កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការនាំចូលស៊ុតមកបន្ថែមចាប់ពីខែក្រោយនេះទៅ ក្នុងគម្រោងដើម្បីសម្រួលដល់តម្លៃស៊ុតដែលបានកើនឡើងថ្លៃជាបន្តបន្ទាប់ ដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីមួយរយៈចុងក្រោយនេះ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងរំពឹងថានឹងបង្កើនការនាំចូលស៊ុតដល់ទៅ២០លានគ្រាប់បន្ថែម ក្នុងខែមីនាខាងមុខ ក្រោយពីបាននាំចូលស៊ុតមកចំនួន៤៤លានគ្រាប់ក្នុងចន្លោះពីរខែដើមឆ្នាំ២០២១នេះ។
គេសង្កេតឃើញតម្លៃស៊ុតដាក់លក់លើទីផ្សារកើនឡើងដល់ ១៥.២% ក្នុងខែមករានេះ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ដោយសារតែរយៈពេលប៉ុន្មានខែចុងក្រោយនេះករណីនៃជំងឺផ្តាសាយបក្សីបន្តកើនឡើង ហើយតម្រូវឱ្យរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលចេញវិធានការសត្តឃាតតាមបណ្តាកសិដ្ឋានចិញ្ចឹមបក្សីទូទាំងប្រទេស។
ចាប់តាំងពីថ្ងៃទី២៨ មករាមក រដ្ឋាភិបាលកូរ៉េបានបន្ធូរអត្រាពន្ធលើផលិតផលស៊ុតនាំចូល ដើម្បីអាចបង្កើនការនាំចូលមកបំពេញតម្រូវការក្នុងស្រុក។ តាមវិធានការបន្ធូរបន្ថយពិសេសនេះ ក្រុមហ៊ុននាំចូលក្នុងស្រុក អាចធ្វើការនាំចូលស៊ុតស្រស់ប្រមាណជាង ៥ម៉ឺនតោន និងប្រភេទផលិតផលស៊ុតដទៃទៀត ដោយរួចពន្ធនាំចូលត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខ។
គេសង្កេតឃើញថា ដោយសារតែវិបត្តិនៃស្ថានការណ៍កូវីដកន្លងមក ស្ថានភាពអតិផរណាក្នុងប្រទេសកូរ៉េមិនទាន់ក្លាយជាបញ្ហាចោទនោះទេ ប៉ុន្តែជាមួយនឹងកង្វះខាតផលិតផលកសិកម្ម និងប្រេងក្នុងស្រុក អាចបង្កឱ្យបញ្ហាអតិផរណាជះឡើងជាបញ្ហាផងដែរ ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការជួយសម្របសម្រួលឱ្យបានល្អទេនោះ។