កូរ៉េខាងត្បូង៖ ថ្ងៃនេះជាថ្ងៃដំបូងហើយ ដែលវ៉ាក់សាំងកូវីដ-១៩ ដំបូងគេត្រូវបានដឹកជញ្ជូនសម្រាប់ចែកចាយបន្តទៅកាន់ទីតាំងផ្តល់វ៉ាក់សាំងកូវីដទូទាំងប្រទេស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ នេះបើតាមការចែកចាយព័ត៌មាន និងរូបភាពជាច្រើនបន្តបន្ទាប់ ពីសារព័ត៌មានក្នុងស្រុកកូរ៉េ អំពីសកម្មភាពដឹកជញ្ជូនវ៉ាក់សាំងដ៏សំខាន់នេះ។
សម្រាប់វ៉ាក់សាំងដែលកំពុងត្រូវបានធ្វើការដឹកជញ្ជូនចែកចាយ និងត្រៀមសម្រាប់កម្មវិធីចាក់វ៉ាក់សាំងមុនគេបង្អស់នោះ ជាវ៉ាក់សាំងរបស់អង់គ្លេស របស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតផ្ទាល់ដោយរោងចក្រផលិតឱសថក្នុងស្រុកធំមួយគឺ ក្រុមហ៊ុន SK Bioscience ដែលជាក្រុមហ៊ុនឱសថទទួលបានសិទ្ធិផលិតផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ វ៉ាក់សាំងនេះត្រូវបានដឹកចេញពីចេញពីមជ្ឈមណ្ឌលផលិតវ៉ាក់សាំង ក្រុងអាន់តុង ខេត្តក្យង់សាងប៊ុកដូ ដើម្បីបន្តចែកចាយទៅកាន់មណ្ឌលចាក់វ៉ាក់
សាំងទូទាំងប្រទេស រយៈពេល៥ថ្ងៃ។
វ៉ាក់សាំងដំបូងគេនឹងត្រូវផ្តល់អាទិភាពដល់បណ្តាបុគ្គលិក និងអ្នកជំងឺនៅតាមមន្ទីរពេទ្យ មណ្ឌលចាស់ជរា មណ្ឌលស្តារនីតិសម្បទាជាដើមមុនគេ តែមិនត្រូវបានផ្តល់ជូនអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនោះទេ ដោយសារតែនៅមានកង្វះខាតទិន្នន័យបញ្ជាក់ពីសុវត្ថិភាពរបស់វ៉ាក់សាំងចំពោះក្រុមមនុស្សអាយុពី៦៥ឆ្នាំឡើងទៅនេះ។
ក្នុងនោះដែរ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងក៏បានបញ្ជាក់នៅព្រឹកនេះថា ដំណាក់កាលនៃដឹកជញ្ជូនដំបូងបង្អស់នៃវ៉ាក់សាំងកូវីដនៅថ្ងៃនេះ នឹងក្លាយជាដំណាក់កាលជំហានដំបូងបង្អស់សម្រាប់កូរ៉េខាងត្បូងអាចវិលត្រឡប់ទៅរកសភាពប្រក្រតីវិញ មុនពេលមានស្ថានការណ៍កូវីដ ហើយអជ្ញាធរជំនាញបានរៀបចំនូវផែនការយ៉ាងលម្អិតតំាងពីផែនការសុវត្ថិភាព ការរៀបចំដឹកជញ្ជូន ការរៀបចំស្តុកទុក និងផែនការសម្រាប់ការចែកចាយផងដែរ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដពីក្រុមហ៊ុនធំៗចំនួន៥មាន ក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ក្រុមហ៊ុន Pfizer, Moderna, Johnson & Johnson និង Novavax របស់សហរដ្ឋអាម៉េរិក រួមនឹងវ៉ាក់សាំងពីកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។