សេអ៊ូល៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹងអំពីវិធានការរបស់រដ្ឋាភិបាលកូរ៉េ សម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ដែលនឹងចូលជាធរមាន នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០:០០ នាទី។ វិធានការទាំងនោះមានដូចខាងក្រោម៖
១- ជនបរទេសទាំងអស់ដែលស្នាក់នៅកូរ៉េរយៈពេលយូរ លើកលែងជនបរទេសដែលជាមន្រ្តីការទូតកាន់ទិដ្ឋាការ A-1 មន្រ្តីរដ្ឋាភិបាលដែលកាន់ទិដ្ឋាការ A-2 ជនបរទេសដែលកាន់ទិដ្ឋាការ A-3 (Treaties) និងពលរដ្ឋកូរ៉េនៅបរទេសដែលកាន់ទិដ្ឋាការ F-4 តម្រូវឱ្យស្នើសុំលិខិតបញ្ជាក់អនុញ្ញាតឱ្យចូលកូរ៉េជាថ្មីម្តងទៀត (Re-Entry Permit) នៅការិយាល័យអន្តោប្រវេសន៍ មុននឹងធ្វើដំណើរចេញពីកូរ៉េ ប្រសិនបើអ្នកទាំងនោះចង់រក្សាសិទ្ធិស្នាក់នៅ និងរយៈពេលស្នាក់នៅ។ ការចាកចេញពីកូរ៉េដោយពុំមានបញ្ជាក់ Re-Entry Permit មានន័យស្មើនឹងការលុបចោលប័ណ្ណស្នាក់នៅ (Alien Registration)។
២- ជនបរទេសទាំងឡាយដែលទទួលបាននូវ Re-Entry Permit និងមានបំណងធ្វើដំណើរចូលកូរ៉េវិញ ត្រូវទៅពិនិត្យសុខភាព (មិនមែនពិនិត្យរកជំងឺកូវីដ-១៩ ទេ) យ៉ាងតិច ៤៨ ម៉ោង មុនពេលចេញដំណើរទៅកូរ៉េ និងត្រូវបង្ហាញលិខិតបញ្ជាក់សុខភាពខាងលើ (ភាសាអង់គ្លេស ឬភាសាកូរ៉េ) ជាលាយលក្ខអក្សរនូវរោគវិនិច្ឆ័យ (written diagnosis) ដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ពិបាកដកដង្ហើម ឈឺសាច់ដុំ ឬរោគសញ្ញាផ្លូវដង្ហើម ជាដើម ដល់ភ្នាក់ងារ ឬប្រតិបត្តិករដឹកជញ្ជូន (transport operator) និងមន្រ្តីអន្តោប្រវេសន៍ក្នុងករណីមានការស្នើសុំ។
ផ្ទុយទៅវិញ ក្នុងករណីជនបរទេសទាំងឡាយណាដែលមានវិញ្ញាបនប័ត្រលើកលែងការធ្វើចត្តាឡីស័ក (Isolation Exemption Certificate) ដែលចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េប្រចាំនៅបរទេស អ្នកទាំងនោះពុំចាំបាច់ទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យនោះឡើយ។
បញ្ជាក់៖ សម្រាប់ជនបរទេសទាំងឡាយណាដែលបានចាកចេញពីកូរ៉េ មុនវិធានការណ៍ខាងលើចូលជាធរមាន (ថ្ងៃទី ០១ មិថុនា ២០២០) និងមានបំណងត្រលប់ចូលកូរ៉េវិញ ពុំចាំបាច់ទៅពិនិត្យសុខភាព ដូចមានកំណត់ក្នុងចំណុចទី ២ ឡើយ។