កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សជាង៩០នាក់ដទៃទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនៅលើដងផ្លូវដោយសារតែព្រិលធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងឈៀងខាងកើតប្រទេសកូរ៉េខាងត្បូង បើតាមការរាយការណ៍នៅព្រឹកនេះក្នុងសារព័ត៌មាន Yonhap News។
គិតត្រឹមម៉ោង ៦ព្រឹក ម៉ោងនៅកូរ៉េ មានការរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ៥៣ករណី ដែលបង្កដោយស្ថានភាពផ្លូវមិនអំណោយផលក្រោមអាកាសធាតុធ្លាក់ព្រិលខ្លាំងកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ នៅក្នុងខេត្តហ្គាងវ៉ុន ដែលព្រិលធ្លាក់ដល់ទៅកម្ពស់ ១០ ទៅ ២០សង់ទីម៉ែត្រនៅលើតំបន់រាបស្មើ និងធ្លាក់ដល់ទៅ ៧៧.៦ សង់ទីម៉ែត្រនៅលើតំបន់ភ្នំក្នុងខេត្តហ្គាងវ៉ុននោះ។
ព្រិលធ្លាក់ដែលចាប់ផ្តើមតាំងពីព្រឹកថ្ងៃចន្ទមកនោះ រំពឹងថានឹងអាចបន្តមានតាមកន្លែងទៀតរហូតដល់រសៀលថ្ងៃអង្គារនេះ បើតាមការព្យាករណ៍របស់អជ្ញាធរឧតុនិយមក្នុងស្រុក។
ក្នុងនោះដែរ ដោយសារតែការធ្លាក់ព្រិលនេះ បាននាំឱ្យមានជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើន ដែលក្នុងនោះមានមនុស្សម្នាក់ត្រូវបានឡានបុកក្នុងផ្លូវក្រោមដីមួយដែលភ្ជាប់ពីតំបន់យ៉ាងយ៉ាង (Yangyang) មកសេអ៊ូល ប្រមាណ២១៥គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ហើយមានអ្នករាយការណ៍ថារងរបួសក្នុងករណីផ្សេងៗទៀតដល់ទៅ៩៤នាក់ផងដែរ។
មានការរាយការណ៍ថាមានករណីកកស្ទះចរាចរណ៍រថយន្តយ៉ាងហោចណាស់រាប់រយគ្រឿងនៅលើផ្លូវធំៗក្នុងខេត្តហ្គាងវ៉ុន ដោយសារព្រិលធ្វើឱ្យផ្លូវមានសភាពរអិលខ្លាំងពិបាកធ្វើដំណើរ ហើយកំណាត់ផ្លូវមួយចំនួននៅបន្តត្រូវបាននៅបន្តកកស្ទះដដែលគិតត្រឹមព្រឹកថ្ងៃអង្គារនេះផងដែរ។ ក្នុងនោះដែរ ផ្លូវរថភ្លើង សាឡាង និងជើងហោះហើរមួយចំនួនក៏ត្រូវបានអាក់ខានដោយអន្លើផងដែរ។
នៅវេលាព្រឹកថ្ងៃអង្គារនេះ អជ្ញាធរបានប្រមូលកងកម្លាំងនានាជាង៣០០០នាក់ ដើម្បីជួយឈូសឆាយទឹកកកព្រិលកកជាប់ចេញពីផ្លូវផងដែរ។