អជ្ញាធរកូរ៉េខាងត្បូងព្រាងវិធានការគម្លាតសង្គមទម្រង់ថ្មី ដែលបត់បែនជាងមុន និងអាចសម្រួលច្រើនដល់ជីវភាពប្រចាំថ្ងៃក្នុងសង្គម ខណៈបន្តការពារនូវជំងឺកូវីដ

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានប្រកាសពីគម្រោងផែនការនៃវិធានការគម្លាតសង្គមការពារកូវីដទម្រង់ថ្មី ដើម្បីអាចសម្រួលដល់ការអនុវត្តវិធានការគម្លាតសង្គមនេះឱ្យមានភាពប្រសើរ និងងាយស្រួលជាងមុន និងឆ្លើយតបទៅនឹងស្ថានការណ៍សង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់ពលរដ្ឋបានល្អជាងមុនផងដែរ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ផែនការនៃវិធានការគម្លាតសង្គមទម្រង់ថ្មីនេះ ចែកចេញជា៤កម្រិតប៉ុណ្ណោះ និងសម្របសម្រួលអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អ្នកលក់ដូរសាមញ្ញជាច្រើនមុខអាចប្រកបអាជីវកម្មរកស៊ីក្រោមគោលការណ៍ស្ម័គ្រចិត្ត ដោយទទួលខុសត្រូវទៅលើការអនុវត្តវិធានការគម្លាតសង្គមនៅតាមទីតាំងអាជីវកម្មរៀងៗខ្លួនផ្ទាល់វិញ។ តាមវិធានការថ្មីនេះ មានតែប្រភេទអាជីវកម្មណាដែលមានហានិភ័យខ្ពស់ដូចជាក្លឹបកម្សាន្ត បារ ខារ៉ាអូខេជាដើមប៉ុណ្ណោះ ដែលនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន ក្នុងករណីដែលអជ្ញាធរអនុវត្តវិធានការគម្លាតសង្គមថ្មីនេះ ដល់កម្រិតខ្ពស់ជាងគេនោះ។

បើតាមការបញ្ជាក់បន្ថែម ផែនការនៃវិធានការទម្រង់ថ្មីនេះនឹងកំណត់កម្រិតវិធានការគម្លាតសង្គម ដោយអាស្រ័យទៅលើកម្រិតនៃចំនួនករណីកូវីដឆ្លងថ្មីជាមធ្យមប្រចាំសប្តាហ៍ ធៀបក្នុងចំណោមមនុស្ស១០ម៉ឺននាក់វិញ។ តាមការកំណត់នេះ ប្រសិនបើករណីឆ្លងប្រចាំថ្ងៃមានដល់ធៀបក្នុងចំនួនមនុស្ស១០ម៉ឺននាក់ ស្មើនឹង ០.៧ ចុះក្រោម អជ្ញាធរនឹងអនុវត្តវិធានការគម្លាតសង្គមកម្រិត១ ហើយប្រសិនបើករណីឆ្លងប្រចាំថ្ងៃមានដល់ធៀបក្នុងចំនួនមនុស្ស១០ម៉ឺននាក់ ស្មើនឹង ៣ ឡើងទៅវិញ នោះអជ្ញាធរនឹងអនុវត្តវិធានការគម្លាតសង្គមថ្មីកម្រិត៤ ដែលជាកម្រិតខ្ពស់ជាងគេ។

ឧទាហរណ៍ជាតួលេខស្រួលយល់គឺ ប្រសិនបើករណីឆ្លងថ្មីប្រចាំថ្ងៃស្ថិតនៅក្រោមចំនួន ៣៦៣ ករណីជាមធ្យមទូទាំងប្រទេស នោះនឹងអនុវត្តវិធានការគម្លាតសង្គមកម្រិត១ ហើយប្រសិនបើករណីឆ្លងថ្មីប្រចាំថ្ងៃលើសពី ១,៥៥៦ ករណីជាមធ្យមទូទាំងប្រទេសនោះ វិធានការគម្លាតសង្គមនឹងកើនដល់កម្រិត៤ ជាកម្រិតខ្ពស់ជាងគេបង្អស់។

សម្រាប់វិធានការគម្លាតសង្គមទម្រង់ថ្មីនេះ កម្រិត១ ការអនុវត្តវិធានការគម្លាតសង្គមគឺត្រូវធ្វើទៅតាមស្តង់ដារអនាម័យ និងរក្សាគម្លាតយ៉ាងតិច១ម៉ែត្រពីគ្នានៅទីសាធារណៈជាដើម។ រីឯវិធានការគម្លាតសង្គមកម្រិត២វិញ គឺនឹងហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពីគ្នា ៨នាក់ឡើងទៅ ហើយតម្រូវឱ្យហាងកាហ្វេ ភោជនីយដ្ឋានផ្សេងៗ រក្សាគម្លាតពីយ៉ាងហោចណាស់ដល់ ៨មែ៉ត្របួនជ្រុងពីគ្នា។ សម្រាប់វិធានការកម្រិត៣វិញ គឹនឹងហាមមិនឱ្យមានការជួបជុំគ្នាលើសពី ៤នាក់ឡើងទៅ ហើយនឹងមានការអំពាវនាវឱ្យមនុស្សស្នាក់នៅក្នុងផ្ទះ មិនចេញក្រៅ។ ចំពោះវិធានការគម្លាតសង្គមកម្រិត៤វិញ ការជួបជុំលើសពីគ្នា២នាក់ឡើងទៅ នឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៦ល្ងាច ហើយបណ្តាអាជីវកម្មត្រូវបិទការរកស៊ីត្រឹមម៉ោង៩យប់ជាដើម។

វិធានការគម្លាតសង្គមទម្រង់ថ្មីនេះ នៅជាផែនការពង្រាងនៅឡើយ ដែលរដ្ឋាភិបាលកូរ៉េនឹងបន្តពិភាក្សាជាមួយអជ្ញាធរពាក់ព័ន្ធជំនាញ ដើម្បីអាចសម្រេចបានវិធានការគម្លាតសង្គមទម្រង់ថ្មីឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងចន្លោះប្រហោងដែលជាបញ្ហានៃវិធានការគម្លាតសង្គមបច្ចុប្បន្ននេះ។ តាមការបញ្ជាក់ វិធានការគម្លាតសង្គមទម្រង់ថ្មីនេះ អាចនឹងត្រូវសម្រេចដាក់ចេញនូវចុងខែមីនានេះតែម្តង។

សូមបញ្ជាក់ថា វិធានការគម្លាតសង្គមបច្ចុប្បន្នត្រូវបានសាធារណជន ក៏ដូចជាអជ្ញាធរផ្ទាល់ផងទទួលស្គាល់ថាមានចំណុចប្រហោងខ្វះខាត ដែលនាំឱ្យវិធានការអនុវត្តប៉ះពាល់ខ្លាំងដល់ប្រតិបត្តិការអាជីវកម្មនានាជាច្រើន ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការសង្គម និងសេដ្ឋកិច្ចកូរ៉េខាងត្បូងធ្ងន់ធ្ងរផងដែរ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

Leave a Reply

Your email address will not be published. Required fields are marked *