អបអរសាទរ! ពលករខ្មែរ ២០នាក់ ឆ្លងកូវីដពីរោងចក្រនៅណាំយ៉ាងជូ ប៉ុន្មានសប្តាហ៍មុន ឥឡូវនេះបានសះស្បើយទាំងស្រុងហើយ និងអាចចូលធ្វើការធម្មតាវិញ

កូរ៉េខាងត្បូង៖ ករណីពលករខ្មែរយើង ជាច្រើនរូប ដែលបានជាប់ក្នុងករណីឆ្លងកូវីដសហគមន៍ចេញពីរោងចក្រផលិតប្លាស្ទិកនៅឋកាលពីពេលថ្មីៗកន្លងមកនោះ ឥឡូវនេះបានជាសះស្បើយទាំងស្រុងទាំងអស់គ្នាហើយ បើតាមការលើកឡើងរបស់ក្រុមការងារស្ថានទូតកម្ពុជា។

តាមការបញ្ជាក់ ត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលមិញ ពលករខ្មែរទាំង២០នាក់ ក្នុងរោងចក្រ Daedong Plastic នៅតំបន់ណាំយ៉ាងជូ សាធារណរដ្ឋកូរ៉េ ដែលបានឆ្លងកូវីដ-១៩ ក្នុងករណីផ្ទុះជាសហគមន៍កន្លងមកតាំងពីថ្ងៃទី១៧ ខែកុម្ភៈ ២០២១មកនោះ បានជាសះស្បើយទាំងអស់គ្នាហើយ ដោយពួកគាត់ទាំងអស់បានវិលត្រលប់មករោងចក្រវិញអស់ហើយ បន្ទាប់ពីសម្រាកព្យាបាលជំងឺនាពេលកន្លងមក។

តាមការបញ្ជាក់បន្ត ពលករទាំងអស់ដែលបានជាសះស្បើយហើយនោះ នឹងចាប់ផ្តើមចូលបម្រីការងារប្រចាំថ្ងៃជាធម្មតាវិញចាប់ពីថ្ងៃទី៣ មីនា ២០២១ ស្អែកនេះទៅហើយ។

សូមរំលឹកមកក្រោយបន្តិច ករណីសហគមន៍នេះកើតឡើងនៅរោងចក្រផលិតគ្រឿងជ័រ ឈ្មោះ Daedong Plastic នៅតំបន់ណាំយ៉ាងជូ ចម្ងាយប្រហែលជាង ២០គីឡូពីទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១ ដែលក្នុងករណីនោះមានពលករបរទេសចំនួនប្រមាណ ១១០នាក់ជាង ដែលក្នុងនោះពលករខ្មែរចំនួន២០នាក់ដែរកំពុងបម្រើការងារនៅទីនោះដែរ។ ពួកគាត់ខ្លះត្រូវបានអាជ្ញាធរកូរ៉េបញ្ជូនឱ្យទៅធ្វើចត្តាឡីស័កដាច់ដោយឡែកផ្សេងៗពីគ្នា ក្រោមការរៀបចំកន្លែងដោយអជ្ញាធរកូរ៉េ និងអ្នកខ្លះទៀតដែលមិនមានអាការៈធ្ងន់ធ្ងរទេ គឺត្រូវនៅដាច់ដោយឡែកនៅបន្ទប់រោងចក្រតែម្តង។

ឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ និងក្រុមការងារជួបសំណេះសំណាលជាមួយពលករខ្មែរដែលបានជាសះស្បើយពីកូវីដ នៅថ្ងៃទី២ ខែមីនានេះ
ឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ និងក្រុមការងារជួបសំណេះសំណាលជាមួយពលករខ្មែរដែលបានជាសះស្បើយពីកូវីដ នៅថ្ងៃទី២ ខែមីនានេះ

ជាមួយគ្នានេះ បងប្អូនក៏បានអះអាងថាអជ្ញាធរកូរ៉េ បានផ្ដល់អាហារបំប៉នដែលមានវីតាមីនច្រើន មានឧបករណ៍ត្រួតពិនិត្យសុខភាពក្នុងបន្ទប់ផ្ទាល់ ដើម្បីឱ្យពួកគាត់អាចរាយការណ៍បានទៅដល់អាជ្ញាធរសុខភាពគេជារៀងរាល់ថ្ងៃផងដែរ។

នៅរសៀលថ្ងៃអង្គារទី២ មីនានេះ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតបានជួបសំណេះសំណាលផងដែរ ជាមួយក្រុមពលករខ្មែរយើងខាងលើដែលបានជាសះស្បើយ តាមប្រព័ន្ធវីដេអូ។

សូមបងប្អូនខ្មែរយើងទាំងអស់នៅក្នុងប្រទេសកូរ៉េបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការអនាម័យនានាដាក់ចេញដោយរដ្ឋាភិបាលកូរ៉េដើម្បីការពារខ្លួនពីជំងឺកូវីដនេះ ខណៈដែលនៅក្នុងប្រទេសកូរ៉េ ថ្វីត្បិតតែបានចាប់ផ្តើមកម្មវិធីចាក់វា៉ក់សាំង តែហានិភ័យនៅតែបន្តមានខ្ពស់ដដែល។

ក្រុមការងារស្ថានទូតសួរសុខទុក្ខពលករខ្មែរដែលសម្រាកព្យាបាលជំងឺកូវីដ តាមប្រព័ន្ធវីដេអូ កន្លងមក

Leave a Reply

Your email address will not be published. Required fields are marked *