ស្ថានទូតខ្មែរនៅកូរ៉េ រៀបមិទ្ទិញអបអរសាទរទិវាសិទ្ធិនារី ៨មីនា ចូលរួមពីសហគមន៍ខ្មែរតាម Zoom និងបានប្រកាសសមិទ្ធផល ២ ធំៗ ជូនពលរដ្ឋខ្មែរយើងនៅកូរ៉េ

កូរ៉េខាងត្បូង៖ ក្រុមការងារស្រ្តីប្រចាំស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានរៀបចំមិទ្ទិញអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី ១១០ ក្រោមប្រធានបទ «ស្រ្តី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដោយមានការចូលរួមពីសំណាក់មន្រ្តីការទូត និងភរិយា ព្រមទាំងបុគ្គលិក និងសហគមន៍ខ្មែរ ដែលជានិស្សិត ស្រ្តីរៀបការ និងពលករ-ពលការនី ប្រមាណជា ១០០នាក់ តាមប្រព័ន្ធវីដេអូ Zoom ពីស្ថានទូត។

ក្នុងដំណើរការកម្មវិធីដើម្បីអបអរសាទរទិវាអន្តរជាតិ៨មីនា ថ្នាក់ដឹកនាំស្ថានទូត និងថ្នាក់ដឹកនាំ មន្រ្តី និងសហការីជាស្រ្តីបានស្តាប់សារថ្វាយព្រះពរពីសំណាក់សម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ របាយការណ៍លទ្ធផលការងាររបស់ក្រុមការងារស្រ្តី ហើយអង្គមិទ្ទិញបានមានចំណាប់អារម្មណ៍ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងការបរទេស ព្រមទាំងក្រសួងកិច្ចការនារី ដែលបានយកចិត្តទុកដាក់ ការពារ និងលើកកម្ពស់សុខុមាលភាព និងតម្លៃស្រ្តីទាំងក្នុងនិងក្រៅប្រទេស ជាពិសេសអរគុណស្ថានទូត និងក្រុមការងារស្រ្តី ដែលតែងតែបាននឹងកំពុងជួយប្រឹក្សាយោបល់ សម្របសម្រួល និងដោះស្រាយបញ្ហា ព្រមទាំងបានខិតខំរកជំនួយមនុស្សធម៌ពីសប្បុរសជនកូរ៉េ ជួយដល់ស្រ្តីដែលប៉ះពាល់ដោយសារកូវីដ-១៩។

ជាមួយគ្នានេះ អង្គមិទ្ទិញបានប្តេជ្ញាបន្តការពារ លើកកម្ពស់- ពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្រ្តី និងក្មេងស្រី ឆ្លើយតបនឹងគោលដៅ មិនទុកអោយនរណាម្នាក់នៅឯកាឡើយ។

ដើម្បីជាចំណងដៃអបអរសាទរទិវានារីនេះ ក្រុមការងារស្ថានទូតបានប្រកាសនឹងបើកគម្រោងអប់រំភាសា-វប្បធម៌ និងវិជ្ជាមេផ្ទះដល់ស្រ្តី និងកូនដែលមានកំណើតជាខ្មែរ នៅទីក្រុងសុងណាំ និងប៊ូសាន នាដើមខែមេសា និងសម្របសម្រួលបញ្ចុះតម្លៃថ្លៃពិនិត្យ និងព្យាបាល ដល់ពលរដ្ឋខ្មែរទាំងអស់ ទោះមានធានារ៉ាប់រង និងមិនមាន ទោះខុសច្បាប់ឬត្រូវច្បាប់ ប្រមាណ៣០ ទៅ ៤០% នៅគ្រប់សាខាមន្ទីរពេទ្យ( សេអ៊ូល ផូឆុន និងឆុនអាន) ដោយពីមុនផ្តល់ជូនតែនៅទីក្រុងសេអ៊ូលប៉ុណ្ណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *