ព្រះវិហារសាសនាកូរ៉េបុរាណជិត ២ពាន់ឆ្នាំមួយ ត្រូវបានព្រះអគ្គីលេបត្របាក់ទាំងស្រុង ខណៈប៉ូលីសសង្ស័យលើព្រះសង្ឃមួយអង្គ ជាករណីឈ្លោះគ្នាផ្ទៃក្នុងវិហារ

កូរ៉េខាងត្បូង៖ វិហារសាសនាព្រះពុទ្ធបុរាណជាងគេមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវព្រះអគ្គីលេបត្របាក់ទាំងស្រុងកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ អាចជាករណីលួចដុតបំផ្លាញដោយព្រះសង្ឃខ្លួនឯង នេះបើតាមការរាយការណ៍របស់អជ្ញាធរកូរ៉េ ក្នុងសារព័ត៌មាន Yonhap News។

វិហារសាសនាព្រះពុទ្ធចំណាស់ ដែលត្រូវភ្លើងឆេះទាំងស្រុងនេះឈ្មោះថាវិហារណេចាំង (Naejang Temple) នៅក្នុងទីក្រុងជឺនអ៊ុប ខេត្តចូឡាខាងជើង។ ព្រះវិហារត្រូវបានចាប់ផ្តើមឆាបឆេះតាំងពីម៉ោង ៦:៣០ ល្ងាចថ្ងៃសុក្រ ហើយរហូតដល់តែម៉ោង៩យប់ ទើបអាចពន្លត់ភ្លើងដ៏សន្ធោរសន្ធៅនេះបាន។

តាមការបញ្ជាក់ ភ្លើងចាប់ឆាបឆេះលើវិហារសាសនានេះ ដែលសាងសង់ពីឈើទាំងស្រុង ហើយអ្វីដែលអជ្ញាធរអាចជួយបាននោះគឺត្រឹមតែបាញ់ពន្លត់ និងព្យាយាមកុំឱ្យភ្លើងនេះឆេះរាលដាលដល់អាគារ វិហារដទៃទៀតក្នុងទីតាំងនោះប៉ុណ្ណោះ។ យ៉ាងណាមិញ ៣ម៉ោងក្រោយពីភ្លើងបានឆាបឆេះ វិហារទាំងមូលមើលទៅអាចនឹងរលំដោយឯកឯង ដោយសារតែការខូចខាតទាំងស្រុងទៅហើយ។

ក្នុងករណីនេះ ប៉ូលីសបានឃាត់ខ្លួនព្រះសង្ឃកូរ៉េមួយរូប អាយុ៥៣ឆ្នាំ ថាអាចជាជនសង្ស័យក្នុងករណីនេះ ដោយតាមរយៈការសន្និដ្ឋានជំហានដំបូង ព្រះសង្ឃនេះបានដុត ដោយប្រើសាំង និងសំភារៈងាយឆាបឆេះមួយចំនួនទៀត ក្នុងពេលដែលខ្លួនស្រវឹង ហើយព្រះសង្ឃរូបនេះត្រូវបានរកឃើញថាមានជម្លោះជាមួយបណ្តាសង្ឃដទៃទៀតផងដែរ ដែលអាចជាមូលហេតុនៅពីក្រោយខ្នងនៃការដុតកម្ទេចវិហារបុរាណនេះ បើតាមការលើកឡើងរបស់ប៉ូលីស។

វិហារសាសនានេះត្រូវបានកសាងឡើងក្នុងឆ្នាំ ៦៣៦ ក្នុងរជ្ជកាលស្តេច មូ (King Mu) នៃអាណាចក្របេកជេ (Baekje Kingdom) ហើយវិហារនេះបានមានប្រវត្តិត្រូវដុតបំផ្លាញក្នុងជំនាន់ដែលជប៉ុនចូលលុកលុយកូរ៉េក្នុងរាជវង្សចូសុន (Joseon Dynasty) តាំងពីឆ្នាំ១៥៩៧-១៥៩៨ ផងដែរ ហើយត្រូវដុតបំផ្លាញជាថ្មីក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់១៩៥៣ផងដែរ។ កាលពីឆ្នាំ២០១២ មានករណីភ្លើងឆេះមួយដែរ ដែលបានបំផ្លាញវិហារនេះសឹងទាំងស្រុង មុននឹងអ្នកជំនាញធ្វើការជួសជុលឡើងវិញកាលពីឆ្នាំ២០១៥ កន្លងមក។


Leave a Reply

Your email address will not be published. Required fields are marked *