កូរ៉េខាងត្បូង៖ ក្រសួងការងារ និងពលកម្មកូរ៉េខាងត្បូងប្រកាសនៅថ្ងៃអង្គារនេះថាពលករបរទេសធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចត្រូវអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារបាន ប្រសិនបើថៅកែរបស់ខ្លួនផ្តល់កន្លែងស្នាក់នៅមិនអាចទទួលយកបាន ដូចជាករណីផ្ទះផ្លាស្ទិកដាំបន្លែជាដើម ដែលមិនសមរម្យទៅនឹងស្ថានភាពស្នាក់នៅរបស់ពលករ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។
វិធានការថ្មីដែលទើបនឹងប្រកាសនេះ ជាវិធានការដាក់ចេញដើម្បីធ្វើឱ្យប្រសើរឡើងចំពោះស្ថានភាពស្នាក់នៅ និងធ្វើការរបស់ពលករបរទេសក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមក្របខណ្ឌនៃប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។
ការដាក់ចេញវិធានការនេះ គឺឆ្លើយតបទៅនឹងករណីដ៏អាក្រក់ដែលពលករខ្មែរយើងម្នាក់ត្រូវបានរកឃើញបាត់បង់ជីវិតដោយសារជំងឺប្រចាំកាយកាលពីខែធ្នូកន្លងទៅនេះ ប៉ុន្តែលក្ខខណ្ឌនៃកន្លែងស្នាក់នៅក្នុងពេលដែលបាត់បង់ជីវិតនោះ គឺមិនអាចទទួលយកបាន ដែលជាប្រភេទផ្ទះផ្លាស្ទិកដាំដំណាំ ក្នុងអាកាសធាតុត្រជាក់ខ្លាំងជាង -20 អង្សារ ហើយខូចទាំងប្រព័ន្ធកំដៅថែមទៀតផង។
វិធានការនេះចែងថាកន្លែងស្នាក់នៅដែលមិនសមស្រប នឹងត្រូវរាប់បញ្ចូលជាហេតុផលមួយដែលអាចឱ្យពលករស្នើសុំផ្លាស់ប្តូរការងារបាន ហើយចំពោះម្ចាស់ទីតាំងនិយោជកដែលត្រូវគេរកឃើញថាផ្តល់កន្លែងស្នាក់នៅមិនសមរម្យសម្រាប់ពលករបរទេសនឹងត្រូវពិន័យមិនឱ្យអាចទទួលពលករបរទេសធ្វើការបានទៀតនោះទេ។

ក្នុងច្បាប់ការងារបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េ ពលករបរទេសអាចអនុញ្ញាតឱ្យផ្លាស់ប្តូរទីតាំងការងារបាន ៥ដង ក្នុងរយៈពេលធ្វើការនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌដែលកុងត្រាការងារហូសសុពលភាព ឬត្រូវបានលុបចោល។ ពលករបរទេសក៏អាចស្នើបញ្ចប់កុងត្រាការងារបាន ក្នុងលក្ខខណ្ឌក្រៅពីការងារ ដូចជាការវាយធ្វើបាប ការរំលោភបំពានផ្លូវភេទ និងការមិនបង់ប្រាក់ខែជាដើម។ វិធានការបច្ចុប្បន្ននេះត្រូវបានមហាជនរិះគន់ថាមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការការពារពលករបរទេសពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងកន្លែងការងារ និងពីការធ្វើទុក្ខបុកម្នេញពីថៅកែជាដើម។
ហេតុនេះហើយ ទើបអជ្ញាធរកូរ៉េខាងត្បូងសម្រេចធ្វើការកែសម្រួល ផ្តល់សិទ្ធិដល់ពលករបរទេសអាចស្វែងរកការងារផ្សេងបាន ក្នុងលក្ខខណ្ឌថ្មីនេះដើម្បីធានាការការពារបាននូវសិទ្ធរបស់ពលករ និងសិទ្ធមនុស្សនៅក្នុងកន្លែងការងារ។ ដូចនេះ ក្រោមវិធានការដែលបានកែប្រែថ្មីនេះ ហេតុផលដែលពលករបរទេសអាចស្នើសុំផ្លាស់ប្តូរការងាររបស់ខ្លួនបានមានដូចជា៖ កន្លែងស្នាក់នៅមិនសមរម្យ ការបង្ខំបញ្ឈប់ការងារក្នុងរដូវដែលមិនមានសកម្មភាពកសិកម្ម ឬនេសាទជាដើម ការវាយធ្វើបាបផ្លូវកាយ និងផ្លូវចិត្ត និងគ្រោះថ្នាក់ការងារដោយសារតែការបំពានវិធានសុវត្ថិភាពរបស់ថៅកែ និងហេតុផលដទៃទៀត។ ក្នុងនោះដែរ ការេំលោភបំពានផ្លូវភេទជាហេតុផលដាច់ណាត់ដែលពលករអាចធ្វើការផ្លាស់ប្តូរការងារបានភ្លាមៗតែម្តង ដែលអជ្ញាធរនឹងធ្វើការចាត់ចែងជូនក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីការដាក់បណ្តឹងស្នើសុំ។
ដូចនេះ អជ្ញាធរបានកំណត់ថាចាប់ពីថ្ងៃនេះទៅ ម្ចាស់កសិដ្ឋាន និងរោងនេសាទជាដើមមានរយៈពេល៦ខែ ដើម្បីធ្វើការកែតម្រូវស្ថានភាពរស់នៅសម្រាប់ផ្តល់ជូនពលករបរទេស ដែលរយៈពេលនេះជាការយោគយល់របស់រដ្ឋាភិបាលសម្រាប់ឱ្យថៅកែអាចមានលទ្ធភាពហិរញ្ញវត្ថុសម្រួលទៅតាមលក្ខខណ្ឌដែលកំណត់ថ្មីនេះ។
ក្នុងវិធានការថ្មីនេះ ចំណុចដែលគួរឱ្យសាទរមួយទៀត គឺពលករបរទេសនៅក្នុងវិស័យកសិកម្ម និងនេសាទ នឹងអាចចុះឈ្មោះទទួលបានធានារ៉ាប់រងសុខភាពរបស់រដ្ឋនៅពេលចូលមកដល់ក្នុងប្រទេសកូរេ៉ខាងត្បូងភា្លម ដែលក្នុងស្ថានភាពបច្ចុប្បន្ននេះ ពលករបរទេសត្រូវរង់ចាំយ៉ាងហោចណាស់ ៦ខែ ទើបអាចធ្វើការស្នើសុំធានារ៉ាប់រងនេះដោយខ្លួនឯងជាលក្ខណៈបុគ្គល ដោយមិនមែនជាផលប្រយោជន៍ទទួលបានតាមវិស័យការងារដែលខ្លួនបំពេញនោះទេ ដែលមានន័យថាក្នុងរយៈពេល៦ខែដំបូងពេលចូលមកដល់ភ្លាម សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ ពលករបរទេសមានបញ្ហាប្រឈមច្រើនទាក់ទងនឹងផលប្រយោជន៍ផ្នែកសុខភាពនេះ។
