កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០២០កន្លងទៅ កូរ៉េខាងត្បូងបានបង្កើនទីតាំង Wi-Fi សាធារណៈនៅទូទាំងប្រទេសបន្ថែមដល់ទៅលើសពី ១៥,០០០ទីតាំងឯណោះ ដែលនាំឱ្យទីតាំងផ្តល់Wi-Fi សាធារណៈ សរុបគិតមកដល់ពេលនេះមានដល់លើសពី ៥៧,០០០ ទីតាំងឯណោះទូទាំងប្រទេស ជាសមិទ្ធផលថ្មីនៃផ្នែកបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង តាមការបញ្ជាក់របស់ក្រសួងបច្ចេកវិទ្យាកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានបញ្ជាក់ថាទីតាំងផ្តល់ Wi-Fi ជាសាធារណៈដល់ទៅលើស ៥៧,០០០ទីតាំងនេះមាននៅតាមទីកន្លែងសាធារណៈ ចំនួន ២៨,១៣២ទីតាំងទូទាំងប្រទេសដូចជានៅតាមសួនច្បារ ស្ថានីយ៍រថភ្លើង និងចំណតរថយន្តក្រុងជាដើម ហើយនៅមានទីតាំងផ្តល់ Wi-Fi សាធារណៈដល់ជាង ២៩,១០០ ទីតាំងទៀតនៅតាមរថយន្តក្រុងសាធារណៈផងដែរ។
បើតាមតំបន់វិញ នៅក្នុងទីក្រុងសេអ៊ូលមានទីតាំងផ្តល់ Wi-Fi សាធារណៈចំនួនជាង ២,៥២៩ ទីតាមង ខណៈខេត្តឃ្យ៉ុងគីដែលនៅជាប់ទីក្រុងសេអ៊ូលមានចំនួនដល់ទៅ ៤,៣៥៨ទីតាំងផងដែរ។
ក្រសួងបានបញ្ជាក់ថា ទិសដៅក្នុងប៉ុន្មានឆ្នាំចុងក្រោយគឺពង្រីកតំបន់ដែលមាន Wi-Fi មកកាន់ទីតាំងសាធារណៈនៅខាងក្រៅដូចជានៅតាមសួនច្បារ នៅតាមដងផ្លូវ ឬនៅតាមរថយន្តក្រុងវិញ ដើម្បីអាចឱ្យប្រជាជនប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈនេះបានដោយសេរី និងមានភាពងាយស្រួលជាងមុនច្រើនមួយកម្រិតទៀត។
ក្នុងនោះដែរ ក្រសួងក៏បានធ្វើការផ្លាស់ប្តូរដុំរ៉ូទ័រ (Routers) ចាស់ៗ ដោយដាក់ជំនួសវិញដោយដុំរ៉ូទ័រជំនាន់ថ្មី ដែលមានល្បឿនលឿន និងអាចដំណើរការបានល្អជាងមុនផងដែរ។
សម្រាប់ឆ្នាំ២០២១នេះ ក្រសួងគ្រោងនឹងពង្រីកវិសាលភាពនៃទីតាំងផ្តល់ប្រព័ន្ធ Wi-Fi សាធារណៈនេះដល់ទៅ ១៥,០០០ ទីតាំងបន្ថែមទៀតផងដែរ។