កូរ៉េខាងត្បូង៖ នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ក្រុមអនុព័ន្ធការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានចុះទៅដល់មន្ទីរពេទ្យជាតិក្យង់ណាម ដើម្បីប្រគល់លិខិតថ្លែងអំណរគុណ និងកោតសរសើរដល់មន្ទីរពេទ្យនេះ ដែលកន្លងមកក្រោមការជួយសម្រួលពីសំណាក់ស្ថានទូតកម្ពុជា បានខ្នះខ្នែងទទួលព្យាបាលពលករខ្មែរយើងមួយរូប ដោយមិនគិតថ្លៃព្យបាលទាំងស្រុងជាង ១០ម៉ឺនដុល្លារ ឯណោះ ។
សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិក្យង់ណាមកាលពីជាងមួយខែមុន បានទទួលព្យាបាលពលករខ្មែរយើងម្នាក់ឈ្មោះ គីម ឃុនណា ក្រោមកិច្ចអន្ដរាគមន៍ពីក្រុមអនុព័ន្ធការងារអមស្ថានទូត និងលោក បាង ម្យង់អីល ប្រធានមជ្ឈមណ្ឌលគាំពារពលករនៃក្ដីស្រលាញ់។
ពលករខាងលើនេះ គឺជាពលករខុសច្បាប់ ដែលបានបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវប៉ូលីសកូរ៉េតាមឃាត់ បន្ទាប់មក គាត់បានព្យាយាមរត់គេចពីប៉ូលីស ហើយក្លាហានដល់ថ្នាក់ហ៊ានលោតពីលើស្ពានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅតំបន់ជីនជូ កាលថ្ងៃទី០៥ មករា ឆ្នាំ២០២១ ហើយត្រូវមន្ទីរពេទ្យយកថ្លៃព្យាបាលអស់ជាង ១០ម៉ឺនដុល្លារ ក្រោយពីព្យាបាលអស់រយៈពេលជាង ១ខែមក ដែលក្រោយមកក្រោមការសម្រួលរបស់ក្រុមការងារស្ថានទូត បានទទួលការព្យបាលដោយមិនគិតថ្លៃទាំងស្រុង។

នៅក្នុងថ្ងៃដដែលនោះដែរ ក្រោយពីបានប្រគល់លិខិតថ្លែងអំណរគុណ និងកោតសរសើរទៅដល់មន្ទីរពេទ្យជាតិក្យង់ណាមរួចហើយ ក្រុមអនុព័ន្ធការងារនៃស្ថានទូត បានឆ្លៀតចុះសួរសុខទុក្ខ និងទស្សនកិច្ចនៅមជ្ឈមណ្ឌលគាំពារពលករនៃក្ដីស្រលាញ់ ដែលកន្លងមកតែងតែជួយដោះស្រាយ ប្រឹក្សា និងបើកថ្នាក់បង្រៀន ដល់ពលករ ស្រ្តីរៀបការកម្ពុជារហូតមក។
ក្នុងជំនួបទស្សនកិច្ចនោះដែរ លោក បាង ម្យង់អីល ដែលជាប្រធានមជ្ឈមណ្ឌល មានសេចក្ដីត្រេកអរ និងសន្យាខិតខំសហការជាមួយក្រុមការងារស្ថានទូតកម្ពុជា ដើម្បីជួយគាំពារប្រជាជនកម្ពុជាបន្ថែមទៀត ហើយគាត់ពិតជាស្វាគមន៍ សហការ ក្នុងការរៀបចំកម្មវិធីជួបជុំសហគមន៍ខ្មែរ ក៏ដូចជាកម្មវិធីណាមួយជាមួយស្ថានទូតកម្ពុជា ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ចកម្ពុជាទៅដល់អ្នកសហគមន៍កូរ៉េ។