ថ្ងៃនេះ កូរ៉េខាងត្បូងរកឃើញករណីកូវីដថ្មី ដល់ ៤៤៤ ករណី កើនឡើងដល់ ១០០ករណី ពីម្សិលមិញ ខណៈដែលកម្មវិធីផ្តល់វ៉ាក់សាំងបន្តធ្វើទូទាំងប្រទេស

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធនេះ ចំនួនករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ជាង ៤០០ករណីវិញ ខណៈពេលដែលប្រជាជនកូរ៉េខាងត្បូងកំពុងបន្តកម្មវិធីទទួលយកវ៉ាក់សាំងកូវីដ-១៩។

តាមទិន្នន័យចុះផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ចំនួនករណីកូវីដកើនថ្មីមានដល់ ៤៤៤ករណី​ ដែលក្នុងនោះមាន៤២៦ករណីជាករណីឆ្លងក្នុងស្រុក និង១៨ករណីជាករណីនាំចូលពីខាងក្រៅ។ គិតមកដល់ព្រឹកនេះ ចំនួនករណីសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៩០,៨១៦ករណីហើយ ខណៈដែលករណីបាត់បង់ជីវិតកើនបន្ថែមចំនួន ៦ករណីនាំឱ្យមានដល់ ១,៦១២ករណី។

បើគិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីឆ្លងថ្មីបន្តស្ថិតក្នុងរង្វង់ចន្លោះពី ៣០០ ទៅ៤០០ករណីជាង ខណៈដែលរលកទី៣នៃការឆ្លងកូវីដហាក់ធូរស្បើយច្រើនហើយ តែនៅមិនទាន់បញ្ចប់នោះទេបើតាមការលើកឡើងជាបន្តបន្ទាប់របស់អជ្ញាធរ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងនៅបន្តអនុវត្តវិធានការគម្លាតសង្គមនានាដែលមានស្រាប់រយៈពេល ២សប្តាហ៍ទៀត បើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីកូរ៉េកាលពីចុងសប្តាហ៍មុន។ ដូចនេះមានន័យថា ទីក្រុងសេអ៊ូល និងតំបន់ធំៗជុំវិញនៅបន្តស្ថិតក្នុងវិធានការគម្លាតសង្គមកម្រិត ២ ខណៈដែលតំបន់ដទៃទៀតទូទាំងប្រទេសនៅបន្តស្ថិតក្នុងវិធានការគម្លាតសង្គមកម្រិត១.៥ដដែល។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថាមានវិធានការបន្ធូរបន្ថយមួយចំនួនត្រូវបានដាក់ចេញ ដូចជាការអនុញ្ញាតបន្ថែមម៉ោងសម្រាប់ដំណើរការអាជីវកម្មទូទៅមួយចំនួនជាដើម។

កាលពីម្សិលមិញនេះ ជាថ្ងៃចូលបវេសនកាលថ្មីរបស់សាលារៀននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលអជ្ញាធរតម្រូវឱ្យគ្រប់ថ្នាក់ទាំងអស់ លើកលែងតែកុមារតូចៗដែលរៀនពីថ្នាក់ទី២ចុះក្រោម ត្រូវអនុវត្តទៅតាមវិធានគម្លាតសង្គមពាក់ព័ន្ធនឹងការកំណត់ចំនួនសិស្សមកសិក្សាក្នុងថ្នាក់រៀនផ្ទាល់។

ចំណែកឯកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងវិញ ចាប់តាំងពីថ្ងៃទី២៦ កុម្ភៈ ដល់ព្រឹកថ្ងៃនេះ មានអ្នកទទួលចាក់វ៉ាក់សាំងបាន ៨៧,៤២៨នាក់ហើយ ដែលម្សិលមិញនេះមានអ្នកទទួលដល់ទៅ ៦៣,៦៤៤នាក់ឯណោះ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ទាំងអស់ វ៉ាក់សាំង AstraZeneca របស់អង់គ្លេសបានចាក់ជូនចំនួន ៨៥,៩០៤ ខណៈដែលវ៉ាក់សាំងរបស់ Pfizer បានចាក់ជូនចំនួន ១,៥២៤។

 

Leave a Reply

Your email address will not be published. Required fields are marked *