ជនជាតិថៃ ៧ នាក់ត្រូវបានឃាត់ខ្លួន ករណីលួចនាំចូលគ្រឿងញៀនជាង ១០លានដុល្លារ ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់លក់ឱ្យពលករថៃនៅកូរ៉េ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ ជនជាតិថៃ ៧នាក់ ត្រូវបានឃាត់ខ្លួនក្រោយរកឃើញលួចនាំចូលគ្រឿងញៀនតម្លៃជាង ១០លានដុល្លារ ចូលមកប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់ប៉ូលីសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

អជ្ញាធរប៉ូលីសចុងប៊ុក (Jeonbuk) បានលើកឡើងថាតាំងពីខែកញ្ញាឆ្នាំមុនមក ស្ថាប័នខ្លួនបានតាមស៊ើបលើជនអន្តោប្រវេសន៍ខុសច្បាប់ថៃ៧នាក់ សង្ស័យថាបានលួចចរាចរណ៍នាំចូលសារធាតុថ្នាំញៀនមេតំហ្វេតាមីនដល់ជាង ៥គីឡូក្រាម និងថ្នាំញៀនគ្រាប់ “យ៉ាបា” ជាប្រភេទថ្នាំញៀនលាយរវាងសារធាតុមេតំហ្វេតាមីន និងកាហ្វេអ៊ីនដល់ជាង ១ម៉ឺនគ្រាប់ ដើម្បីយកមកលួចលក់ និងចែកចាយខុសច្បាប់ឱ្យពលករថៃធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងកន្លងមក។

ចំនួនថ្នាំញៀនទាំងនេះ បើគិតជាទឹកប្រាក់មានតម្លៃដល់ជាង ១៥.៣ប៊ីលានវ៉ុន (ប្រមាណជាង ១៣.៥លានដុល្លារ) ឯណោះ ហើយបើតាមការរាយការណ៍របស់ប៉ូលីស ថ្នាំញៀនទាំងនេះត្រូវបានជនសង្ស័យបន្លំនាំចូលជាថ្នាំវីតាមីនល្បីឈ្មោះរបស់ស្រុកថៃ ហើយដឹកជញ្ជូននាំចូលមកតាមប្រព័ន្ធបញ្ញើ EMS ។

ប៉ូលីសបញ្ជាក់ថា កន្លងមកនេះអជ្ញាធរគយមានបញ្ហាប្រឈមលំបាកក្នុងការកំណត់មុខសញ្ញា និងកំណត់ថាថ្នាំប្រភេទណាជាប្រភេទថ្នាំបន្លំ ដោយសារតែថ្មីៗនេះមានតម្រូវការដឹកជញ្ជូនឥវ៉ាន់ចូលមកច្រើន ក្នុងអំឡុងពេលនៃស្ថានការណ៍កូវីដនេះ។ អជ្ញាធរបញ្ជាក់ទៀតថា ក្នុងករណីនេះ ជនសង្ស័យធ្វើការលួចនាំចូលមកមានលក្ខណៈជាប្រព័ន្ធតែម្តង។

ជនសង្ស័យម្នាក់ អាយុ ២៧ឆ្នាំ ត្រូវបានប៉ូលីសបញ្ជាក់ថាជាមុខសញ្ជាចរាចរណ៍ថ្នាំញៀននេះចែកចាយក្នុងស្រុកកូរ៉េ ដោយបាននាំទៅកាន់តំបន់ផ្សេងៗរួមមាន ខេត្តឈុងឈុនភាគកណ្តាល និងខេត្តចូឡាខាងត្បូងជាដើម ដើម្បីលក់ឱ្យទៅពួកពលករថៃដែលប្រើប្រាស់គ្រឿងញៀន។ ក្រោយពីលក់បានលុយហើយ ពួកជនសង្ស័យនេះធ្វើការប្តូរប្រាក់ទៅជាលុយបាតរបស់ថៃវិញ ហើយផ្ញើចេញទៅស្រុកថៃ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។

ក្នុងករណីនេះ ប៉ូលីសកំពុងបន្តស៊ើបអង្កេតបន្ថែមរកអ្នកពាក់ព័ន្ធ និងភ្នាក់ងារចែកចាយបន្ត ដើម្បីយកមកផ្តនាទោសផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *