និយាយពីវ៉ាក់សាំងកូវីដ ច្បាស់ជាធ្លាប់លឺពីកម្មវិធីកូវ៉ាក់! តើអ្វីទៅជាកូវ៉ាក់ ដែលចែកចាយវ៉ាក់សាំងកូវីដទៅប្រទេសជាច្រើន រួមទាំងកម្ពុជាផងនោះ?

តើអ្វីទៅជាយន្តការ ឬកម្មវិធីកូវ៉ាក់ (COVAX)?

-(ខ្ញុំសូមពន្យល់បែបសាមញ្ញ)៖ ទី១-កូវ៉ាក់មិនមែនជាមជ្ឈមណ្ឌល ដោយសារមិនមែនជាស្ថាប័ន និងគ្មានការិយាល័យ។ ទី២-កូវ៉ាក់មិនមែនជាជំនួយរបស់អង្គការសុខភាពពិភពលោក ឬស្ថាប័នណាតែមួយនោះទេ ប៉ុន្តែជាមូលនិធិរួមរបស់ប្រទេសម្ចាស់ជំនួយ ស្ថាប័នរដ្ឋ និងមូលនិធិឯកជនមិនតិចជាង៤០នោះទ្បើយ។

ដូច្នេះកូវ៉ាក់គឺជាមូលនិធិសាមគ្គីសកលលោក ឬកញ្ចប់ថវិការួមពិភពលោក (សម្របសម្រួលដោយសម្ព័ន្ធវ៉ាក់សាំងពិភពលោក (Gavi) និងសម្ព័ន្ធសម្រាប់នវានុវត្តន៍ត្រៀមបង្ការជំងឺរាតត្បាត (CEPI) ) សម្រាប់យកទៅទិញវ៉ា់ក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនផលិតឱសថនានា ដែលមានសុវត្ថិភាព និងទទួលស្គាល់លក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តពីអង្គការសុខភាពពិភពលោក រួចចែកជូនទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ៩២ប្រទេស ដោយមិនគិតថ្លៃ និងផ្អែកលើគោលការសមភាព។

ដោយប្រើប្រាស់មូលនិធិសកលពីយន្តការ ឬកម្មវិធីកូវ៉ាក់នេះ យូនីសេហ្វ ទទួលបន្ទុកចរចារទិញពីក្រុមហ៊ុនឱសថដើម្បីទទួលបានតម្លៃទាប និងបរិមាណច្រើន រួចដឹកជញ្ជូន និងចែកចាយដោយមិនគិតថ្លៃទៅកាន់ប្រទេសនានានៅទូទាំងពិភពលោក នៅក្នុងរយៈពេលមួយដ៏ខ្លី។

យូនីសេហ្វ អាចមានសមត្ថភាពធ្វើការបញ្ជាទិញ ដឹកជញ្ជូន និងចែកចាយជាលក្ខណៈសកលដែលមិនធ្លាប់មានពីមុនមក ហើយក្នុងតម្លៃទាបបែបនេះ ដោយសារយូនីសេហ្វមានបទពិសោធ និងកំពុងធ្វើការងារស្រាប់លើវិស័យវ៉ាក់សាំងជួយដល់កុមារនៅទូទាំងពិភពលោក។ (សូមជួយចែករំលែកសម្រាប់ចំណេះដឹងទាំងអស់គ្នា)

ខ្លឹមសារចែករំលែកពី៖ ទំព័រហ្វេសប៊ុក Bunly Meas មន្ត្រីជំនាញផ្នែកទំនាក់ទំនងរបស់យូនីសេហ្វ

Leave a Reply

Your email address will not be published. Required fields are marked *