រដ្ឋាភិបាលកូរ៉េប្រកាសឱ្យធនាគារនៅកូរ៉េ ពន្យារពេល ៦ខែទៀត សម្រាប់ការសងប្រាក់កម្ចីសរុប និងការប្រាក់សម្រាប់កម្ចី ចំពោះអ្នករកស៊ីតូចៗប៉ះពាល់ដោយកូវីដ

កូរ៉េខាងត្បូង៖ និយ័តករហិរញ្ញវត្ថុកូរ៉េខាងត្បូងចេញសេចក្តីប្រកាសនៅថ្ងៃអង្គារនេះថា ធនាគារក្នុងស្រុកនឹងបន្ថែមការពន្យារពេលសំណងសម្រាប់កម្ចី និងពន្យារពេលបង់ការប្រាក់សម្រាប់កម្ចីរបស់បណ្តាអាជីវកម្មតូចៗ និងអ្នកដែលងាយរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ។

តាមការប្រកាសរបស់គណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ (Financial Services Commission) នេះ បណ្តាធនាគារក្នុងស្រុកបានសម្រេចធ្វើការពន្យារពេលសម្រាប់ការសងប្រាក់កម្ចីដើម និងការប្រាក់សម្រាប់បណ្តាអ្នករកស៊ីតូចៗ និងអ្នកក្រីក្រ ងាយរងគ្រោះដោយកូវីដ រហូតដល់៦ខែទៀត រហូតដល់ចុងខែកញ្ញាឆ្នាំ២០២១វិញ។

ចាប់តាំងពីខែមីនាឆ្នាំ២០២០មក ដែលកូវីដចាប់ផ្តើមវាយប្រហារលើប្រទេសកូរ៉េ បណ្តាធនាគារបានអនុវត្តវិធានការពន្យារពេលសំណងនេះសម្រាប់សហគ្រាសធុនតូច និងមធ្យម និងម្ចាស់ហាងតូចៗរយៈពេលប្រាំមួយខែចំនួន២ដងមកហើយ ដើម្បីសម្រួលបញ្ហាហិរញ្ញវត្ថុជូនអ្នកខ្ចីដែលរងគ្រោះដោយសារបញ្ហាកូវីដ ដែលអាជីវកម្មជាច្រើនត្រូវបិទទ្វារ និងខាតអស់ជាច្រើនក្នុងរយៈពេលសឹងពេញមួយឆ្នាំកន្លងមក។

បើតាមការបញ្ជាក់របស់គណៈកម្មការនេះ គិតមកដល់ត្រឹមចុងខែមករា ២០២១នេះ ចំនួនកម្ចីធនាគារសរុបដែលត្រូវបានពន្យារពេលសងនេះកើនដល់ ១២១ ទ្រីលានវ៉ុន (ប្រមាណជាង ១០៧ប៊ីលានដុល្លារ)។

Leave a Reply

Your email address will not be published. Required fields are marked *