កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដែលមកដល់ថ្ងៃអាទិត្យនេះជាថ្ងៃទី៣ហើយ។ បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាង (KDCA) ត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ មានអ្នកទទួលវ៉ាក់សាំងបានចំនួន ២០,៣២២ នាក់ហើយដែរ។
យ៉ាងណាមិញ ជាមួយនឹងកម្មវិធីចាក់វា៉ក់សាំងដ៏សំខាន់នេះ កំពុងដំណើរការហើយនោះ បងប្អូនប្រាកដជាចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីចាក់វ៉ាក់សាំងនេះ និងជាពិសេសតើគួរត្រៀមខ្លួនរបៀបណាខ្លះ មុន និងក្រោយពេលចាក់វ៉ាក់សាំងជាដើម។ ខាងក្រោមជាសំនួរ ចម្លើយ ងាយៗ ស្រួលយល់អំពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើ មុន និងក្រោយពេលទទួលវ៉ាក់សាំងកូវីដ-១៩ នេះហើយ ដែលប្រែសម្រួលពីសារព័ត៌មាន Korea Times។
សំនួរ ១. តើមាននីតិវិធីអ្វីខ្លះមុននឹងចាប់ផ្តើមចាក់វ៉ាក់សាំង?
នៅពេលដែលទៅដល់ទីតាំងចាក់វ៉ាក់សាំង គ្រូពេទ្យនឹងពិនិត្យមើលស្ថានភាពទូទៅរបស់អ្នក ថាតើអ្នកមានអាការៈអាឡែហ្ស៊ីផ្សេងៗដូចជា អាឡែហ្ស៊ីទៅនឹងថ្នាំ ម្ហូបអាហារ ឬវ៉ាក់សាំងអ្វីផ្សេងដែរឬទេ ហើយក្រោយពីទទួលបានការប្រឹក្សាពីគ្រូពេទ្យជំនាញ គ្រូពេទ្យនឹងកំណត់ថាតើស្ថានភាពសុខភាពរបស់អ្នក សមស្របសម្រាប់ការទទួលវ៉ាក់សាំងឬទេ?
សំនួរ ២. តើអ្នកដែលមានស្ថានភាពជំងឺផ្សេងប្រចាំកាយ គួរឈប់ផឹកថ្នាំព្យាបាល មុន ឬក្រោយទទួលវ៉ាក់សាំងឬទេ?
អ្នកជំនាញបញ្ជាក់មកថា អ្នកដែលមានបញ្ហាសុខភាពប្រចាំកាយផ្សេងៗ មិនចាំបាច់ត្រូវផ្លាស់ប្តូររបបថ្នាំរបស់ខ្លួននោះទេ មុន ឬក្រោយពេលទទួលវ៉ាក់សាំង មានន័យថាអ្នកជំងឺដែលទទួលវ៉ាក់សាំងកូវីដ អាចទទួលទានថ្នាំទៅតាមវេជ្ជបញ្ជារបស់ខ្លួនជាប្រក្រតី ហើយបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល សូម្បីអ្នកជំងឺ HIV ក៏អាចទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca Moderna ឬ Pfizer បានផងដែរ។
សំនួរ ៣. បើខ្ញុំមានបញ្ហាសុខភាព គួរបន្តទៅចាក់វ៉ាក់សាំងឬអត់?
ចំពោះអ្នកមានបញ្ហាសុខភាព ប្រសិនបើជាបញ្ហាផ្តាសាយធម្មតា មិនមានអាការៈក្តៅខ្លួនខ្លាំង ឬអាការៈដទៃទៀតរបស់ជំងឺកូវីដទេ អ្នកអាចទៅទីតាំងទទួលវ៉ាក់សាំងបានដូចធម្មតា និងទទួលការប្រឹក្សាយោបល់ពីសំណាក់គ្រូពេទ្យជំនាញ។ ក្នុងករណីដែលមានអាការៈនានា ប្រហាក់ប្រហែលទៅនឹងជំងឺកូវីដ អ្នកគួរលើកពេលវេលាទទួលវ៉ាក់សាំងទៅពេលក្រោយវិញ។
សំនួរ ៤. វិធានការអ្វីខ្លះគួរអនុវត្តក្រោយពេលទទួលវ៉ាក់សាំង?
ក្រោយពីទទួលវ៉ាក់សាំងភ្លាម អ្នកគួរនៅនឹងទីតាំងមណ្ឌលចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១៥ ទៅ៣០នាទីសិន ដើម្បីពិនិត្យមើលក្រែងមានអាការៈមិនប្រក្រតីនានា ដែលអាចជាផលប៉ះពាល់ពីវ៉ាក់សាំង។ ក្រោយពីចាកចេញពីទីតាំងផ្តល់វ៉ាក់សាំង អ្នកគួរបន្តពិនិត្យមើលខ្លួនឯងថាមានអាការៈមិនប្រក្រតីអ្វីឬទេ យ៉ាងហោចណាស់៣ម៉ោងបន្ទាប់ និងចៀសវាងធ្វើការងារធ្ងន់ ឬលំហាត់ប្រាណជាដើម។ កន្លែងដែលគ្រូពេទ្យចាក់វ៉ាក់សាំង ត្រូវថែរក្សាឱ្យមានអនាម័យ ចៀសវាងការចម្លងមេរោគនានាផងដែរ។

សំនួរ ៥. តើអាចនឹងមានផលប៉ះពាល់អ្វីខ្លះក្រោយពីចាក់វ៉ាក់សាំង?
បើតាមអ្នកជំនាញ ក្រោយពីចាក់វ៉ាក់សាំង អាចនឹងមានប្រតិកម្មធម្មតាមួយចំនួនដូចជាឈឺចាប់តិចតួច និងហើមនៅកន្លែងចាក់ម្ជុល ហើយអាចមានអាការៈក្តៅខ្លួនតិចតួច រងារញាក់ ឬឈឺក្បាលផងដែរ។ អាការៈធម្មតាទាំងនេះ នឹងបាត់ទៅវិញក្នុងរយៈពេលប្រហែល ២-៣ ថ្ងៃយ៉ាងយូរ។
យ៉ាងណាមិញ ក៏អាចមានអាការៈប្រតិកម្មកម្រមួយចំនួន ដូចជាអាឡែហ្ស៊ីស្បែក ប្រព័ន្ធដកដង្ហើម ដែលជាករណីកម្រ។
តាមការបញ្ជាក់ ក្នុងករណីដែលមានអាការៈប្រតិកម្មណាមួយធ្ងន់ធ្ងរ រដ្ឋាភិបាលកូរ៉េប្រកាសផ្តល់សំណងសងជំងឺចិត្តដល់ ៤៣០លានវ៉ុន (ប្រមាណជាង ៣៨៣,៧០០ ដុល្លារ) សម្រាប់អ្នកដែលអាចនឹងទៅជាពិការ ឬបាត់បង់ជីវិតក្រោយពីចាក់វ៉ាក់សាំងកូវីដដែលផ្តល់ជូនដោយអជ្ញាធរ ហើយក្នុងនោះដែរចំពោះថ្លៃព្យាបាលលើស្ថានភាពជំងឺពាក់ព័ន្ធនឹងប្រតិកម្មពីការចាក់វ៉ាក់សាំងក៏នឹងត្រូវរ៉ាប់រងដោយរដ្ឋាភិបាលផងដែរ។
សំនួរ ៦. ក្រោយចាក់វ៉ាក់សាំងហើយ ត្រូវការរយៈពេលប៉ុន្មានទើបអាចកសាងប្រព័ន្ធភាពស៊ាំការពារកូវីដ-១៩បាន?
រយៈពេលនៃការបង្កើតឱ្យមានប្រព័ន្ធភាពស៊ាំការពារកូវីដ-១៩ ក្រោយពីទទួលវ៉ាក់សាំង គឺអាស្រ័យទៅតាមមនុស្សម្នាក់ៗ ដែលអាចមានរយៈពេលខុសៗគ្នាបន្តិចបន្តួច។ បើតាមការប៉ាន់ស្មានជារួម ករណីទូទៅអាចនឹងត្រូវការរយៈពេលប្រហែល ២សប្តាហ៍។ បើតាមការបញ្ជាក់ អ្នកដែលបានទទួលវ៉ាក់សាំងហើយរួចរាល់ នឹងអាចមានកម្រិតប្រព័ន្ធភាពស៊ាំការពារដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលពី ៧ ដល់១៤ថ្ងៃ។
សំនួរ ៧. ក្រោយពីចាក់វ៉ាក់សាំងកូវីដហើយ អាចឈប់ពាក់ម៉ាស់បានឬអត់?
អជ្ញាធរបញ្ជាក់ថា សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងហើយក៏ដោយ ត្រូវតែបន្តអនុវត្តទៅតាមវិធានការគម្លាតសង្គមរបស់រដ្ឋាភិបាលពាក់ព័ន្ធជំងឺកូវីដឱ្យបានខ្ជាប់ខ្ជួនដដែល។