កូរ៉េខាងត្បូង៖ គ្រូពេទ្យកូរ៉េខាងត្បូង ២ រូប ក្រោយពីបានទទួលវ៉ាក់សាំងកូវីដដូសទី១ របស់ Pfizer ហើយត្រូវបានគេប្រកាសថារកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូង ក្នុងសារព័ត៌មាន Yonhap News។
គ្រូពេទ្យទី១ ធ្វើការនៅទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យរដ្ឋមួយកន្លែង ត្រូវបានរកឃើញវិជ្ជមានកូវីដកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ ក្រោយពីមានអាការៈក្តៅខ្លួនប៉ុន្មានថ្ងៃនេះ ហើយគ្រូពេទ្យរូបនេះត្រូវបានរាយការណ៍ថាបានទទួលវ៉ាក់សាំងដូសទី១ របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងមក។
ក្រោយមកទៀត អជ្ញាធរសុខាភិបាលបានធ្វើការតេស្តរកកូវីដសម្រាប់បណ្តាគ្រូពេទ្យដទៃទៀតដែលរួមការងារនៅក្នុងមន្ទីរពេទ្យនោះដែរ ចំនួនជាង៤០នាក់ និងបានរកឃើញគ្រូពេទ្យម្នាក់ផ្សេងទៀតវិជ្ជមានជំងឺកូវីដ-១៩ដែរ នៅក្នុងថ្ងៃជាមួយគ្នានោះ។
យ៉ាងណាមិញ តាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យដែលអ្នកគ្រូពេទ្យទាំង២ រូបនេះរកឃើញវិជ្ជមានកូវីដ ក្រោយទទួលបានវ៉ាក់សាំងបានបញ្ជាក់ថា តាមពិតទៅករណីវិជ្ជមាននេះ មិនពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទេ ដោយសារតាមការបញ្ជាក់របស់អ្នកជំនាញមក គឺក្រោយការចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងហើយនោះ គេត្រូវការរយៈពេលយ៉ាងហោចណាស់ ២ សប្តាហ៍ទើបអាចឱ្យរាងកាយ និងវ៉ាក់សាំងធ្វើការបង្កើតបាននូវប្រព័ន្ធភាពស៊ាំការពាររាងកាយពីជំងឺកូវីដបាន ដូចនេះ ក្នុងរយៈពេលដែលវ៉ាក់សាំងកំពុងចាប់ផ្តើមដំណើរការនេះ ប្រសិនបើអ្នកទទួលវ៉ាក់សាំង ទៅប៉ះពាល់ផ្ទាល់ជាមួយមេរោគកូរ៉ូណា គឺនឹងអាចឆ្លងដូចមនុស្សទូទៅដែរ។
តាមការបញ្ជាក់ មន្ទីរពេទ្យបានធ្វើចត្តាឡីស័កចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺ ហើយបានបិទទីតាំងអាគារមន្ទីរពេទ្យដែលគ្រូពេទ្យរកឃើញវិជ្ជមាននេះធ្វើការសិន និងបញ្ជូនអ្នកជំងឺចេញទៅទីតាំងអាគារថ្មីផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានធ្វើការចាក់វ៉ាក់សាំងកូវីដដូសទី១ ក្នុងចំណោម២ដូសពីក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Pfizer ចំនួន ៣១៦,៨៦៥នាក់ហើយ ដែលក្នុងនោះ ៣១១,៥៨៣នាក់ បានទទួលវ៉ាក់សាំង AstraZeneca និង៥,២៨២ នាក់ទទួលវ៉ាក់សាំង Pfizer។