ស្រ្តីចំណាស់ម្នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថា បានបិទផ្សាយខិតប័ណ្ណផ្សព្វផ្សាយ អំពីព័ត៌មានមិនពិត បោកប្រាស់ពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩

កូរ៉េខាងត្បូង៖ ស្ត្រីចំណាស់ម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន ក្នុងករណីចែកចាយខិតបណ្ណផ្សព្វផ្សាយអំពីព័ត៌មានក្លែងក្លាយទាក់ទងនឹងវ៉ាក់សាំងកូវីដ ដោយនិយាយថាវ៉ាក់សាំងកូវីដនេះអាចនឹងសម្លាប់មនុស្សបាន នេះបើតាមការរាយការណ៍របស់ប៉ូលីស នៅក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសុក្រនេះ។

ប៉ូលីសក្រុងអ៊ីនឆន់បានឃាត់ខ្លួនស្រ្តីចំណាស់ម្នាក់ ដែលមានអាយុ៦៨ឆ្នាំ ដោយសារគាត់ត្រូវបានគេសង្ស័យថាបានចែកចាយខិតបណ្ណចំនួន ៣៣ សន្លឹក នៅតាមក្តារបិទព័ត៌មាននៅតាមចំណតរថយន្តក្រុង និងនៅតាមដងបង្គោលភ្លើងនៅតាមដងផ្លូវ ក្នុងទីក្រុងអ៊ីនឆន់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ តាមការបញ្ជាក់របស់ប៉ូលីស ក្នុងខិតប័ណ្ណនោះបានបញ្ជាក់ព័ត៌មានមិនពិតអំពីវ៉ាក់សាំងថា នៅក្នុងវ៉ាក់សាំងនោះមានបន្ទះឈីប ដែលក្រោយពេលដែលចាក់វ៉ាក់សាំងហើយ អាចនឹងបាត់បង់ជីវិតទៀតផង។

ករណីនេះត្រូវបានរាយការណ៍ដល់ប៉ូលីសកូរ៉េកាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្រោយពីអ្នកធ្វើដំណើរទូទៅបានឃើញខិតប័ណ្ណនេះ និងបានរាយការណ៍ជូនទៅប៉ូលីសដើម្បីស៊ើបអង្កេត និងពិនិត្យមើលលើទម្ងន់ទោសលើការប្រព្រឹត្តបែបនេះ ដែលនាំឱ្យប៉ូលីសធ្វើការស៊ើបអង្កេត និងនាំទៅដល់ការឃាត់ខ្លួនស្រ្តីចំណាស់ខាងលើនេះកាលពីថ្ងៃទី១៥ ខែកុម្ភៈ គឺមួយថ្ងៃបន្ទាប់មក។

បើតាមការសាកសួរស្រ្តីចំណាស់ជនសង្ស័យ គេបានដឹងថាស្រ្តីរូបនេះបានទទួលខិតប័ណ្ណទាំងនោះមកពីព្រះវិហារសាសនាមួយនៅក្នុងក្រុងដេជុនកាលពីដើមខែកុម្ភៈនេះ។ យ៉ាងណាមិញ ស្រ្តីរូបនេះបានបដិសេធថាខ្លួនមិនចេះអក្សរនោះទេ ដែលនាំឱ្យខ្លួនគិតថាខិតបណ្ណនេះជាប្រភេទខិតបណ្ណផ្សព្វផ្សាយអំពីសាសនាប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់ជនសង្ស័យនេះ ប៉ូលីសនៅតែបន្តស៊ើបអង្កេត និងពិនិត្យទៅលើចម្លើយសារភាពរបស់ជនសង្ស័យ ដើម្បីអាចកំណត់ពីទម្ងន់ទោស ហើយក៏ស៊ើបអង្កេតរកប្រភពដើមដែលបានបង្កើតរៀបចំ និងចែកចាយលិខិតខិតបណ្ណនេះបន្តមកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *