នៅកូរ៉េខាងត្បូង ថ្ងៃដំបូងបង្អស់ វ៉ាក់សាំងកូវីដត្រូវបានផ្តល់ដល់ជនអាទិភាពជាគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជាង ១៨,៥០០នាក់ហើយ

កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃដំបូងនៃការផ្តល់វ៉ាក់សាំងកូវីដ-១៩ មានយ៉ាងហោចណាស់មនុស្សដល់ ១៨,៥០០ នាក់បានទទួលវ៉ាក់សាំងកូវីដដូសដំបូងគេបង្អស់នេះរបស់ក្រុមហ៊ុនអង់គ្លេស នៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមតួលេខផ្តល់ដោយស្ថាប័នរដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ថ្ងៃសុក្រទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះជាថ្ងៃដំបូងបង្អស់ដែលកូរ៉េខាងត្បូងបានធ្វើការផ្តល់វ៉ាក់សាំងកូវីដ-១៩ ហើយបើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ចំនួននៃអ្នកដែលបានទទួលវ៉ាក់សាំងជាប្រវត្តិសាស្រ្តនេះនៅទូទាំងប្រទេសម្សិលមិញនេះមានដល់ ១៨,៤៨៩ នាក់ ដែលជាបុគ្គលិកសុខាភិបាល អ្នកធ្វើការនៅតាមមណ្ឌលសុខភាព មណ្ឌលចាស់ជរា ដែលជាជនអាទិភាពដំបូងគេសម្រាប់វ៉ាក់សាំងកូវីដដំបូងគេនេះ។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង គាត់សង្កេតឃើញថាមិនមានករណីផលប៉ះពាល់ណាមួយធ្ងន់ធ្ងរសម្រាប់អ្នកទទួលវ៉ាក់សាំងនោះទេ ដោយមានករណីមួយចំនួនលេចចេញនូវអាការៈក្តៅខ្លួនបន្តិចបន្តួច ឈីក្បាលតិចតួចប៉ុណ្ណោះ ដែលអាចជាអាការៈទូទៅសម្រាប់អ្នកទើបនឹងទទួលវ៉ាក់សាំង។

មើលទៅតាមតួលេខ ចំនួនអ្នកទទួលបានវ៉ាក់សាំងនៅថ្ងៃដំបូង គឺមានប្រមាណត្រឹមតែ ៦.៣៩% នៃចំនួនបុគ្គលិកសុខាភិបាល និងអ្នកជំងឺនៅតាមមណ្ឌលសុខភាព និងមណ្ឌលចាស់ជរានានា ដែលមានអាយុក្រោម៦៥ឆ្នាំទាំងអស់ ដែលជាអាទិភាពដល់ទៅ ២៨៩,៤៨០នាក់ឯណោះ ហើយបានប្រហែល ០.០៤%ហើយនៃចំនួនប្រជាជនសរុបក្នុងប្រទេសកូរ៉េ។

បើគិតតាមតំបន់វិញ ខេត្តឃ្យ៉ុងគីដែលនៅជុំវិញសេអ៊ូលមានអ្នកទទួលវ៉ាក់សាំងបាន ៣,៥៣២នាក់ នៅថ្ងៃទី១ ខណៈដែលខេត្តក្វាងជូ​មានចំនួន ៣,០៧២នាក់ រីឯក្រុងសេអ៊ូលមាន ១,៩២២នាក់ដែរ។

សូមបញ្ជាក់ថា នៅថ្ងៃម្សិលមិញផងដែរ វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាម៉េរិក Pfizer ក៏ត្រូវបានដឹកមកដល់ប្រទេសកូរ៉េផងដែរ ចំនួន ៥៨,៥០០ ដូស ដែលត្រូវដាក់ឱ្យចែកចាយសម្រាប់ការផ្តល់វ៉ាក់សាំងនៅព្រឹកថ្ងៃសៅរ៍នេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *