សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េបានដាក់ចេញវិធានការថ្មី កាត់បន្ថយ និងកម្រិតចំនួនសិស្សនៅក្នុងថ្នាក់រៀននៅទីក្រុងសេអ៊ូល។
រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា សាលារៀននៅក្នុងទីក្រុងសេអ៊ូល នឹងត្រូវកម្រិតចំនួនសិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួន ដើម្បីការពារពីហានិភ័យនៃការឆ្លងថ្មី ដែលបានផ្ទុះជាចង្កោមនៅក្នុងទីក្រុងសេអ៊ូល និងទីប្រជុំជនដទៃទៀត។
ថ្នាក់មធ្យមសិក្សា និងអនុវិទ្យាល័យតម្រូវឱ្យមានចំនួនសិស្សត្រឹម ១ ភាគ ៣ នៃសិស្សសរុប រីឯថ្នាក់វិទ្យាល័យតម្រូវឱ្យមានចំនួនសិស្សត្រឹម ២ ភាគ ៣ នៃសិស្សសរុប។
គេឃើញថាវិធានការថ្មីនេះ ឆ្លើយតបទៅនឹងការបន្តកើនឡើងនៃករណីឆ្លងថ្មីដល់ទៅ ៥៨ ករណី ដែលសុទ្ធសឹងរកឃើញក្នុងតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ខេត្តឃ្យុងគី និងនៅទីក្រុងអ៊ីនឆុន។
រហូតមកដល់ថ្ងៃនេះ ករណីឆ្លងជាចង្កោមថ្មីពីរោងចក្រ Coupang កើនដល់ ១០២ ករណីហើយ រីឯករណីឆ្លងជាចង្កោមពីតំបន់អ៊ីតេវុនកើនដល់ ២៦១ ករណី ហើយជាសរុប ប្រទេសកូរ៉េបច្ចុប្បន្នមានករណីឆ្លង ដល់ ១១៤០២ ករណីហើយ។