អ្នកជំងឺចំណាស់ ២ រូប នៅកូរ៉េខាងត្បូង បាត់បង់ជីវិតប៉ុន្មានថ្ងៃក្រោយបានចាក់វ៉ាក់សាំងកូវីដ AstraZeneca ខណៈអ្នកជំនាញកំពុងស្រាវជ្រាវរកមូលហេតុ

កូរ៉េខាងត្បូង៖ អ្នកជំងឺ ២ រូបនៅក្នុងមណ្ឌលថែទាំចាស់ជរានៅក្នុងខេត្តឃ្យ៉ុងគី បានបាត់បង់ជីវិត ប៉ុន្មានថ្ងៃក្រោយពីបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ដែលនាំឱ្យមហាជនមានការបារម្ភជាថ្មីទៅលើអំណះអំណាងអំពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដនេះ បើតាមការចុះផ្សាយចុងក្រោយក្នុងសារព័ត៌មាន Yonhap News។

សម្រាប់ករណីទី១នៃករណីដែលបាត់បង់ជីវិតនេះ គឺអ្នកជំងឺម្នាក់ដែលមានអាយុប្រហែលខ្ទង់ ៥០ឆ្នាំ ដែលមានស្ថានភាពជំងឺផ្ទាល់ខ្លួនមួយចំនួនផងដែរ បានបាត់បង់ជីវិតក្នុងនៅមន្ទីរពេទ្យនៅតំបន់ហ្គូយ៉ាង (Goyang) ក្រោយពីបានទទួលវ៉ាក់សាំងកូវីដនេះកាលពីពេលព្រឹកថ្ងៃអង្គារម្សិលមិញនេះ។

តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល អ្នកជំងឺរូបនេះបានបង្ហាញអាការៈនៃជំងឺគាំងបេះដូង និងពិបាកដកដង្ហើមនៅរសៀលថ្ងៃអង្គារ ប៉ុន្តែក្រោយមកក៏មានភាពប្រសើរគ្រាន់ជាងមុនវិញ ក្រោយពីមានការបន្តតាមដានពីសំណាក់គ្រូពេទ្យ ប៉ុន្តែក្រោយមកទៀតៅព្រឹកថ្ងៃពុធនេះ អ្នកជំងឺរូបនេះបានបង្ហាញអាការៈនេះជាថ្មី រហូតដល់បាត់បង់ជីវិតតែម្តង។

មន្ត្រីសុខាភិបាលបញ្ជាក់ថា គេមិនទាន់អាចបញ្ជាក់បានថាតើការបាត់បង់ជីវិតនេះបណ្តាលមកពីមូលហេតុណាមួយពាក់ព័ន្ធនឹងការទទួលវ៉ាក់សាំងនោះទេ។ តាមប្រភពពីមន្ត្រីសុខាភិបាល អ្នកជំងឺរូបនេះមានស្ថានភាពជំងឺបេះដូង ទឹកនោមផ្អែម និងលើសឈាមផងដែរ។

សម្រាប់ករណីទី២វិញ គឺជាអ្នកជំងឺដែលស្នាក់នៅមន្ទីរពេទ្យមួយនៅតំបន់ព្យ៉ុងថេក ដែលមានអាយុ ៦៣ឆ្នាំ ហើយបានបាត់បង់ជីវិតនៅព្រឹកថ្ងៃពុធនេះដែរ គឺរយៈពេល៤ថ្ងៃក្រោយពីបានទទួលវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់អង់គ្លេស បើតាមការប្រាប់ឱ្យដឹងរបស់អជ្ញាធរសុខាភិបាល។

អ្នកជំងឺរូបនេះវិញ មានស្ថានភាពជំងឺប្រចាំកាយគឺជំងឺដាច់សរសៃឈាមខួរក្បាល ហើយក្រោយពីបានចាក់វ៉ាក់សាំងមក បានចាប់ផ្តើមបង្ហាញនូវអាការៈធ្ងន់ធ្ងរដូចជាក្តៅខ្លួនខ្លាំង និងឈឺខ្លួនចាប់តាំងពីពេលបានទទួលវ៉ាក់សាំងភ្លាមពីថ្ងៃសៅរ៍មុនមកម្លេះ។ ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់កាលពីថ្ងៃអង្គារម្សិលមិញ តែបានបាត់បង់ជីវិតនៅព្រឹកនេះ ដោយមាននូវរោគសញ្ញាជាតិពុលក្នុងឈាម និងរលាកថ្លើម បើតាមការបញ្ជាក់របស់អជ្ញាធរ។

នៅក្នុងករណីទាំងពីរនេះ អ្នកជំនាញសុខាភិបាលកំពុងបន្តធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកឱ្យដឹងពីមូលហេតុនៃការបាត់បង់ជីវិតថាតើមានពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងកូវីដដែរឬទេ។

Leave a Reply

Your email address will not be published. Required fields are marked *