កូរ៉េខាងត្បូង៖ ស្ថាប័នជំនាញកូរ៉េខាងត្បូង គ្រោងនឹងបង្កើតទីតាំងធ្វើតេស្តថ្មីដើម្បីពិនិត្យលើគុណភាពផលិតផលប្រឆាំងមេរោគចរាចរណ៍ក្នុងស្រុក ដើម្បីធានាបានសុវត្ថិភាព គុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងនាំចេញផងដែរ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមរយៈគម្រោងថ្មីនេះ បើតាមស្ថាប័នរដ្ឋាភិបាលលើកិច្ចការបច្ចេកវិទ្យា និងស្តង់ដារកូរ៉េ ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចំណាយជាង ៤.៨ប៊ីលានវ៉ុន (ប្រមាណ៤.២៣លានដុល្លារ) ដើម្បីសាងសង់នូវទីតាំង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ធ្វើតេស្តគុណភាពលើផលិតផលសម្រាប់ការពារមេរោគដូចជា អាល់កុល ជែលលាងដៃ និងម៉ាស់ពាក់មុខជាដើម ដែលគម្រោងនេះជាគម្រោងសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងធ្វើតេស្តកូរ៉េ (Korea Testing & Research Institute)។
ការដាក់ចេញគម្រោងនេះ គឺដោយសារតែរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ខណៈដែលពិភពលោក រួមនឹងប្រទេសកូរ៉េខាងត្បូងកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដនោះ តែមិនមាននោះទេនូវស្ថាប័នជំនាញណាដែលអាចធ្វើតេស្តពិនិត្យលើសុវត្ថិភាពនៃផលិតផលប្រើប្រាស់សម្រាប់ការពារមេរោគកន្លងមក។
បើតាមការលើកឡើង គម្រោងថ្មីនេះមិនត្រឹមតែការពារអ្នកប្រើប្រាស់កូរ៉េខាងត្បូង ពីផលិតផលដែលមិនមានសុវត្ថិភាព និងការអនុញ្ញាតត្រឹមត្រូវនោះទេ ហើយថែមទាំងអាចបង្កើនគុណភាព ស្តង់ដារ និងការប្រកួតប្រជែងសម្រាប់ផលិតផលក្នុងស្រុកកូរ៉េ ដើម្បីអាចនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។ តាមរយៈគម្រោងនេះ នឹងអាចផ្តល់អជ្ញាប័ណ្ណបទដ្ឋានស្តង់ដារលើផលិតផលការពារមេរោគនានា ដែលនឹងត្រូវទទួលស្គាល់ទូទាំងពិភពលោក ដែលនឹងជាគោលដៅថ្មីសម្រាប់បង្កើនការនាំចេញរបស់កូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា ក្នុងអំឡុងខែមករា ដល់សីហាឆ្នាំ២០២០ ផលិតផលជែលលាងដៃរបស់កូរ៉េខាងត្បូងនាំចេញទៅទីផ្សារអន្តរជាតិចំនួនជាង ២៥០លានដុល្លារ កើនឡើងដល់ជាង ៦,១០០ ភាគរយឯណោះ ប្រៀបទៅនឹងឆ្នាំ២០១៩ ដែលពិភពលោកមិនទាន់មានបញ្ហាកូវីដ ខណៈដែលការនាំចេញផលិតផលម៉ាស់ការពារមុខវិញ កើនដល់ ៣៨៥ ភាគរយ ដែលមានទំហំដល់ជាង ៥២០លានដុល្លារផងដែរ។