ចំនួនប្រជាជននៅសេអ៊ូល ថយចុះមកក្រោម ១០លាននាក់ ជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយ ដោយសារបញ្ហាកូវីដផង និងនិន្នាការសង្គមផង

កូរ៉េខាងត្បូង៖ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងសេអ៊ូល ធ្លាក់ចុះមកនៅតួលេខក្រោម១០លាននាក់ជាលើកដំបូងបង្អស់ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ បើតាមការបញ្ជាក់របស់សាលាក្រុងសេអ៊ូល ផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមទិន្នន័យដែលដកស្រង់ចេញពីក្រសួងមហាផ្ទៃកូរ៉េ ចំនួនប្រជាជនរស់នៅទីក្រុងសេអ៊ូលបានធ្លាក់ចុះមកនៅត្រឹម ៩,៩១១,០៨៨ នាក់ត្រឹមចុងឆ្នាំ២០២០ ដែលក្នុងនោះមាន៩,៦៦៨,៤៦៥នាក់ជាជនជាតិកូរ៉េ និងចំនួន ២៤២,៦២៣នាក់ជាជនជាតិបរទេស។ តួលេខនេះបញ្ជាក់ថាប្រជាជនក្នុងទីក្រុងសេអ៊ូលបានថយចុះដល់ទៅជាង ៩៩,៨៩៥នាក់ក្នុងមួយឆ្នាំ២០២០ ប្រមាណ១% បើធៀបទៅនឹងចំនួនប្រជាជនសេអ៊ូលក្នុងឆ្នាំ២០១៩។

ការថយចុះចំនួនប្រជាជននេះ គឺថយចុះជនជាតិកូរ៉េចំនួនជាង៦ម៉ឺននាក់ និងជនបរទេសប្រមាណជាង៣ម៉ឺននាក់ ដែលសាលាក្រុងសេអ៊ូលអះអាងថាបណ្តាលមកពីផលវិបាកនៃជំងឺកូវីដក្នុងឆ្នាំ២០២០កន្លងទៅនេះ។

យ៉ាងណាមិញ បើក្រឡេកមើលទៅក្រោយវិញ ប្រជាជនទីក្រុងសេអ៊ូលបានកើនឡើងខ្លាំងដល់លើសចំនួន១០លាននាក់ដំបូងបង្អស់តាំងពីឆ្នាំ ១៩៨៨ មកម្លេះ ហើយកើនឡើងច្រើនបំផុតដល់ចំនួន ១០.៩២លាននាក់ក្នុងឆ្នាំ១៩៩២ ដែលជាអំឡុងពេលដែលទីក្រុងសេអ៊ូលចាប់ផ្តើមដំណើរការនូវបណ្តារោងចក្រឧស្សាហកម្មនានាជាច្រើននោះ។

ការធ្លាក់ចុះនេះត្រូវបានគេវិភាគថាបណ្តាលមកពីនិន្នាការប្រជាសាស្រ្តនៃប្រជាជនកូរ៉េ ដែលបានកំពុងក្លាយជាសង្គមដែលប្រជាជនវ័យចំណាស់កាន់តែច្រើននោះ។ ស្របពេលនៃចំនួនថយចុះនៃប្រជាជនរស់នៅក្នុងទីក្រុងនេះ គេឃើញថាទិន្នន័យនៃចំនួនទារក និងកុមារពី ០ឆ្នាំ ដល់ ៤ឆ្នាំថយចុះដល់ទៅ ១០.២៦% ក្នុងឆ្នាំ២០២០ ខណៈដែលចំនួននៃប្រជាជនវ័យពី ៨៥ ដល់ ៨៩ឆ្នាំកើនដល់ទៅ១១.៤២%ឯណោះ។

បញ្ហាប្រឈមថ្មីនៃសង្គមកូរ៉េនាពេលបច្ចុប្បន្នដែលអ្នកជំនាញ រួមនឹងអ្នកធ្វើគោលនយោបាយត្រូវគិតគូរនោះគឺ ការថយចុះខ្លាំងនៃកំណើនប្រជាជន ដោយសារតែទំនោរនៃប្រជាជនវ័យក្មេងជាច្រើន ដែលពន្យារពេលរៀបការ ឬមិនរៀបការបង្កើតគ្រួសារតែម្តង ជាច្រើនឆ្នាំកន្លងមក ជាពិសេសក្នុងអំឡុងពេលនៃបញ្ហាកូវីដនេះតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *