ចាក់វ៉ាក់សាំងកូវីដដូសទី១ ក៏ត្រូវប្រុងប្រយ័ត្នដែរ! កូរ៉េខាងត្បូងរកឃើញ ៦ ករណីវិជ្ជមានកូវីដ ក្នុងចំណោមអ្នកបានទទួលវ៉ាក់សាំងកូវីដដូសទី១ ហើយកន្លងមក

កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃអង្គារនេះ មានអ្នករកឃើញវិជ្ជមានកូវីដដល់ ៦នាក់ហើយ ដែលជាអ្នកបានទទួលវ៉ាក់សាំងកូវីដដូសទី១ រួចរាល់ហើយ ហើយកំពុងរង់ចាំថ្ងៃទៅទទួលវ៉ាក់សាំងដូសទី២ នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។

នៅក្នុងថ្ងៃអង្គារនេះ គេរកឃើញអ្នកវិជ្ជមានកូវីដ ៣នាក់បន្ថែមទៀត ដែលជាគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលក្នុងចំណោមអ្នកអាទិភាពដែលបានទទួលវ៉ាក់សាំងកូវីដដូសដំបូងកន្លងមក។ ករណី៣នាក់នៅថ្ងៃនេះ បូកជាមួយនឹងករណី៣ដែលរកឃើញវិជ្ជមានកាលពីម្សិលមិញ បាននាំឱ្យករណីអ្នកទទួលវ៉ាក់សាំងកូវីដដូសទី១ ហើយរកឃើញវិជ្ជមាននេះកើនដល់៦នាក់ហើយ។

យ៉ាងណាមិញ តាមការបញ្ជាក់របស់អ្នកជំនាញមក គឺករណីនេះមិនពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ដោយសារហេតុផលទី១ គឺវ៉ាក់សាំងកូវីដដែលកំពុងផ្តល់ជូនប្រជាជនកូរ៉េបច្ចុប្បន្នរបស់ក្រុមហ៊ុន AstraZeneca និង របស់ក្រុមហ៊ុន Pfizer គឺជាវ៉ាក់សាំងដែលត្រូវការចាក់ចំនួន២ដូស ខណៈដែលបច្ចុប្បន្ននេះ គេទើបនឹងចាក់ជូនបានដូសទី១ប៉ុណ្ណោះ។ ហេតុផលទី២ បើតាមការបញ្ជាក់របស់អ្នកជំនាញ ក្រោយការចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងហើយនោះ គេត្រូវការរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ទើបអាចឱ្យរាងកាយ និងវ៉ាក់សាំងធ្វើការបង្កើតបាននូវប្រព័ន្ធភាពស៊ាំការពាររាងកាយពីជំងឺកូវីដបាន ដូចនេះ ក្នុងរយៈពេលដែលទើបនឹងបានទទួលវ៉ាក់សាំងភ្លាមនេះ ប្រសិនបើអ្នកទទួលវ៉ាក់សាំង ទៅប៉ះពាល់ផ្ទាល់ជាមួយមេរោគកូរ៉ូណា គឺនឹងអាចឆ្លងដូចមនុស្សទូទៅដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានធ្វើការចាក់វ៉ាក់សាំងកូវីដដូសទី១ ក្នុងចំណោម២ដូសពីក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Pfizer ចំនួន ៣៨៣,៣៤៦ នាក់ហើយ ដែលក្នុងនោះ ៣៧៧,១៣៨នាក់ បានទទួលវ៉ាក់សាំង AstraZeneca និង៦,២០៨ នាក់ទទួលវ៉ាក់សាំង Pfizer។

ប្រភព៖ Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *