រដ្ឋសភាជាតិកូរ៉េ កែប្រែច្បាប់ថ្មី បង្កើនការដាក់ទោសលើជនល្មើសដែលប្រើហឹង្សាធ្ងន់ធ្ងរលើកុមារ ដោយទោសធ្ងន់បំផុតអាចដល់ប្រហារជីវិត

កូរ៉េខាងត្បូង៖ រដ្ឋសភាជាតិកូរ៉េខាងត្បូង បានសម្រេចអនុម័តលើការធ្វើវិសោធនកម្មច្បាប់ថ្មីមួយដែលនឹងបង្កើនកម្រិតទោសសម្រាប់ជនល្មើសដែលបង្កអំពើហឹង្សាធ្ងន់ធ្ងរលើកុមារ ឆ្លើយតបទៅនឹងករណីជាបន្តបន្ទាប់នៃការបាត់បង់ជីវិតរបស់កុមារតូចៗ ដោយសារអំពើហឹង្សានាពេលថ្មីៗនេះ។

រាយការណ៍ក្នុងសារព័ត៌មាន Yonhap News វិសោធនកម្មច្បាប់ថ្មីនេះ នឹងចែងប្រភេទករណីឃាតកម្មលើកុមារដោយការប្រើប្រាស់អំពើហឹង្សាជាបទល្មើសប្រភេទដោយឡែក ដែលនឹងធ្វើការបង្កើនកម្រិតទោសសម្រាប់បទល្មើសនេះ ធ្ងន់បំផុតជាទោសប្រហារជីវិត និងកម្រិតទោសស្រាលបំផុត គឺត្រូវជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ។

ទារកអាយុត្រឹម១៦ខែ ឈ្មោះថាជុងអ៊ីន ដែលត្រូវបាត់បង់ជីវិតដោយសារអាណាព្យាបាលវាយធ្វើបាប

នៅមុនពេលធ្វើវិសោធនកម្ម ករណីឃាតកម្មលើកុមារដោយអំពើហឹង្សានេះ ត្រូវបានតុលាការកាត់ក្តីជាករណីបទល្មើសព្រហ្មទណ្ឌទូទៅ ដែលមានកម្រិតទោសស្រាលបំផុត ត្រូវជាប់ពន្ធនាគារត្រឹម៥ឆ្នាំប៉ុណ្ណោះ។

ការធ្វើវិសោធនកម្មនេះ គឺឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យកត់សម្គាល់ករណីប្រភេទនេះជាបន្តបន្ទាប់ដែលនាំឱ្យសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំង ជាពិសេសគឺករណីស្លាប់របស់ទារកអាយុត្រឹម១៦ខែ ឈ្មោះថាជុងអ៊ីន ដែលត្រូវម្តាយចិញ្ចឹមវាយធ្វើបាប រហូតដល់ស្លាប់ កាលពីខែតុលាឆ្នាំមុននោះ។

ក្នុងនោះដែរ មានកុមារយ៉ាងតិចណាស់ ២ នាក់ទៀតត្រូវបានរាយការណ៍ថាបាត់បង់ជីវិតក្នុងករណីហឹង្សាលើកុមារដូចគ្នានេះដែរ ដោយអាណាព្យាបាលរបស់ខ្លួនផ្ទាល់។

Leave a Reply

Your email address will not be published. Required fields are marked *