល់ទៅ ១០លាននាក់។ វ៉ាក់សាំងនេះរំពឹងនឹងមកដល់ក្នុងអំឡុងចុងខែឧសភាខាងមុខ ដែលកាលបរិច្ឆេទជាក់ស្តែង និងការរៀបចំពាក់ព័ន្ធនានានឹងត្រូវជូនដំណឹងបន្ថែមទៀតដោយអជ្ញាធរសុខាភិបាលនាពេលក្រោយ។
កាលពីមុនថ្ងៃចាប់ផ្តើមដំបូងនៃការចាក់វ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូង វ៉ាក់សាំងកូវីដដែលដឹកមកដល់មុនគេគឺវ៉ាក់សាំង AstraZeneca នេះដែរ ដែលជើងដំបូងដឹកមកដល់កាលនោះ មានសម្រាប់មនុស្ស ៧៨៥,០០០នាក់ប៉ុណ្ណោះ។វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ជាប្រភេទវ៉ាក់សាំងដែលត្រូវចាក់ចំនួន២ ដូស សម្រាប់មនុស្សម្នាក់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចទិញវ៉ាក់សាំងកូវីដ-១៩ ដែលអាចចែកជូនបានដល់មនុស្ស ៧៩លាននាក់ឯណោះ ដែលជាវ៉ាក់សាំងពីក្រុមហ៊ុនធំៗដល់ទៅ៥ គឺក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna ក្រុមហ៊ុន Jonhson & Jonhson និងក្រុមហ៊ុន Novavax របស់អាម៉េរិក និងពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស។ ក្នុងនោះដែរ កូរ៉េខាងត្បូងក៏នឹងទទួលវ៉ាក់សាំងពីកម្មវិធីចែកចាយវ៉ាក់សាំង កូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ផងដែរ។