សេអ៊ូល៖ ទិន្នន័យដែលចេញដោយគណៈកម្មការស្ថិតិកូរ៉េ បង្ហាញថាផលិតកម្មចេញពីរោងចក្រកូរ៉េ បានធ្លាក់ចុះយ៉ាងគំហុកក្នុងខែមេសា អាក្រក់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
បើតាមទិន្នន័យនោះ វិស័យធនធានរ៉ែ ផលិតកម្ម ឧស្សាហកម្ម ឧស្ម័ន ហ្គាស និងអគ្គិសនី បានធ្លាក់ចុះដល់ ៦ ភាគរយ ជាតួលេខអាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សចុងក្រោយ តាំងពីខែធ្នូ ឆ្នាំ២០០៨ មក។
រោងចក្រក្នុងស្រុកជួបបញ្ហាកង្វះខាតផ្គត់ផ្គង់ផ្នែកផ្សេងៗក្នុងផលិតកម្ម ដោយសារតែអ្នកផ្គង់ផ្គង់នៅជុំវិញពិភពលោកបានផ្អាកសកម្មភាពផលិត រួមនឹងការហាមឃាត់ការដឹកជញ្ជូនផ្សេងៗផង ក្នុងអំឡុងពេលនៃការជួបបញ្ហាកូវីដ-១៩ នេះ។
ចំណែកឯការនាំចេញក៏បានធ្លាក់ដល់ ២០.៣ ភាគរយ ក្នុងរយៈពេល ២០ថ្ងៃក្នុងខែឧសភាផងដែរ ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមរយៈពេល ៣ខែដំបូង សេដ្ឋកិច្ចកូរ៉េបានធ្លាក់ចុះ ១.៤ ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងផងដែរ ចាប់តាំងពីឆ្នាំ២០០៨។