រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសបន្តវិធានការគម្លាតសង្គមបច្ចុប្បន្នដែលមានស្រាប់ រយៈពេល ២សប្តាហ៍បន្ថែមទៀត ខណៈស្ថានការណ៍កូវីដនៅបន្តមិនទាន់ធូរស្បើយខ្លាំងនៅឡើយ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃសុក្រនេះថាវិធានការគម្លាតសង្គមនឹងបន្តរយៈពេល ២សប្តាហ៍បន្ថែមទៀត ដោយសារតែស្ថានការណ៍បន្តឆ្លងមាននៃជំងឺកូវីដ-១៩លក្ខណៈជាចង្កោម និងជាសហគមន៍នៅតាមតំបន់នានាទូទាំងប្រទេស​ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) ក្នុងឱកាសនៃកិច្ចប្រជុំអន្តរក្រសួងឆ្លើយតបនឹងស្ថានការណ៍កូវីដនៅព្រឹកថ្ងៃសុក្រនេះ បានឱ្យដឹងថា វិធានការគម្លាតសង្គមដែលមានស្រាប់បច្ចុប្បន្ននឹងបន្តអនុវត្តរយៈពេល ២ សប្តាហ៍បន្ថែមទៀតរាប់ចាប់ពីដើមសប្តាហ៍ក្រោយនេះទៅ ដោយកម្រិតគម្លាតសង្គមនៅក្នុងតំបន់សេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នឹងបន្តរក្សានៅកម្រិត២ដដែល ខណៈតំបន់ផ្សេងៗទូទាំងប្រទេស ត្រូវរក្សានៅកម្រិត១.៥ដដែលផងដែរ។

ក្នុងនោះដែរ ការហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពីគ្នា៤នាក់ និងវិធានការសម្រាប់អនុវត្តក្នុងតាមភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹបកម្សាន្តនានាទូទាំងប្រទេសនឹងនៅបន្តអនុវត្តដូចទៅនឹងអ្វីដែលមានបច្ចុប្បន្ននេះ។

ការបន្តរក្សាវិធានការគម្លាតសង្គមឱ្យនៅដូចដើម និងបន្តអនុវត្តរយៈពេលបន្ថែម២សប្តាហ៍ទៀតនេះ ក៏ដោយសារតែស្ថានការណ៍កូវីដហាក់នៅមានចំនួនច្រើនក្នុងចន្លោះពី៣០០ ទៅ៤០០ករណីប្រចាំថ្ងៃជាប់ៗគ្នាមកហើយ ខណៈដែលថ្ងៃសុក្រនេះក៏ជាថ្ងៃដំបូងបង្អស់នៃការផ្តល់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េផងដែរ។

លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញទាំងមន្ត្រីសុខាភិបាល និងមន្ត្រីអប់រំ គិតគូរបន្ថែមលើការអនុវត្តវិធានការគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន ខណៈដែលសាលារៀនគ្រោងនឹងបើកដំណើរការវិញចាប់ពីសប្តាហ៍ក្រោយនេះទៅ។ លោកក៏បានបញ្ជាក់ថា កូរ៉េខាងត្បូងប្រាកដជានឹងមានបញ្ហាលំបាកខ្លាំង ប្រសិនបើមានករណីផ្ទុះឡើងជាសហគមន៍ខ្លាំងដូចទៅនឹងរលកកូវីដកន្លងទៅ ដោយសារតែស្ថានភាពថ្នាំពេទ្យ និងទីតាំងសម្រាប់មើលថែព្យាបាលអ្នកជំងឺកូវីដ មិនអាចទ្រទ្រង់បានក្នុងករណីមានករណីផ្ទុះឆ្លងដល់រាប់ពាន់នាក់ប្រចាំថ្ងៃទៀតនោះទេ។

បើពិនិត្យតាមស្ថានការណ៍នៃជំងឺកូវីដបច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រីបាននិយាយថារដ្ឋាភិបាលត្រៀមខ្លួននឹងបន្ថយវិធានការគម្លាតសង្គមឆាប់ៗខាងមុខ ប្រសិនបើស្ថានការណ៍បន្តមានភាពល្អប្រសើរជាងមុនក្នុងពេលខាងមុខ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃសុក្រនេះ ករណីឆ្លងបន្តកើនមានដល់៤០៦ករណី ដែលករណីឆ្លងក្នុងស្រុកមាន ៣៨២ករណី និងករណីនាំចូលពីក្រៅចំនួន២៤ករណីផងដែរ។ គិតមកដល់បច្ចុប្បន្ន កូរ៉េខាងត្បូងមានករណីឆ្លងសរុបចំនួន ៨៨,៩២២ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *