ប៉ូលីសកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតក្តៅគគុក ករណីវីដេអូមួយបង្ហោះក្នុង YouTube គម្រាមធ្វើការវាយប្រហារលើព្រលានអ៊ីនឆន់ នៅថ្ងៃ១ ខែមីនា ខាងមុខ ម៉ោង១១ព្រឹក

កូរ៉េខាងត្បូង៖ ប៉ូលីសប្រទេសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតបន្ទាន់មួយករណីវីដេអូបង្ហោះក្នុងអ៊ីនធើណែត អំពីចេតនាចង់វាយប្រហារមកលើព្រលានយន្តហោះអន្តរជាតិអ៊ីនឆន់ នៅក្នុងថ្ងៃទីឯករាជ្យជាតិកូរ៉េ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

បើតាមមន្ត្រីប៉ូលីសរបស់ព្រលានយន្តហោះអ៊ីនឆន់ បានឱ្យដឹងថាករណីនេះត្រូវបានរាយការណ៍ជូនដំណឹងមកពីមនុស្សម្នាក់កាលពីថ្ងៃអង្គារក្នុងសប្តាហ៍នេះ អំពីវីដេអូក្នុងប្រព័ន្ធយូធូប (YouTube) គួរឱ្យសង្ស័យមួយដែលមានខ្លឹមសារគម្រាមធ្វើការវាយប្រហារមកលើព្រលានយន្តហោះអ៊ីនឆន់នៅវេលាម៉ោង១១ព្រឹក នៅចំថ្ងៃឈប់សម្រាកជាតិបុណ្យឯករាជ្យកូរ៉េខាងមុខនេះ។

វីដេអូសង្ស័យនោះត្រូវបានគេបង្ហោះកាលពីថ្ងៃអាទិត្យ ហើយតាំងពីពេលដែលគេរកឃើញមកបានផ្លាស់ប្តូរខ្លឹមសារវីដេអូរបស់ខ្លួនទៅជា សារមួយដែលមានន័យថា អូសាម៉ា ប៊ីឡាឌិន ដែលជាអតីតមេដឹកនាំកំពូលក្រុមភេរវកម្មអាល់កៃដា និងជាអ្នកនៅពីក្រោយខ្នងនៃព្រឹត្តិការណ៍ភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះមិនគួរត្រូវបានស្តីបន្ទោសនោះទេ។

ក្នុងករណីសង្ស័យនេះ ប៉ូលីសបានកំពុងស៊ើបអង្កេតរកអត្តសញ្ញាណអ្នកបង្ហោះ ដោយស្នើសុំទៅដល់ក្រុមហ៊ុន Google ដែលគ្រប់គ្រងកម្មវិធី YouTube តែម្តង ដើម្បីតាមស្វែងរកជនសង្ស័យអ្នកបង្ហោះនេះឱ្យខាងតែបាន។

ប៉ូលីសនៅកូរ៉េបញ្ជាក់ថា ការបង្ហោះវីដេអូ ឬខ្លឹមសារអ្វីមួយដែលមានភាពគំរាមកំហែងបែបនេះ គឺស្មើនឹងការបំពានរំខានដំណើរការជាប្រក្រតីនៅព្រលានយន្តហោះ ហើយនឹងត្រូវដាក់ទោសទៅតាមច្បាប់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *