កូរេ៉ខាងត្បូង៖ អ្នកជំនាញផ្នែកការពារជាតិកូរ៉េខាងត្បូងព្យាករណ៍ថាឧស្សាហកម្មយោធានាំចេញរបស់កូរ៉េខាងត្បូង អាចនឹងត្រូវខាតបង់ក្នុងអំឡុងពេលកូវីដនេះ ខណៈដែលរដ្ឋាភិបាលប្រទេសសឹងទាំងអស់លើពិភពលោកកាត់បន្ថយចំណាយលើសព្វាវុធយោធា នេះបើតាមរបាយការណ៍មួយចេញដោយស្ថាប័នស្រាវជ្រាវ KIET របស់កូរ៉េខាងត្បូង។
តាមរបាយការណ៍នេះ ដែលចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ពីពេលនេះរហូតដល់ឆ្នាំ២០២៤ ទំហំថវិកាជាតិចំណាយលើផ្នែកយោធារបស់ពិភពលោកទាំងមូល នឹងត្រូវកាត់បន្ថយយ៉ាងហោចណាស់ ២.២% ប្រចាំឆ្នាំ ដែលនឹងនាំឱ្យឧស្សាហកម្មសព្វាវុធយោធារបស់កូរ៉េខាងត្បូងបាត់បង់ប្រភពចំណូលពីការបញ្ជាទិញសព្វាវុធថ្មី ដោយសារតែការកាត់បន្ថយថវិកានេះ។
បើតាមការព្យាករណ៍របស់ស្ថាប័ននេះ ការនាំចេញសព្វាវុធរបស់កូរ៉េខាងត្បូងអាចនឹងគាំង ឬធ្លាក់ចុះក្នុងអំឡុង ៤ ទៅ៥ឆ្នាំទៀតឯណោះ។ ចាប់តាំងពីឆ្នាំ២០១៦ ដល់២០២០មុនបញ្ហាកូវីដផងនោះ ការនាំចេញសព្វាវុធយោធាដោយក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូង នៅនឹងថ្កល់ដោយមានទំហំក្នុងរង្វង់ប្រមាណ ៣ប៊ីលានដុល្លារ ហើយដូចនេះអំឡុងពេល៤ ទៅ៥ឆ្នាំមុខទៀត អាចនឹងប្រឈមបញ្ហាកាន់តែច្រើន។
ឧស្សាហកម្មសព្វាវុធធំៗរបស់កូរ៉េខាងត្បូង ដែលនាំចេញមានដូចជាក្រុមហ៊ុន Korea Aerospace Industries Ltd. ដែលមានទំហំនាំចេញដល់ទៅ ២.៨ទ្រីលានវ៉ុន (ប្រមាណ ២.៤៧ប៊ីលានដុល្លារ) និងមានក្រុមហ៊ុនដទៃទៀតដូចជា Hanwha Defense Co. ដែលមានទំហំនាំចេញត្រឹម ៩៤៩.៨ប៊ីលានវ៉ុន និងក្រុមហ៊ុន LIG Nex1 Co. ដែលនាំចេញទំហំ ៩១៥.៥ ប៊ីលានវ៉ុន។
សូមបញ្ជាក់ ក្នុងចំណោមប្រទេសនាំចេញសព្វាវុធទាំងអស់ កូរ៉េខាងត្បូងជាប្រទេសអ្នកនាំចេញធំជាងគេលំដាប់ទី១០ នៅលើពិភពលោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។