កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឯកអគ្គរាជទូតកម្ពុជានៅសាធារណរដ្ឋកូរ់េ ឡុង ឌីម៉ង់ និងលោក តូយ ដារិទ្ធ អនុព័ន្ធពលករ ព្រមទាំងបងប្អូនស្ត្រីខ្មែរក្នុងតំបន់ថេហ្គូ បានចុះទៅសួរសុខទុក្ខ ប្អូនស្រី ជឿន វណ្ណា និងស្វាមី ឈ្មោះ ឡឹក ដា ដែលបានជួបបញ្ហាកូនរបស់គាត់មានជម្ងឺបេះដូងចំហរ និងកើតមិនគ្រប់ខែ តម្រូវឲ្យរក្សាទុកក្នុងកែវនៅមន្ទីពេទ្យសិន នៅតំបន់ថេហ្គូ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតផ្ទាល់។
តាមព័ត៌មានដែលទទួលបាន ក្រៅពីបានពាំនាំនូវការសួរសុខទុក្ខយកចិត្តទុកដាក់ចំពោះប្អូនស្រី ក្រុមគ្រួសារ និងជាពិសេសកូនរបស់គាត់ដែលមានបញ្ហាហើយនោះ លោកឯកអគ្គរាជទូត និងក្រុមការងារក៏បានពាំនាំនូវសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់ប្អូនស្រីដើម្បីសម្រាលការលំបាករបស់គាត់ ហើយលោកឯកអគ្គរាជទូតបានបញ្ជាក់ថាតែងតែព្រួយបារម្ភពីសុខទុក្ខរបស់ប្អូនស្រីជាខ្លាំង។