កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងផ្លូវការអំពីការពិនិត្យមេរោគកូវីដ-១៩ ដោយមិនគិតថ្លៃ សម្រាប់ជនបរទេស បើតាមការចែករំលែកផ្ទាល់ក្នុងទំព័រហ្វេសប៊ុក។
តាមរយៈសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ក្រសួងមុខរបរ និងការងារប្រទេសកូរ៉េខាងត្បូងបានជូនដំណឹងដល់ស្ថានទូត ដើម្បីជម្រាបជូនបន្តដល់បណ្តាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េឱ្យបានជ្រាបថា ពលករ-ពលការិនីខ្មែរ និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងអាចទទួលការពិនិត្យរកមេរោគកូវីដ-១៩ ដោយមិនគិតថ្លៃ ជាពិសេសចំពោះបងប្អូនពលករ។
ជាដំណឹងល្អផងដែរ គឺការពិនិត្យនេះក៏សម្រួលដល់បងប្អូនពលករខ្មែរយើងដែលខុសច្បាប់ផងដែរ ដែលរដ្ឋាភិបាលកូរ៉េលើកទឹកចិត្តឱ្យទៅពិនិត្យរកមេរោគកូវីដ-១៩ នេះ ដោយមិនមានការសួររកអត្តសញ្ញាណរបស់បងប្អូនជាពលករខុសច្បាប់នោះទេ។
ដូចនេះ សូមបងប្អូនពលករ-ពលការិនីខ្មែរ និងពលរដ្ឋខ្មែរទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង មេត្តាជ្រាបជាព័ត៌មាន និងអាចទៅធ្វើការពិនិត្យរកមេរោគកូវីដទាំងអស់ទៅតាមការណែនាំ ឬអាចតាមការស្ម័គ្រចិត្តក្នុងករណីដែលបងប្អូនសង្ស័យថាបានមានទំនាក់ទំនងផ្ទាល់ ឬប្រយោលជាមួយអ្នកដែលរកឃើញថាវិជ្ជមាន ឬប្រសិនបើបងប្អូនមានលេចចេញនូវអាការៈសង្ស័យណាមួយ នៃអាការៈកូវីដ។