កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រុមការងារស្រ្តីនៃស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសកូរ៉េ ដឹកនាំដោយលោកជំទាវ ញឹម ដាវី បានអញ្ជើញចុះដល់តំបន់អានសាន ដើម្បីសួរសុខទុក្ខបងប្អូនពលការិនីខ្មែរយើង ព្រមទាំងបានជួបពិភាក្សាការងារជាមួយប្រធានសមាគមសិទ្ធិពលករខ្មែរនៅក្នុងតំបន់ផងដែរ តាមការចែករំលែករបស់ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជានៅកូរ៉េនៅរសៀលថ្ងៃអាទិត្យនេះ។
ក្នុងអំឡុងពេលនៃការងារនាពេលចុងសប្តាហ៍នេះ ក្រុមការងារស្រ្តីនៃស្ថានទូតដែលរួមមានលោកជំទាវ ញឹមដាវី ជាប្រធាន លោកស្រី ឯក វង្សវឌ្ឍនី និងកញ្ញា ស្រ៊ុន ស្រីនាង ជាអនុប្រធាន កញ្ញា ទី ចាន់ស៊ីថា និងកញ្ញា ឡេង ស៊ីឌូ ជាសមាជិកា និងលោក តូយ ដារិទ្ធ អនុពន្ធ័ពលករ ព្រមទាំងនិស្សិតស្ម័គ្រចិត្តចំនួន២រូបទៀត បានចុះទៅជួបបងស្រី ស៊ីណេត ជាពលការិនីខ្មែរយើង រួមនឹងបងប្អូនស្រ្តីជាពលការិនីខ្មែរដទៃទៀតចំនួន៥នាក់ ដែលកំពុងស្នាក់នៅផ្ទះពលកររបស់សមាគមសិទ្ធិពលករខ្មែរ ដើម្បីអាចផ្លាស់ប្តូរការងារ និងសម្រាកព្យបាល។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពាំនាំយកនូវថវិកាមួយចំនួន អង្ករ អាល់កុលលាងដៃ ម៉ាស់ ចែកជូនសម្រាប់ប្រើប្រាស់។
សូមបញ្ជាក់ផងដែរថាប្អូនស្រីស៊ីណេតជាពលការនីផ្នែកកសិកម្មមានបញ្ហាសុខភាពហើយតម្រូវអោយមានការវះកាត់ព្យាបាលកាលពីសប្តាហ៍មុន ប៉ុន្តែដោយសារកូវីដ១៩ មន្ទីរពេទ្យមិនអនុញ្ញាតអោយសួរសុខទុក្ខនៅមន្ទីរពេទ្យកំឡុងពេលវះកាត់ទេ។ ក្រុមការងារបានបន្តតាមដានជាមួយខាងសមាគមនិងមន្ទីរពេទ្យជាប្រចាំ និងបានជួយសម្របសម្រួលជាមួយថៅកែនិងជូនថវិកាមួយចំនួនជួយសម្រាលថ្លៃមន្ទីរពេទ្យ។ តាមការចែករំលែក ក្រុមមការងារស្រ្តីរបស់ស្ថានទូតបានជួយសម្របសម្រួលជាមួយថៅកែ និងជូនថវិកាមួយចំនួនជួយសម្រាលថ្លៃមន្ទីរពេទ្យដែលអស់ប្រមាណជាង៤លានវ៉ុន (ជិត ៤ពាន់ដុល្លារ) បន្ទាប់ពីកាត់ពីធានារ៉ាប់រងសុខភាពរួច។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពិភាក្សាការងារជាមួយលោកប្រធានសមាគមសិទ្ធិពលករខ្មែរ ជាជនជាតិកូរ៉េឈ្មោះ គីម អ៉ីចាន់ និងមេធាវី ដែលទទួលជួយសម្របសម្រួលកិច្ចការពលករខ្មែរយើងនៅតំបន់អានសាន។ ក្រុមការងារបានស្នើលោកប្រធានឲ្យបន្តជួយផ្តល់កន្លែងស្នាក់នៅដល់ពលការនីបន្តទៀត ហើយក៏បានជម្រាបជូនគាត់អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងកិច្ចគាំពារសុខុមាលភាពសហគមន៍ខ្មែរនៅកូរ៉េ និងបានជូនដំណឹងអំពីកិច្ចសហការរវាងស្ថានទូត និងមន្ទីរពេទ្យស៊ុនឆុនយ៉ាងលើវិស័យសុខាភិបាល សម្រាប់ពលករទាំងស្របច្បាប់និងខុសច្បាប់ ដោយទទួលបានការបញ្ចុញតម្លៃប្រមាណ៣០ ទៅ ៤០%នៃថ្លៃព្យាបាលផងដែរ។
ជាការឆ្លើយតប លោកប្រធានគីម បានថ្លែងអំណរគុណ ដល់ស្ថានទូត និងក្រុមការងារដែលបានយកចិត្តទុកដាក់ និងសហការជាមួយសមាគម ហើយលោកនឹងបន្តការសហការបន្ថែមទៀតសម្រាប់ជួយដល់សហគមន៍ខ្មែរយើងនៅកូរ៉េ។