បវេសនកាលឆ្នាំសិក្សាថ្មីនៅកូរ៉េចូលព្រឹកនេះ សិស្សថ្នាក់ទី២ចុះក្រោម មករៀនពេញធម្មតា ខណៈថ្នាក់ធំៗ កំណត់ចំនួនសិស្សមករៀនក្នុងផ្ទាល់ ការពារពីកូវីដ

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារនេះ សិស្សសាលានៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមវិលត្រឡប់ទៅថ្នាក់រៀនវិញហើយ ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី បើទោះជាស្ថានការណ៍កូវីដនៅតែបន្តចោទជាបញ្ហានៅឡើយក៏ដោយ។

ក្នុងឱកាសបើកបវេសនកាលនេះ ក្រសួងអប់រំកូរ៉េខាងត្បូងប្រកាសថានឹងពង្រីកចំនួនសិស្សដែលអាចមករៀនផ្ទាល់នៅក្នុងថ្នាក់ ដោយនឹងផ្តល់ការសម្រួលច្រើនលើបែបបទ និងវិធានការអនាម័យការពារកូវីដ-១៩ នៅតាមគ្រឹះស្ថានអប់រំ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំចេញពីខែមករាកន្លងទៅ បវេសនកាលថ្មីសម្រាប់ពាក់កណ្តាលដើមឆ្នាំនេះ ក្រសួងផ្តល់ការសម្រួលលើកលែងវិធានការគម្លាតសង្គមចំពោះសាលាសម្រាប់កុមារតូចៗ សាលាមត្តេយ្យ និងថ្នាក់ទី១ និងថ្នាក់ទី២ នៃកម្រិតបឋមសិក្សា ដើម្បីអាចសម្រួលឱ្យកុមារតូចៗទទួលបានការសិក្សាផ្ទាល់ក្នុងថ្នាក់រៀន ដើម្បីអាចសម្របខ្លួនទៅនឹងការសិក្សា ដែលកុមារតូចៗអាចនឹងមានការលំបាកច្រើនក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ។ ដូចនេះ សិស្សតូចៗទាំងអស់នឹងត្រូវទៅរៀននៅសាលាផ្ទាល់ទាំងអស់គ្នា។

បើតាមការបញ្ជាក់របស់រដ្ឋាភិបាលជាពិសេសក្រសួងអប់រំ ការលើកលែងសម្រាប់ថ្នាក់តូចៗនេះ ក៏ដោយសារតែលទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ហានិភ័យនៃជំងឺកូវីដ-១៩ទៅលើកុមារ គឺមានភាពធូរស្រាលជាងច្រើនបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ រួមនឹងការពិនិត្យទៅលើផលប៉ះពាល់ទៅលើការវិវត្តរបស់កុមារតូចៗ ប្រសិនបើត្រូវចំណាយពេលជាច្រើនខែ ឬអាចដល់ឆ្នាំរៀនតាមប្រព័ន្ធអនឡាញទាំងនៅវ័យក្មេងពេក។

ការលើកលែងនេះសម្រាប់តែកម្រិតថ្នាក់ចាប់ពីថ្នាក់ទី២ចុះក្រោមប៉ុណ្ណោះ ខណៈដែលកម្រិតថ្នាក់រៀនពីថ្នាក់ទី២ឡើងទៅនឹងត្រូវអនុវត្តទៅតាមកម្រិតនៃវិធានការគម្លាតសង្គមនៅតាមតំបន់នីមួយៗ។

ជាក់ស្តែង សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញនៃខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នៅបន្តអនុវត្តវិធានការគម្លាតសង្គមកម្រិត២ ដែលតម្រូវឱ្យសាលារៀនកម្រិតបឋមសិក្សា និងអនុវិទ្យាល័យត្រូវមានចំនួនសិស្ស ១/៣ នៃសិស្សសរុបមករៀនផ្ទាល់ក្នុងថ្នាក់ តែក៏អាចបន្ធូរមកដល់ចំនួន ២/៣ វិញផងដែរ ទៅតាមស្ថានការណ៍កូវីដផងដែរ។ ចំណែកឯកម្រិតវិទ្យាល័យវិញ ត្រូវមានចំនួនសិស្សចូលរៀន ២/៣ នៃសិស្សសរុបផងដែរ។

ក្នុងនោះដែរ ដើម្បីសម្រួលពិសេសដល់ថ្នាក់ទី១២ ដែលជាថ្នាក់ត្រូវប្រឡងថ្នាក់ជាតិ រដ្ឋាភិបាលក៏បានសម្រួលឱ្យថ្នាក់ទី១២ អាចចូលរៀនផ្ទាល់ក្នុងថ្នាក់បានទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ក្នុងខណៈដែលកូរ៉េខាងត្បូងទើបនឹងផ្ទុះជំងឺកូវីដដំបូងនោះ បវេសនកាលថ្មីត្រូវបានពន្យាររហូតដល់ខែឧសភាឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *