បុរសម្នាក់ទៀតហើយនៅសេអ៊ូល ត្រូវកាត់ទោសជាប់ឃុំឃាំង ៦ ខែ ដោយសារល្មើសនឹងបម្រាមពាក់ម៉ាស់នៅទីសាធារណៈ ហើយបង្កជាហឹង្សាដាក់អ្នកបើកបររថយន្តក្រុង

កូរ៉េខាងត្បូង៖ បុរសមា្នក់ត្រូវកាត់ក្តីឱ្យជាប់ឃុំក្នុងពន្ធនាគារដល់ទៅ៦ខែ ក្នុងករណីហឹង្សាមួយដាក់លើអ្នកបើកបររថយន្តក្រុងដែលតម្រូវឱ្យបុរសរូបនោះពាក់ម៉ាស់ពេលឡើងជិះរថយន្តក្រុងដើម្បីការពារពីជំងឺកូវីដ នេះបើតាមការបញ្ជាក់របស់តុលាការកូរ៉េនៅថ្ងៃព្រហស្បត្ត៍នេះ។

តុលាការក្រុងសេអ៊ូលបានកាត់ក្តីឱ្យបុរសនេះ ដែលមានអាយុ៥៧ឆ្នាំ ត្រូវជាប់ឃុំឃាំងដោយសារបានប្រព្រឹត្តបទល្មើសហឹង្សា និងរំខានការអនុវត្តកាតព្វកិច្ចរបស់អ្នកបើកបររថយន្តក្រុង ខណៈពេលដែលប្រព្រឹត្តបទល្មើសហឹង្សានោះ បុរសរូបនោះត្រូវបានកំពុងដាក់ឱ្យស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងករណីល្មើសមួយដោយឡែកផ្សេងទៀត។

តាមការបញ្ជាក់បន្ថែម កាលពីអំឡុងខែសីហាកន្លងទៅ បុរសជាជនល្មើសនេះបានជេរប្រមាថអ្នកបើកបររថយន្តក្រុង ដែលបានណែនាំឱ្យបុរសរូបនោះពាក់ម៉ាស់ទៅតាមវិធានការតម្រូវរបស់រដ្ឋាភិបាលកូរ៉េដើម្បីការពារជំងឺកូវីដ-១៩ តែបុរសនោះមិនពាក់ហើយបានបង្កជាបញ្ហាក្នុងរថយន្តក្រុងនោះរហូតដល់ជាង១៥នាទី ហើយមិនព្រមចុះចេញពីរថយន្តក្រុងទៀតផង។

ក្នុងសប្តាហ៍នេះ មាន២ករណីហើយនៅក្នុងទីក្រុងសេអ៊ូល ដែលមានការចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងការល្មើសវិធានការកូវីដអនុវត្តនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ។ កាលពីសប្តាហ៍មុន មានអ្នកដំណើរម្នាក់ទៀតដែលមានអាយុប្រមាណជាង៦០ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំង១ឆ្នំាកន្លះ ក្នុងករណីហឹង្សាលើអ្នកបើកបររថយន្តក្រុងដូចគ្នា ខណៈដែលអ្នកបើកបរ និងអ្នកធ្វើដំណើរដទៃទាមទារឱ្យបុរសរូបនេះពាក់ម៉ាស់ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។

កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ បុរសម្នាក់អាយុ៦១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ឃុំ១០ខែក្នុងពន្ធនាគារដែរ ពាក់ព័ន្ធនឹងករណីប្រហាក់ប្រហែលគ្នានេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *