កូរ៉េខាងត្បូង៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េមានភាពសកម្មក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ក្នុងនោះដែរ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីយ៉ាងរស់រវើក និងមានសារៈសំខាន់ជាមួយគ្នាទៅវិញទៅមកផងដែរ។
ក្នុងវិស័យពាណិជ្ជកម្ម ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងផ្លាស់ប្តូរមុខទំនិញជាមួយគ្នាទៅវិញទៅមកជាច្រើនមុខ ដែលសម្រាប់កម្ពុជាទំនិញសក្តានុពលសំខាន់ដែរនោះ គឺទំនិញផលិតផលកសិកម្ម។
បើតាមទិន្នន័យដែលទទួលបាន ចំពោះផលិតផលកសិកម្មដែលកម្ពុជាយើងបាននាំចូលមកក្នុងប្រទេសកូរ៉េខាងត្បូង លើកលែងតែអង្ករមួយចេញនោះ មានដល់ទៅ២៩មុខទំនិញឯណោះ ដែលមានមុខទំនិញសំខាន់ៗដូចជា ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្សិតសុក្រម គ្រាប់ស្វាយចន្ទី ស្លឹកចេក ត្រយ៉ូងចេក ម្រេច ស្ករត្នោត ជ័រកៅស៊ូ ផ្លែដូង ប្រហុក ផ្អក ទឹកត្រី ស្ករអំពៅ ក្រូចងាំង៉ូវ និងទំនិញកសិកម្មដទៃទៀតមួយចំនួនផងដែរ។
ក្នុងចំណោមផលិតផលកសិកម្មដល់ទៅ២៩មុខទំនិញ នាំចូលមកកូរ៉េខាងត្បូងនេះ គេសង្កេតឃើញថា ផ្សិតសុក្រម មានច្រើនជាងគេដល់ទៅជាង ១០០តោនឯណោះ រីឯផ្លែស្វាយស្រស់ខ្មែរយើងមានដល់ទៅ ៧៦.៩៧តោនផងដែរ។ ជ័យកៅស៊ូនាំចូលមានដល់ទៅ ៤០.១២តោនដែរ ខណៈដែលទឹកញ គ្រាប់ស្វាយចន្ទី និងស្ករត្នោតជាទំនិញពេញនិយមនាំចូលដែរ ដែលមានទំហំនាំចូលដល់ទៅជាង ២០តោនជាងផងសម្រាប់មុខទំនិញនីមួយៗផងដែរ។
ក្នុងនោះដែរ ក៏មានទំនិញកសិកម្មមួយចំនួន ដែលថ្មីៗនេះ ត្រូវបានក្រុមហ៊ុននាំចូលកូរ៉េ បានស្វែងរកជាវពីកសិករកម្ពុជាផងដែរនោះដូចជា គល់ស្លឹកគ្រៃ រំដេង ស្លឹកចេក ត្រយោងចេក និងស្លឹកចេកក្រៀមជាដើម។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីៗនេះបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងផងដែរ ដែលកិច្ចព្រមព្រៀងនឹងក្លាយជាលិខិតូបករណ៍ប្រវត្តិសាស្រ្ត ក្នុងការជំរុញបន្ថែមពាណិជ្ជកម្មផ្ទាល់ និងទ្វេភាគីរវាងភាគីទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ នឹងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានភាពទូលំទូលាយ និងក្លាយជាគ្រឹះសម្រាប់ស្តារសេដ្ឋកិច្ចប្រទេសទាំងពីរក្នុងបរិបទក្រោយវិបត្តិកូវីដនេះផងដែរ។ កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញកម្ពុជាទៅកូរ៉េ លើមុខទំនិញសក្តានុពលដូចជាសម្លៀកបំពាក់វាយនភ័ណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម រីឯកូរ៉េខាងត្បូងនឹងអាចបង្កើនការនាំចូលកម្ពុជាលើផលិតផលសក្តានុពលដូចជា យានយន្ត គ្រឿងអេឡិកត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។