សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់អោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងការធ្វើដំណើរចូលមកប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
• លើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) បញ្ជាក់ថាគ្មាន មេរោគកូវីដ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា។
• អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជាត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
• ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើនដែលត្រូវបានរកឃើញមានវិជ្ជមាន កូវីដ១៩ រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
• ក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជមាន កូវីដ១៩ នោះពួកគាត់ត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាម ផ្ទះរៀងៗខ្លួនក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាប និងចូលរួមអនុវត្ត។